ទីក្រុងកៀវ៖ រដ្ឋាភិបាលរបស់លោកដូណាល់ត្រាំថ្លែងថាខ្លួនបានអនុម័តលើកិច្ចព្រមព្រៀងលក់ប្រព័ន្ធការពារដែនអាកាសម៉ាកផេទ្រាតតម្លៃ២,១ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនចោទប្រកាន់ថាមន្ទីរបញ្ចកោណពន្យារពេលបញ្ជូនប្រព័ន្ធមីស៊ីលនេះទៅអ៊ុយក្រែន។ មានតែមីស៊ីលនេះប៉ុណ្ណោះអាចបាញ់ទម្លាក់មីស៊ីលបាលីស្ទីកដ៏ទំនើបរបស់រុស្ស៊ី។ ក្រសួងការបរទេសអាមេរិកថ្លែងថាមីស៊ីលផេទ្រាត៥០០គ្រាប់កំពុងត្រូវបានបញ្ជាទិញដើម្បីបញ្ជូនទៅអ៊ុយក្រែន។

នោះជាអំណោយពីប្រទេសកាណាដា អាល្លឺម៉ង់ និងន័រវេតាមរយៈកម្មវិធីរបស់អាមេរិក។ ដូច្នេះ គ្មានចំនួនទឹកលុយរបស់អាមេរិកសូម្បីតែមួយកាក់មួយសេនចូលរួមចំណែកនៅក្នុងការផ្ដល់ជំនួយនេះទេ។ ក្រសួងការបរទេសសរសេររៀបរាប់នៅក្នុងសេចក្ដីប្រកាសថាការលក់មីស៊ីលលើកនេះនឹងគាំទ្រគោលនយោបាយការបរទេស និងគោលដៅពង្រឹងសន្តិសុខជាតិរបស់អាមេរិកតាមរយៈការពង្រឹងសន្តិសុខរបស់ក្រុមប្រទេសជាដៃគូរបស់អាមេរិកដែលជាកម្លាំងចលករជួយធ្វើឱ្យមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅអឺរ៉ុប។

លោកហ្សេឡិនស្គីបានចេញសេចក្ដីព្រមាននៅខែតុលានេះថាប្រទេសរបស់លោកប្រើប្រាស់គ្រាប់រំសេវជិតអស់រលីងពីក្នុងឃ្លាំងហើយក្នុងការតតាំងជាមួយការវាយប្រហាររបស់រុស្ស៊ី។ ការថ្លែងដូច្នេះនៅពេលភាពតានតឹងរវាងលោក និងលោកត្រាំកំពុងតែឡើងកម្ដៅ។ ការឡើងកម្ដៅនេះកើតមានឡើងបន្ទាប់ពីអាមេរិក និងរុស្ស៊ីចុះកិច្ចព្រមព្រៀងទិញ-លក់ប្រទេសម៉ាស៊ូត ដូច្នេះវាជាការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់លើរុស្ស៊ី។ បញ្ហានេះធ្វើឱ្យលោកហ្សេឡិនស្គីរិះគន់ និងអះអាងថានេះជាពេលដែលត្រូវដាក់សម្ពាធលើរុស្ស៊ី មិនមែនជាពេលបន្ធូរបន្ថយសម្ពាធនោះទេ។ ពាក្យសម្ដីនេះធ្វើឱ្យលោកត្រាំខឹងសម្បារ និងអំពាវនាវឱ្យប្រជាជនអ៊ុយក្រែនដកមេដឹកនាំរបស់ខ្លួនពីតំណែង ហើយដាក់អ្នកផ្សេងជំនួសវិញ។

មេដឹកនាំអ៊ុយក្រែនរូបនេះចោទប្រកាន់ថាមន្ទីរបញ្ចកោណពន្យារពេលបញ្ជូនគ្រាប់មីស៊ីលទៅអ៊ុយក្រែន ខណៈដែលប្រទេសមួយចំនួនដែលចង់ផ្ដល់មីស៊ីលទាំងនោះទៅអ៊ុយក្រែនបានទិញរួចហើយ។ លោកក៏បានអះអាងផងដែរថាអាមេរិកផ្ដាកផ្ដល់ព័ត៌មានសម្ងាត់ដើម្បីឱ្យសញ្ញាទុកជាមុនពីការត្រៀមវាយប្រហារទៅលើទីតាំងណាខ្លះ។ ចំណែកសេវាអ៊ីនធឺណិតតាមផ្កាយរណបស្តាលីងក៏ត្រូវបន្ថយល្បឿនផងដែរ។ ប៉ុន្តែក្រោយមក ព័ត៌មានសម្ងាត់ និងសេវារបស់ស្តាលីងត្រូវបានដំឡើងដូចដើមឡើងវិញ៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ