ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈដែលខ្មែរជាច្រើនចូលចិត្តញ៉ាំ អាចពាក់ព័ន្ធនឹងអាយុវែង និងសុខភាពបេះដូង!

3 អាទិត្យ មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស កាហ្វេមិនត្រឹមតែជាភេសជ្ជៈដែលជួយឱ្យមានអារម្មណ៍ភ្ញាក់ស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារធាតុផ្សេងៗ ដូចជា ប៉ូលីហ្វេណុល និងនីអាស៊ីន ដែលត្រូវបានសិក្សាពីអត្ថប្រយោជន៍ចំពោះសុខភាព។ ការស្រាវជ្រាវមួយចំនួនបានរកឃើញទំនាក់ទំនងរវាងការផឹកកាហ្វេក្នុងកម្រិតសមរម្យ និងហានិភ័យទាបនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។

ការសិក្សាមួយរបស់អ្នកវិទ្យាសាស្ត្រជប៉ុន ដែលបានតាមដានមនុស្សពេញវ័យចំនួន ៨៣ ២៦៩នាក់ ក្នុងរយៈពេលជាមធ្យម ១៣ឆ្នាំ បានរកឃើញថា អ្នកដែលផឹកកាហ្វេយ៉ាងហោចណាស់មួយពែងក្នុងមួយថ្ងៃ មានហានិភ័យដាច់សរសៃឈាមខួរក្បាលទាបជាងប្រមាណ ២០ភាគរយ បើប្រៀបធៀបនឹងអ្នកដែលមិនផឹក។ ចំណែកហានិភ័យដាច់សរសៃឈាមខួរក្បាលដោយការហូរឈាម ក៏ទាបជាងប្រមាណ ៣២ភាគរយផងដែរ។

លើសពីនេះ ការវិភាគសិក្សាស្រាវជ្រាវចំនួន ៨៥ ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Ageing Research Reviews បានរកឃើញថា អ្នកដែលផឹកកាហ្វេជាមធ្យមប្រមាណ ៣ពែងក្នុងមួយថ្ងៃ មានអាយុរស់នៅខ្ពស់ជាងអ្នកមិនមានទម្លាប់ផឹកកាហ្វេប្រមាណ ១,៨ឆ្នាំ។ ការសិក្សានេះក៏បានរកឃើញទំនាក់ទំនងរវាងការផឹកកាហ្វេ និងសុខភាពបេះដូង ប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធការពាររាងកាយ និងហានិភ័យទាបនៃជំងឺមួយចំនួនផងដែរ។

ទោះជាយ៉ាងណា ការផឹកកាហ្វេច្រើនពេកអាចបង្កឱ្យគេងមិនលក់ បេះដូងលោតញាប់ ញ័រអារម្មណ៍ និងរំខានដល់ការរំលាយអាហារ។ ដើម្បីចៀសវាងផលរំខាន គួរផឹកក្នុងបរិមាណសមស្របតាមសុខភាពរបស់ខ្លួន ដោយអាចយកមួយទៅពីរពែងក្នុងមួយថ្ងៃជាកម្រិតយោង ហើយជៀសវាងផឹកនៅពេលល្ងាច ឬជិតម៉ោងចូលគេង។ អ្នកដែលងាយប្រតិកម្មនឹងជាតិកាហ្វេអ៊ីន គួរបន្ថយបរិមាណផឹក។

សរុបមក ការផឹកកាហ្វេក្នុងកម្រិតសមរម្យអាចពាក់ព័ន្ធនឹងអត្ថប្រយោជន៍ចំពោះសុខភាពបេះដូង ការកាត់បន្ថយហានិភ័យដាច់សរសៃឈាមខួរក្បាល និងអាយុរស់នៅ។ ប៉ុន្តែ លទ្ធផលសិក្សាទាំងនេះបង្ហាញពីទំនាក់ទំនង មិនមែនបញ្ជាក់ថាកាហ្វេជាថ្នាំការពារជំងឺ ឬអាចធ្វើឱ្យមនុស្សរស់នៅបានយូរដោយផ្ទាល់នោះទេ។ ដូច្នេះ គួររួមបញ្ចូលការញ៉ាំអាហារមានតុល្យភាព ការហាត់ប្រាណទៀងទាត់ ការគេងឱ្យបានគ្រប់គ្រាន់ និងការជៀសវាងការជក់បារី ដើម្បីថែរក្សាសុខភាពរយៈពេលវែង៕