លោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ជំរុញឲ្យគ្រូពេទ្យឯកទេសវ័យក្មេងយកចិត្តទុកដាក់លើជំងឺសួតនិងផ្លូវដង្ហើម។

លោកបានអះអាង នៅក្នុងពិធីបើក «សន្និសីទប្រចាំឆ្នាំលើកទី៧ របស់សមាគមគ្រូពេទ្យសួតកម្ពុជា»កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ថា ឯកទេសជំងឺសួត និងផ្លូវដង្ហើម គឺជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធសុខាភិបាលដោយសារជំងឺទាំងនេះអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសមត្ថភាពការងារ ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ។
លោកបានអះអាងថា ការពង្រឹងសមត្ថភាពអ្នកជំនាញ និងការអភិវឌ្ឍសេវាពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺប្រកបដោយគុណភាព គឺជាកត្តាចាំបាច់ក្នុងការឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាជន ។
លោកបានបន្ថែមថា ការរីកចម្រើនក្នុងវិស័យវេជ្ជសាស្ត្រ មិនមែនពឹងផ្អែកតែលើបច្ចេកវិទ្យា និងឧបករណ៍ទំនើបប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការអភិវឌ្ឍវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងព្យាបាលថ្មីៗ ការអនុវត្តវេជ្ជសាស្ត្រផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ព្រមទាំងកិច្ចសហការរវាងអ្នកជំនាញពហុឯកទេស ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងមនុស្សធម៌ក្នុងការថែទាំអ្នកជំងឺ ។
នៅប្រទេសកម្ពុជា ជំងឺសួត និងផ្លូវដង្ហើម គឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយ ដែលតែងតែកើតមានឡើងជាញឹកញាប់ ជាពិសេសក្នុងចំណោម កុមារតូចៗ និងមនុស្សចាស់ ៕
ចែករំលែកព័តមាននេះ