រត់មិនរួចទេ! ក្រុមចោរប្ល.ន់ម៉ូតូនៅចោមចៅ ត្រូវនគរបាលដេញតាមចា.ប់បាន ៣នាក់ តាមរយៈប្រព័ន្ធ GPS
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ចោរប្លន់១ក្រុម មានគ្នាចំនួន៥នាក់ បានចេញធ្វើសកម្មភាពវាយយុវជនម្នាក់ប្លន់យកម៉ូតូ១គ្រឿងបានសម្រេចបន្ទាប់មកបានជិះគេចខ្លួនទៅលក់ ។ ប៉ុន្តែត្រូវបាននគរបាល និងមិត្តភក្ដិយុវជនរងគ្រោះដេញតាមរយៈការចង្អុលបង្ហាញពីប្រព័ន្ធតាមដាន GPS រហូតទាន់ក៏ឃាត់ខ្លួនបាន៣នាក់ រីឯបក្ខពួក២នាក់ទៀតគេចខ្លួនបាត់ ។

សកម្មភាពចោរវាយប្លន់ម៉ូតូខាងលើនោះបានកើតឡើង កាលពីវេលាម៉ោង០២និង១០នាទីយប់រំលងអធ្រាត្រ ឈានថ្ងៃទី០១ ខែវិឆ្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុងត្រង់ចំណុចច្រកចូលផ្ទះសំណាក់៣ដុល្លារ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចោរដែលត្រូវនគរបាលឃាត់ខ្លួនបាននោះ១.ឈ្មោះ រឹម សុធារ៉ាម អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងការស្នាក់នៅមិនពិតប្រាកដ ។ ២.ឈ្មោះ ម៉ែន ពិសិដ្ឋ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ៣.ឈ្មោះ ហឿន មិនា អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រីឯបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួននោះម្នាក់ឈ្មោះ អាហេង អាយុប្រមាណ១៨ឆ្នាំ ស្នាក់នៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ និងម្នាក់ទៀតឈ្មោះ អាឡុង អាយុប្រមាណ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

យុវជនរងគ្រោះឈ្មោះ វិត ចិន អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ស្ថិតនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែក ម៉ូតូដែលត្រូវក្រុមចោរប្លន់យកនោះម៉ាក Honda Dream C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1MO-8474 មានបំពាក់ប្រព័ន្ធតាមដានសុវត្ថិភាព GPS និងត្រូវបាននគរបាលដកហូតយកបានប្រគល់ជូនម្ចាស់វិញហើយ ។
ក្រៅពីនេះ នគរបាលបានធ្វើការដកហូតវត្ថុតាងមួយ ចំនួនពីក្រុមចោររួមមាន ទូរសព្ទ័ម៉ាក ViVO ១គ្រឿង,ម៉ាកI phone 7 ១គ្រឿង និងម៉ាក I phone 8 ១គ្រឿង
,ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1lX-6750 ១គ្រឿង ដែលវត្ថុតាងទាំងអស់នោះ គឺជារបស់ជនសង្ស័យខាងលើ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុយុវជនរងគ្រោះ បានជិះម៉ូតូដើរលេង ក្រោយមកបានបបួលមិត្តភក្ដិរៃលុយគ្នាទៅដេកនៅផ្ទះសំណាក់៣ដុល្លារនៅចំណុចកើតហេតុខាងលើ ។ ប៉ុន្តែខណៈពេលកំពុងឈប់ម៉ូតូនៅតាមផ្លូវចូលផ្ទះសំណាក់ ក៏ស្រាប់តែក្រុមចោរខាងលើជិះម៉ូតូទៅដល់យកដុំថ្មវាយប្លន់យកម៉ូតូ ។ លុះពេលប្លន់បានសម្រេច ក្រុមចោរបានជិះគេចខ្លួន ពេលនោះមិត្តភក្ដិជនរងគ្រោះបានជិះម៉ូតូដេញតាមក្រុមចោរ ចំណែកយុវជនរងគ្រោះបានទៅប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី១ ឲ្យជួយអន្តរាគមន៍ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះនគរបាលបានចេញប្រដេញតាមរយៈការចង្អុលបង្ហាញទិសដៅចោរពីប្រព័ន្ធតាមដានសុវត្ថិភាព GPS រហូតដល់មុខវត្តព្រែកលៀប ស្ថិតនៅតាមផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទើបតាមទាន់ ។ នគរបាលក៏ឃាត់ខ្លួនចោរបាន៣នាក់ ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់ បន្ទាប់មកនគរបាលបាននាំចោរ៣នាក់នោះទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។
ក្រុមចោរបានសារភាពប្រាប់នគរបាលថា ក្រោយប្លន់ម៉ូតូខាងលើបាន ពួកខ្លួនបានជិះយកទៅលក់នៅម្ដុំផ្សារឃ្លាំងរំសេវ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប៉ុន្តែពេលទៅដល់ទីតាំងលក់នោះ បានបិទទ្វារបាត់ទៅហើយ ទើបជិះបន្តដំណើរឆ្លងស្ពានជ្រោយចង្វារទៅតាមផ្លូវជាតិលេខ៦អា ដើម្បីយកទៅលក់នៅម្ដុំផ្សារស្គន់ ខេត្តកំពង់ចាម ហើយត្រូវនគរបាលតាមទាន់ឃាត់ខ្លួនតែម្ដង ៕
ចែករំលែកព័តមាននេះ