ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ ៥៤០នាក់ (២២សញ្ជាតិ) ចេញពីប្រទេស

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សម្រេច​បណ្ដេញ​ជនបរទេស​ខុសច្បាប់​សរុប​ចំនួន ៥៤០​នាក់ (​ស្រី ១១៥​នាក់​) មាន​២២​សញ្ជាតិ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល​១១​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៦ ។

ប្រភព​បាន​លើក​ឡើង​ថា ការ​អនុវត្ត​នេះ​ធ្វើ​ឡើង​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម​សន្តិ​បណ្ឌិត និង​ក្រោម​ការ​ចាត់តាំង​ដោយ​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចាត់​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្ត​អនុវត្ត​នីតិវិធី​បណ្ដេញចេញ​ជនបរទេស​ខុសច្បាប់​ជា​បន្តបន្ទាប់ ។

ជនបរទេស​ទាំង ២២​សញ្ជាតិ រួម​មាន ៖ ឥណ្ឌូ​នេ​ស៊ី​, វៀតណាម​, ចិន​, ហ្វី​លី​ពី​ន​, ថៃ​, ប៉ា​គី​ស្ថាន​, នី​ហ្សេ​រី​យ៉ា​, បង់​ក្លា​ដេ​ស​, កូរ៉េ​, កា​មេ​រូ​ន​, ចិនតៃវ៉ាន់​, យ៉ូ​ហ្គ​ង់​ដា​, រុ​ស្ស៊ី​, អង់គ្លេស​, ម៉ា​ឡេ​ស៊ី​, លី​ប៊េ​រី​យ៉ា​, សេ​រ៉ា​ឡេ​អូន​, ឡាវ​, ឥណ្ឌា​, កា​ហ្សា​ក់​ស្ថាន​, ហ្គា​ណា​, អ៊ូ​បេ​គី​ស្ថាន ។

ក្នុង​ចំណោម​នោះ មាន ៖ -​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ចំនួន ១៤៤​នាក់ (​ស្រី ១៦​នាក់​) ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ត្រូវ​បាន​បណ្ដេញចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ។ -​ជនជាតិ​វៀតណាម ចំនួន ៣៦​នាក់ (​ស្រី ១២​នាក់​) ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ត្រូវ​បាន​បណ្ដេញចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង (​ខេត្ត​ត្បួ​ង​ឃ្មុំ​)​។

ចំណែក​ជនបរទេស​ផ្សេង​ៗ​ទៀត ត្រូវ​បាន​បណ្ដេញចេញ​បន្ទាប់​ពី​សមត្ថកិច្ច​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ជា ៖ ការ​លួច​ឆ្លង​ដែន​ខុសច្បាប់​, បន្លំ​ឯកសារ​, ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន​, ចាប់ជំរិត​ទារប្រាក់​, ប្រើប្រាស់​ទិដ្ឋាការ​ក្លែងក្លាយ (QR Code ក្លែងក្លាយ​), ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​, ធ្វើ​ការងារ​ខុសច្បាប់ និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេង​ៗ​ទៀត ត្រូវ​បាន​បណ្ដេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ។

ប្រតិបត្តិការ​បណ្ដេញចេញ​ជនបរទេស​ខុសច្បាប់​នេះ គឺជា​ការ​អនុវត្ត​តាម​បទបញ្ជា និង​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កន្លង​មក​សម្ដេច​ធិ​បតី​ធ្លាប់​បាន​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​ថា ៖ «​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋជន ឬ​ជន​ខុសច្បាប់​ប្រើប្រាស់​ទឹកដី​កម្ពុជា ជាទី​តាំងធ្វើ​សកម្មភាព​ឆបោក ឬ​ប្រព្រឹត្ត​បទល្មើស​បង្ក​អសន្តិសុខ​ដល់​តំបន់ និង​ពិភពលោក​ឡើយ ។

អាជ្ញាធរ​ត្រូវ​តែ​បន្ត​បោសសម្អាត បង្ក្រាប និង​បណ្ដេញចេញ​ដោយ​គ្មាន​ការ​លើកលែង ដើម្បី​ការពារ​កិត្តិយស និង​សន្តិសុខ​ជាតិ​» ។ ផ្អែក​លើ​ស្មារតី​នេះ និង​ក្រោម​ការ​ដឹកនាំ​តម្រង់​ទិស​ដោយ​ផ្ទាល់​ពី ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កម្លាំង​សមត្ថកិច្ច​បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ស្រាវជ្រាវ​បង្ក្រាប​ដល់​មេខ្លោង និង​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​បោក​បញ្ឆោត​ឱ្យ​ទទួល​បាន​សេរីភាព និង​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដោយ​សុវត្ថិភាព ៕