ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៩​ខែ​ឆ្នាំ​២០២៦ មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា​ សម្រួល​បែបបទ​ជូន​ពលរដ្ឋ និង​រឹត​បន្តឹង​ឈាន​ទៅ​ទប់ស្កាត់ ឃាត់ខ្លួន​អ្នក​បម្រុង​នឹង​ឆ្លង​ដែន​ខុសច្បាប់​ជិត​៣​ពាន់​លើក

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៦​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​សម្រួល​បែបបទ​ចេញ​ទៅ​ធ្វើការ​ស្របច្បាប់​នៅ​ក្រៅប្រទេស តាម​រយៈ​ក្រុមហ៊ុន​នានា ជូន​ប្រជាពលរដ្ឋ​ខ្មែរ​សរុប​៥.៤១០​នាក់​។ នេះ​បើ​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ផ្ដល់​មក​កាន់​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ ។

ក្នុង​រយៈពេល​ដូច​គ្នា​នោះ អគ្គនាយកដ្ឋាន ក៏​បាន​ទទួល​ពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​បរទេស​បញ្ជូន​ត្រឡប់​មក​វិញ​សរុប​៥.៥៦៨​នាក់ ក្នុង​នោះ​មក​ពី​ប្រទេស​ថៃ​៤.៤៧៧​នាក់ ម៉ា​ឡេ​ស៊ី​៣៨៧​នាក់ ចិន​៣៣៤​នាក់ សាធារណរដ្ឋ​កូរ៉េ​១៩៩​នាក់ សហរដ្ឋ​អាម៉េរិក​៥៦​នាក់ វៀតណាម​៥៦​នាក់ សិង្ហ​បុរី​៣១​នាក់ ជប៉ុន​១៤​នាក់ ហ្វី​លី​ពី​ន​៨​នាក់ ឡាវ​៣​នាក់ និង​កា​ណា​ដា​៣​នាក់​ ។

ទន្ទឹម​គ្នា​នោះ មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា បាន​ទប់ស្កាត់​ពលរដ្ឋ​ខ្មែរ ២១៨​នាក់ មិន​ឱ្យធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស បន្ទាប់​ពី សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ​។

ក្នុង​ស្មារតី​ទទួលខុសត្រូវ​និង​ការ​យកចិត្តទុកដាក់​របស់​មន្ត្រី​នគរបាល​ប្រចាំការ​នៅ​តាម​បណ្ដា​ច្រក​ទ្វារ​ព្រំដែន ក្នុង​រយៈពេល​៩​ខែ​ដូច​គ្នា​នេះ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​បែបបទ​ចេញ​-​ចូល​ប្រទេស យ៉ាង​តឹង​រឹង​បំផុត ហើយ​ជា​លទ្ធផល បាន​រក​ឃើញ​បទល្មើស​សរុប​២.៩២១​លើក មាន​មនុស្ស​៥.២៦២​នាក់ ស្មើនឹង​៩៣​សញ្ជាតិ ក្នុង​នោះ​បទល្មើស​ដែល​ចូល​ប្រទេស​កម្ពុជា មាន​២.២៨៧​លើក ស្មើនឹង​មនុស្ស​៤.២៧១​នាក់ មក​ពី​៨៩​សញ្ជាតិ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​១០៣​នាក់ និង​ចាត់វិធានការ​បញ្ជូន​ត្រឡប់​ទៅ​វិញ​៤.១៦៨​នាក់​។ ចំពោះ​ជនសង្ស័យ​ជាង​៤​ពាន់​នាក់​ទៀត​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​ជា​អាទិ៍ មានឈ្មោះ​ក្នុង​បញ្ជី​មុខសញ្ញា ប្រើប្រាស់​លិខិតឆ្លងដែន​ក្លែងក្លាយ ប្រើប្រាស់​ស្ទីក​គ័​រ​ក្លែងក្លាយ ប្រថាប់ត្រា​ចេញ ចូល​ក្លែងក្លាយ ទិន្នន័យ​លើ​លិខិតឆ្លងដែន​ក្លែងក្លាយ ពុំ​មាន​គោលបំណង​ធ្វើ​ដំណើរ​ច្បាស់លាស់ និង​លិខិតឆ្លងដែន​ពុំ​មាន​សុពលភាព ​។

ដោយឡែក​បទល្មើស​ពាក់ព័ន្ធ​ការ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចេញពី​ប្រទេស មាន​៦៣៤​លើក ស្មើនឹង​មនុស្ស​៩៩១​នាក់ ត្រូវ​នឹង​២០​សញ្ជាតិ ក្នុង​នោះ មន្ត្រី​អន្តោប្រវេសន៍​បាន​ឃាត់​ដំណើរ​មិន​ឱ្យ​ចេញ និង​បញ្ជូន​ទៅ​តុលាការ​២៧០​នាក់ ព្រមទាំង​បញ្ជូន​អ្នកដំណើរ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ជា​ជន​រង​គ្រោះ​ឱ្យ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​មាន​៧២១​នាក់​។ អ្នក​ពាក់ព័ន្ធ​ទាំង​អស់នេះ ត្រូវ​បាន​រក​ឃើញ​ថា មានឈ្មោះ​ក្នុង​បញ្ជី​មុខសញ្ញា រត់ពន្ធ​មនុស្ស ពុំ​មាន​គោលបំណង​ច្បាស់លាស់ ស្នាក់​នៅ​លើស​ទិដ្ឋាការ ប្រើប្រាស់​លិខិតឆ្លងដែន​ក្លែងក្លាយ ប្រថាប់ត្រា​ចេញ​-​ចូល​ក្លែងក្លាយ និង​មិន​មាន​ទិដ្ឋាការ​ចូល​មក​កម្ពុជា​ជាដើម​ ។

ដើម្បី​ពង្រឹងសមត្ថភាព​គ្រប់គ្រង​ច្រក​ទ្វារ​ព្រំដែន បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មាន​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​សលាក​ប​ត្រ​ចូល​ប្រទេស​កម្ពុជា Cambodia e-Arrival ប្រព័ន្ធ Cambodia v-Pass ជំនួស​ការ​ប្រើប្រាស់​ត្រា​ជំនាញ​ឬ​ស្ទីក​គ័​រ QR​កូដ សម្រាប់​អ្នកដំណើរ​ទាំងអស់ ដែល​ចេញ​-​ចូល​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រព័ន្ធ​នេះ​កំពុង​ដំណើរការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​។ ក្រៅពី​នេះ អគ្គនាយកដ្ឋាន​ក៏​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​តាម​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ មាន​ជា​អាទិ៍ ប្រព័ន្ធ​CBMS ប្រព័ន្ធ​TMS ដែល​មាន​សមត្ថភាព​ចាប់​យក​ទិន្នន័យ​លើ​លិខិតឆ្លងដែន រូបថត ខ្ចៅដៃ ទិដ្ឋាការ សម្រាប់​បម្រើ​ការងារ​ជំនាញ​ស្រាវជ្រាវ និង​ស្វែងរក​ ៕