ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តតាកែវ រៀបចំ​ពិធីសែនក្រុងពាលី​ប្រារព្ធ​ពិធីបុណ្យ​អុំទូក និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ “​រូបសំណាក​បង្កង​” ជា​ផ្លូវការ

3 ថ្ងៃ មុន

ខេត្តតាកែវ ៖ នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៦ លោក យស់ ណា​ស៊ី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ ព្រមទាំង​លោកស្រី បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង “ ពិធីសែនក្រុងពាលី ”​បួងសួង​សុំ​សេចក្តីសុខ សេចក្តីចម្រើន សម្រាប់​ការ​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ថ្នាក់​ខេត្ត ព្រមទាំង​ពិធី​សម្ពោធ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ “​រូបសំណាក​បង្កង​” តំណាង​ឱ្យ​ខេត្តតាកែវ ។

ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​បរិវេណ​សួនច្បារ​មាត់បឹង​តាកែវ ដោយ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ និង​ក្រុម​កីឡាករ​-​កីឡាការិនី​ចំណុះ​ទូក​ទាំង អស់ ។

ចំពោះ​ការ​សម្ពោធ “​រូបសំណាក​បង្កង​” នា​ពេល​នេះ គឺជា​សមិទ្ធផល​ថ្មីស្រឡាង​មួយទៀត ដែល​មិន​ត្រឹមតែ​លើកកម្ពស់​សោភ័ណ​ភាព​ក្រុង​ដូន​កែវ ឱ្យ​កាន់តែ​ស្រស់បំព្រង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​សញ្ញា​សំគាល់​តំណាង​ខេត្ត ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ឱ្យមក​ទស្សនា​កម្សាន្ត និង​ភ្លក្ស​រសជាតិ​បង្កង់​ធម្មជាតិ ដ៏​ល្បីល្បាញ​របស់​ខេត្តតាកែវ​យើង​ផង​ដែរ​៕​