ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​លេខ​៧៨C ក្នុងស្រុក​សៀម​ប៉ា​ង សម្រេចការ​ជួសជុល​បាន​៩០% ក្រោយ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ក្នុង​រដូវវស្សា ខណៈ​គម្រោង​ចាក់​កៅស៊ូ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស្នើ​សុំ​ថវិកា

2 អាទិត្យ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ក្រោយ​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រដូវវស្សា បណ្តាល​ឱ្យ​កំណាត់​ផ្លូវ​ដីក្រហម​លេខ​៧៨​សេ (78C) មាន​សភាព​ជង្ហុក​ជ្រៅ និង​ភក់ជ្រាំ បង្ក​ការ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​នោះ គិត​មក​ដល់​ពេល​នេះ ការងារ​ជួសជុល និង​ថែទាំ​ផ្លូវ​ប្រវែង​៤៥​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ដុ​ងក្រឡ ឆ្ពោះទៅ​ស្រុក​សៀម​ប៉ា​ង សម្រេច​បាន​ប្រមាណ​៩០% ហើយ ។

ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​កំណាត់​ផ្លូវ​នេះ​បានឱ្យ​ដឹង​ថា ក្នុង​រដូវវស្សា​កន្លង​មក ជា​ពិសេស អំឡុង​ខែកញ្ញា ឆ្នាំ​២០២៦ ផ្លូវ​បាន​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង ដោយ​មាន​ជង្ហុក និង​ភក់ជ្រាំ​នៅ​តាម​ចំណុច​មួយ​ចំនួន បណ្តាល​ឱ្យ​យានយន្ត​តូច​ធំ​ជាប់ផុង និង​ពិបាកធ្វើ​ដំណើរ​ឆ្លងកាត់ ។ ស្ថានភាព​នេះ បាន​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ ការ​ដឹក​ជញ្ជូន​កសិផល និង​សកម្មភាព​​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ។

លោក ស គឹ​ម​ណាត ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តស្ទឹងត្រែង​បានឱ្យ​ដឹង​ថា ផ្លូវ​លេខ​៧៨​សេ មាន​ប្រវែង​សរុប​៤៥​គីឡូម៉ែត្រ ហើយ​ត្រូវ​បាន​ដាក់​ក្នុង​ផែនការ​ថែទាំ​ប្រចាំឆ្នាំ​ចំនួន​ពីរ​ដង ។ ទោះជា​យ៉ាងណា ដោយសារ​ឆ្នាំ​២០២៦ មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹកជំនន់ រួម​ផ្សំ​នឹង​ការ​ធ្វើ​ចរាចរណ៍​របស់​រថយន្ត​ធុន​ធ្ងន់​ដឹក​សម្ភារ​សំណង់​មួយ​ចំនួន បាន​ធ្វើ​ឱ្យ​ផ្លូវ​ដីក្រហម​នេះ​ទទួល​រង​ការ​ខូចខាត​ខ្លាំង​ជាង​ឆ្នាំ​កន្លង​ទៅ ។ លោក​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​បានការ​លំបាក និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ អាជ្ញាធរ និង​មន្ទីរ​ជំនាញ​បាន​ចាត់​បញ្ជូន​គ្រឿងចក្រ​ចុះ​ធ្វើការ​ជួសជុល និង​កែ​លម្អ​ស្ថានភាព​ផ្លូវ​ឡើង​វិញ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ខេត្ត​ក៏​បាន​ជំរុញ​ឱ្យ​មានការ​ចាត់វិធានការ​គ្រប់គ្រង​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ ដើម្បី​បង្ការ​ការ​ដឹក​លើស​ទម្ងន់ ដែល​អាច​បង្ក​ការ​ខូចខាត​ដល់​ផ្លូវ​បន្ថែម​ទៀត ។ ប្រធាន​មន្ទីរ​រូប​នេះ​បាន​បន្ថែម​ថា បច្ចុប្បន្ន ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ព្រមទាំង​រដ្ឋបាល​ខេត្ត កំពុង​ខិតខំ​ស្នើ​សុំ​គម្រោង​ថវិកា​ពី​ធនាគារ​ចិន ដើម្បី​សាងសង់​កំណាត់​ផ្លូវ​នេះ​ជា​ផ្លូវ​កៅស៊ូ​ប្រភេទ DBST​។ ទោះបី​មិន​ទាន់​មានការ​កំណត់​ពេលវេលា​ច្បាស់លាស់​សម្រាប់​ការ​អនុវត្ត​គម្រោង​ក៏​ដោយ ក៏​ភាគី​ពាក់ព័ន្ធ​កំពុង​បន្ត​ជំរុញ​នីតិវិធី​ស្នើ​សុំ​ថវិកា ដើម្បី​ឱ្យ​គម្រោង​នេះ អាច​លេច​ចេញ​ជា​រូបរាង​នា​ពេល​ខាង​មុខ ។

ដោយឡែក លោក សន សា​រឿ​ន អភិបាលស្រុក​សៀម​ប៉ា​ង​បាន​បញ្ជាក់​ថា កំណាត់​ផ្លូវ​លេខ​៧៨​សេ ចាប់ពី​ចំណុច​ផ្លូវបំបែក​ដុ​ង​ក្រឡ រហូត​ដល់​តំបន់​ទន្លេ មាន​ប្រវែង​សរុប​៤៥​គីឡូម៉ែត្រ ហើយ​ការងារ​កៀរ សម្អាត និង​ជួសជុល​កែ​លម្អ​ផ្លូវ សម្រេច​បាន​ប្រមាណ ៩០% ហើយ ។

លោក​បាន​ចាត់​ទុក​ផ្លូវ​នេះ​ថា ជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​មាន​សារសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុក​សៀម​ប៉ា​ង ជា​ពិសេស ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីរួមខេត្ត និង​ការ​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ ។ ជាក់ស្តែង ផ្លូវ​លេខ​៧៨​សេ មិន​ត្រឹមតែ​ជា​ផ្លូវ​សម្រាប់​ការ​ធ្វើ​ដំណើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់ ដែល​ត​ភ្ជាប់​ស្រុក​សៀម​ប៉ា​ង​ទៅ​កាន់​ទី​រួម​ខេត្តស្ទឹងត្រែង និង​តំបន់​ក្រុង​បាន​លុង ខេត្តរតនគិរី ដោយ​រួមចំណែក​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​កសិផល ការ​ធ្វើ​ដំណើរ​របស់​សិស្សានុសិស្ស និង​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​តំបន់​នានា​។

ការ​ជួសជុល​ផ្លូវ​ក្នុង​ដំណាក់កាល​បច្ចុប្បន្ន គឺជា​វិធានការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខខណៈ​ការ​ប្រែក្លាយ​ផ្លូវ​ដីក្រហម​ប្រវែង​៤៥​គីឡូម៉ែត្រ​នេះ ទៅ​ជា​ផ្លូវ​កៅស៊ូ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ដំណោះស្រាយ​រយៈពេល​វែង ដើម្បី​កាត់​បន្ថយ​ការ​លំបាក​ក្នុង​រដូវវស្សា បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ដឹក​ជញ្ជូន និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរឡើង​។

យ៉ាងណា​ក៏​ដោយ ប្រជាពលរដ្ឋ​នៅ​ស្រុក​សៀម​ប៉ា​ង នៅ​តែ​រង់ចាំ​ការ​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ​កៅស៊ូ​នេះ​ឱ្យ​បាន​ឆាប់ ដើម្បី​ទទួល​បាន​ផ្លូវ​ធ្វើ​ដំណើរ​ដែល​មាន​ភាព​ងាយស្រួល និង​មាន​និរន្តរភាព ជា​ពិសេស ក្នុង​រដូវវស្សា​ដែល​តែងតែ​បង្ក​ជា​ឧបសគ្គ​ដល់​ការ​ធ្វើ​ដំណើរ និង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ពួក​គេ ៕