ខេត្តមណ្ឌលគិរី ៖ ដើម្បីលើកទឹកចិត្ត និងជំរុញការអនុវត្តកិច្ចការងារប្រចាំថ្ងៃរបស់មន្ត្រីរាជការ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ គីមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងភ្នាក់ងារល្បាត នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងផ្តល់ជូននូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនប្រភេទ ជូនដល់មន្ត្រីឧទ្យានុរក្ស និងភ្នាក់ងារល្បាតតាមដែនជម្រកទាំងប្រាំក្នុងខេត្ត ដើម្បីទុកប្រើប្រាស់ក្នុងការបំពេញភារកិច្ចការពារធនធានធម្មជាតិ ។
លោក គង់ គីមនី អភិបាលខេត្តមណ្ឌលគិរី បានផ្តល់អនុសាសន៍ណែនាំ និងផ្តាំផ្ញើដល់មន្ត្រីឧទ្យានុរក្ស និងមន្ត្រីរាជការទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការងារ ត្រូវចេះសហការគ្នាឱ្យបានជិតស្និទ្ធ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ទើបការបំពេញភារកិច្ចការពារព្រៃឈើ និងបរិស្ថានទទួលបានជោគជ័យ។ ត្រូវបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សា និងអភិរក្សព្រៃឈើ ព្រមទាំងជីវចម្រុះក្នុងខេត្តមណ្ឌលគិរីឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។ មន្ត្រីទាំងអស់ត្រូវប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ សុជីវធម៌ ក្នុងការប្រតិបត្តិការងារ និងការចុះទាក់ទងជាមួយប្រជាពលរដ្ឋ ។
លោកអភិបាលខេត្តបានបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សទាំងអស់ហើយពេលចុះប្រតិបត្តិការការងារ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងចេះទុកដាក់អាវុធឱ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុង និងបច្ចេកទេសសុវត្ថិភាព ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ ។
លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (ភាពស្អាត ភាពបៃតង និងចីរភាព) ព្រមទាំងការដឹកនាំដ៏ឈ្លាសវៃរបស់លោក គង់ គីមនី អភិបាលខេត្ត មន្ទីរបរិស្ថានខេត្តសម្រេចបានលទ្ធផលល្អជាច្រើន ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ កន្លងមកនេះ ។
លោកប្រធានមន្ទីរបន្តថា ទោះបីជាការងារសម្រេចបានលទ្ធផលធំធេងយ៉ាងណាក៏ដោយ មន្ទីរបរិស្ថាននៅតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដូចជាការប្រមាញ់សត្វព្រៃដាក់អន្ទាក់ ការកាប់ទន្ទ្រានដីព្រៃ និងការបោះចោលសំរាមពាសវាលពាសកាល។ តែមន្ទីរបរិស្ថានខេត្តបានប្តេជ្ញាចិត្តបន្តផ្សព្វផ្សាយក្រមបរិស្ថាន ពង្រឹងការអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែង សហការជិតស្និទ្ធជាមួយកងកម្លាំប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងសូមអំពាវនាវដល់សាធារណជនទាំងអស់ «កុំបរបាញ់សត្វព្រៃ ដាក់អន្ទាក់ កុំកាប់រានដីព្រៃ កុំរុករករ៉ែខុសច្បាប់ និងកុំបោះសំរាមចោលពាសវាលពាសកាល» ដើម្បីរួមគ្នាថែរក្សាកម្ពុជាឱ្យស្អាត បៃតង និងចីរភាពយូរអង្វែងទៅអនាគត៕












ចែករំលែកព័តមាននេះ