ទីក្រុងវ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់នៅក្រសួងការពារជាតិអាមេរិក (មន្ទីរបញ្ចកោណ) បានស្នើសុំឱ្យរដ្ឋជាសមាជិកអង្គការណាតូមួយចំនួនកុំសូវបំផ្លោងវោហារសាស្ត្រខ្លាំងៗពេកពាក់ព័ន្ធនឹងករណីដែលពួកគេព្រួយបារម្ភថារុស្ស៊ីគំរាមកំហែងចំពោះពួកគេ។ មន្ទីរបញ្ចកោណលើកទឡ្ហីករណ៍ថាសេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអឺរ៉ុប និងមន្ត្រីរដ្ឋាភិបាលអឺរ៉ុបខ្លះបានធ្វើឱ្យប៉ះពាល់ខ្លាំងចំពោះសន្តិសុខនៅទ្វីបនេះ។ ខាងលើនេះជាការអះអាងរបស់មន្ត្រីរដ្ឋាភិបាលបួននាក់ដែលដឹងកិច្ចការផ្ទៃក្នុង និងបានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដោយស្នើសុំមិនបញ្ចេញឈ្មោះ។

នៅក្នុងចំណោមប្រទេសនានាដែលទទួលបានពាក្យផ្ដាំផ្ញើពីមន្ទីរបញ្ចកោណដើម្បីជំរុញឱ្យពួកគេពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងចេញសេចក្ដីថ្លែងការណ៍នោះមាន៖ ប្រទេសលីទុយអានី ឡាតវី និងអេស្តូនី។ ប្រទេសទាំងបីនេះស្ថិតនៅតំបន់បាល់ទិច។ គេមិនទាន់ដឹងឱ្យប្រាកដថាតើសារដែលមន្ទីរបញ្ចកោណនិយាយជាលក្ខ ណៈស្នើសុំទៅប្រទេសទាំងបីនោះបានផ្ដាំផ្ញើបន្តទៅប្រទេសដទៃទៀតនៅអឺរ៉ុបដែរឬទេ។ ការស្នើសុំរបស់អាមេរិកលើកនេះកើតមានឡើងចំពេលដែលរដ្ឋបាលរបស់លោកដូណាល់ត្រាំចាប់ផ្ដើមការចរចាគ្នាជាថ្មីដើម្បីបិទបញ្ចប់សង្គ្រាមអ៊ុយក្រែនដែលនៅខ្វះត្រឹមតែប៉ុន្មានខែទៀតប៉ុណ្ណោះគម្រប់៥ឆ្នាំល្មម។

គេគិតថាចំណាត់ការចុងក្រោយរបស់អាមេរិកហាក់ដូចជាហុចគុណប្រយោជន៍សម្រាប់រុស្ស៊ីច្រើនណាស់ ឧទា ហរណ៍ដូចជាការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចជាដើម។ ប៉ុន្តែសម្រាប់អ៊ុយក្រែនវិញ អាមេរិកមិនត្រឹមតែមិនផ្ដល់មីស៊ីលការពារដែនអាកាសទេ ថែមទាំងប្រាប់ឱ្យអ៊ុយក្រែនបញ្ឈប់ការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី។ លោកត្រាំថាប្រេងឡើងថ្លៃដោយសារអ៊ុយក្រែនវាយប្រហារទីតាំងប្រេងរុស្ស៊ី។ នៅពេលស្នើសុំការឆ្លើយបំភ្លឺអំពីការផ្ដាំផ្ញើពាក្យពេចន៍របស់អាមេរិកជូនទៅថ្នាក់ដឹកនាំអឺរ៉ុប មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណប្រាប់ថាការសន្ទនាគ្នាជាលក្ខណៈឯកជននៅក្នុងចំណោមក្រុមសម្ព័ន្ធមិត្តគឺតែយ៉ាងដូច្នេះឯង។ ដូច្នេះ យើងគ្មានអ្វីត្រូវធ្វើអត្ថាធិប្បាយថែមថយទៀតទេ។

នៅក្នុងចំណោមពាក្យពេចន៍របស់ថ្នាក់ដឹកនាំអឺរ៉ុបដែលធ្វើឱ្យអាមេរិកចាប់អារម្មណ៍ខ្លាំងគឺពាក្យថារុស្ស៊ីកំពុងត្រូវបានរុញឱ្យនៅកន្លៀតជញ្ជាំង ហើយកំពុងតែត្រដរខ្យល់នៅពេលអំពើឈ្លានពានរបស់ខ្លួនសឹងតែនៅទ្រឹងមួយកន្លែង។ ប្រធានកិច្ចការនយោបាយនៃមន្ទីរបញ្ចកោណ លោកអែលប្រ៊ីច ខូលប៊ី (Elbridge Colby) ជាមន្ត្រីសំខាន់ម្នាក់ទទួលបន្ទុកខាងពិនិត្យមើលវត្តមានកងទ័ពអាមេរិកដែលឈរជើងនៅអឺរ៉ុប។ លោកជាមនុស្សម្នាក់ក្នុងចំណោមអ្នកឯទៀតដែលបានស្នើសុំយោបល់ឱ្យអឺរ៉ុបបង្អន់ការនិយាយវាយប្រហាររុស្ស៊ី។ ទោះជាយ៉ាងណាក្ដី ការសារសងគ្នានោះធ្វើឡើងដោយត្រជាក់ចិត្តនឹងគ្នាតែប៉ុណ្ណោះ ពោលគឺមិនមែននិយាយប្រទាំងប្រទើសដាក់គ្នានោះឡើយ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ