ប្រទេសអាហ្វហ្គានីស្ថាន៖ អាហ្វហ្គានីស្ថានកំពុងជំរុញការកែច្នៃធនធានរ៉ែក្នុងស្រុកពីវត្ថុធាតុដើមទៅជាផលិតផលសម្រេចដែលមានតម្លៃខ្ពស់ ដើម្បីទាក់ទាញអ្នកវិនិយោគ បង្កើតការងារ និងពង្រីកទីផ្សារនាំចេញ។ គោលដៅនេះត្រូវបានលើកឡើងក្នុងពិព័រណ៍រ៉ែឯកទេសលើកដំបូងរបស់ប្រទេស ដែលបើកនៅរដ្ឋធានីកាប៊ុល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។
ពិព័រណ៍រយៈពេល៤ថ្ងៃនេះមានការចូលរួមពីក្រុមហ៊ុន និងអ្នកជំនួញក្នុងវិស័យរ៉ែ ដើម្បីបង្ហាញផលិតផល ស្វែងរកដៃគូពាណិជ្ជកម្ម និងទាក់ទាញទុនវិនិយោគពីក្នុង និងក្រៅប្រទេស។ ផលិតផលដែលដាក់តាំងបង្ហាញរួមមានថ្មម៉ាប រ៉ែស័ង្កសី និងគ្រឿងអលង្ការធ្វើពីត្បូងមរកត ត្បូងទទឹម និងត្បូងឡាពីសឡាស៊ូលី។
អ្នកចូលរួមបានលើកឡើងថា ការកែច្នៃរ៉ែ និងត្បូងនៅក្នុងប្រទេស អាចបង្កើនតម្លៃផលិតផលបានច្រើនជាងការលក់ជាវត្ថុធាតុដើម។ ក្រុមហ៊ុនផលិតថ្មម៉ាបមួយនៅខេត្តហេរ៉ាត់ ដែលមានបទពិសោធជាង២៥ឆ្នាំ និងបុគ្គលិកប្រមាណ១៨០នាក់ កំពុងស្វែងរកអ្នកទិញបន្ថែមនៅទីផ្សារអន្តរជាតិ ខណៈអ្នកផលិតគ្រឿងអលង្ការក៏ចង់បង្ហាញសមត្ថភាពកែច្នៃត្បូងក្នុងស្រុកផងដែរ។
លោក ម៉ាវឡាវី អាប់ឌុល សាឡាម ហាណាហ្វី ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការរដ្ឋបាល បានចាត់ទុកពិព័រណ៍នេះជាមធ្យោបាយសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច តាមរយៈការទាក់ទាញការវិនិយោគ ពង្រឹងទំនាក់ទំនងជាមួយដៃគូអន្តរជាតិ និងបង្កើតឱកាសការងារ។ អាហ្វហ្គានីស្ថានសង្ឃឹមថា ការជំរុញការកែច្នៃរ៉ែក្នុងស្រុកនឹងជួយបង្កើនតម្លៃធនធានធម្មជាតិ និងពង្រីកការចូលរួមរបស់ប្រទេសក្នុងទីផ្សារអន្តរជាតិ៕
ចែករំលែកព័តមាននេះ