ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​រង​ផល​ប៉ះពាល់​ដោយសារ​សង្គ្រាម​ព្រំដែន​ជិត​១,០០០​គ្រួសារ ទទួល​បាន​ជំនួយ​ស្បៀងអាហារ ដើម្បី​ស្តារ​ជីវភាព

4 ថ្ងៃ មុន

ខេត្តព្រះវិហារ ៖ គ្រួសារ​រង​គ្រោះ​ដោយសារ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ចំនួន​៩៩៧​គ្រួសារ រស់នៅ​ក្នុង​ឃុំ​ចំនួន​០៣ នៃ​ខេត្តព្រះវិហារ ទទួល​បាន​ជំនួយ​ស្បៀងអាហារ​ជា​អង្ករ ដើម្បី​សម្រាល​ជីវភាព និង​លើកកម្ពស់​អាហារូបត្ថម្ភ​នៅ​ក្នុង​សហគមន៍ ។

ពិធី​ប្រគល់ និង​ទទួល​អំណោយ​នេះ បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តម ប្រាក់ គឹ​ម​ហុង អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ តំណាង​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដោយ​មានការ​ចូលរួម​ពី​លោក សុខ សាន្ត​ដា​រ៉ា អភិបាលរង​ខេត្តព្រះវិហារ លោកស្រី​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត តំណាង​អង្គការ WFP អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប ។

សកម្មភាព​មនុស្សធម៌​នេះ រៀបចំ​ឡើង​ដោយ​អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ សហការ​ជាមួយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​ពី​រាជរដ្ឋាភិបាល​ជប៉ុន តាម​រយៈ​គម្រោង “​ស្តារ​ជីវភាព និង​ពង្រឹង​អាហារូបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ​” ។

តាម​ប្រភព​ពី​មន្ត្រី​រៀបចំ​កម្មវិធី បានឱ្យ​ដឹង​ថា គ្រួសារ​ទទួលផល ដែល​ត្រូវ​បាន​ជ្រើសរើស​នា​ពេល​នេះ រួម​មាន ៖ ឃុំ​រំដោះ​ស្រែ ចំនួន៣៥០​​គ្រួសារ​. ឃុំ​ស្រអែម ចំនួន៣៥០​គ្រួសារ​. ឃុំ​កន្ទួត ចំនួន២៩៧​គ្រួសារ ។

ក្នុង​នោះ គ្រួសារ​នីមួយ​ៗ​ទទួល​បាន​អង្ករ​ចំនួន ៥០​គីឡូក្រាម ដើម្បី​ជួយ​សម្រួល​ដល់​ការ​ហូប​ចុក និង​កាត់​បន្ថយ​បន្ទុក​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ៕