ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់អំពី​គ្រឿងបរិក្ខាររបស់ព្រះសង្ឃ

7 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប​៖ នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ ក្រុមការងារ​ស្រាវជ្រាវ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ នៃ​នាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ បាន​រៀបចំ​ដាក់​តាំង​បង្ហាញ​អំពី​គ្រឿង​បរិក្ខារ​របស់​ព្រះសង្ឃ ដែល​ប្រើប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ តាម​ពុទ្ធ​ប្បញ្ញត្តិ ក្នុង​ព្រះ​វិន័យ​បិដក អំពី​អដ្ឋបរិក្ខារ គឺ​គ្រឿង​ប្រើប្រាស់​ទាំង​៨​យ៉ាង ដែល​ភិក្ខុ​គ្រប់​ព្រះ​អង្គ​ត្រូវ​តែ​មាន និង​រក្សា​ទុក​ឱ្យ​បាន​គ្រប់គ្រាន់ ក្នុង​ការ​ប្រតិបត្តិ​ធម៌​ប្រចាំ​ថ្ងៃ ។

បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា លោក​វង្ស សា​វុ​ទ្ធី អ្នក​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ បាន​បង្ហាញ​ថា គ្រឿង​បរិក្ខារ សំខាន់​ៗ​របស់​ព្រះសង្ឃ​ដែល​ដាក់​តាំង​បង្ហាញ​កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ មាន​អដ្ឋបរិក្ខារ​ទាំង​៨​យ៉ាង​តាម​ពុទ្ធ​ប្បញ្ញត្តិ និង​បរិក្ខារ​ចោឡៈ ឬ​បរិក្ខារ​រាយរង ដែល​ជា​បរិក្ខារ​ចាំបាច់​ផ្សេង​ទៀត សម្រួល​ដល់​ការ​គង់នៅ​ប្រចាំ​ថ្ងៃ​របស់​ព្រះសង្ឃ ។

អដ្ឋបរិក្ខារ​ទាំង​៨​យ៉ាងនោះ​មាន​ដូច​ជា​៖ សង្ឃាដី ចីវរ ឬ​ឧត្តរាសង្គ ស្បង់ ឬ​អន្តរវាសកៈ បាត្រ កាំបិត​កោរ​រួម​បញ្ចូល​ទាំង​ស្រោម និង​ថ្មសំលៀង ម្ជុល​រួម​បញ្ចូល​ទាំង​អំបោះ និង​បំពង់ម្ជុល កាយពន្ធន ឬ​វត្ថពន្ធចង្កេះ និង​ធម្ម​ក្រក (​តម្រងទឹក​) ។

នៅ​មាន​បរិក្ខារ​ចោឡៈ ឬ​បរិក្ខារ​រាយរង​រួម​មាន​ដូច​ជា​៖ សាដក ឬ​សំពត់​ងូត វត្ថពន្ធទ្រូង ឬ​ឧរ​ពន្ធន ថង់ អង្ស័ក ផ្លិត មុង​ធុតង្គ ឆត្រ ឧបាហន (​ស្បែកជើង​) ជាដើម ។ បរិក្ខារ​រាយរង​នេះ​មាន​ក៏​បាន​អត់​ក៏​បាន ព្រោះ​ពុំ​មាន​ក្នុង​ពុទ្ធ​ប្បញ្ញត្តិ​នោះ​ទេ ។

លោក លោក​វង្ស សា​វុ​ទ្ធី បញ្ជាក់​ថា គោលបំណង​នៃ​ការ​ស្រាវជ្រាវ​នឹង​តាំង​បង្ហាញ​នេះ​គឺ​ដើម្បី​ឲ្យ​សិស្ស​និស្សិត និង​សាធារណជន​បាន​ស្គាល់ និង​ឈ្វេងយល់​អំពី​សង្ឃ​បរិក្ខារ ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ព្រះ​វិន័យ ព្រោះថា​គ្រឿង​បរិក្ខារ​ខ្លះ មាន​តែ​ក្នុង​ព្រះ​វិន័យ​ទេ ពុំ​មាន​ប្រើប្រាស់​ទៀត​ឡើយ ដោយសារ​បរិបទ​គង់នៅ​របស់​ព្រះសង្ឃ​សព្វថ្ងៃ សម្បូរ​បែប​ផង ។

លោក​ភួយ សា​វឿ​ត អនុប្រធាន​ការិយាល័យ​សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ ក៏​បាន​លើក​ឡើង​ថា សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ តែងតែ​យកចិត្តទុកដាក់​ថែរក្សា​អភិរក្ស បុរាណវត្ថុ និង​រៀបចំ​តាំងពិព័រណ៍​បង្ហាញ​រាល់​សមិទ្ធផល​ប្រវត្តិសាស្ត្រ​នានា ដែល​ទទួល​បាន​ពី​ការ​សិក្សា​កំណាយ​ស្រាវជ្រាវ ក្នុង​គោលបំណង​ចង់​បង្ហាញ​ដល់​សាធារណជន​ទូទៅ មក​សិក្សា​ឈ្វេងយល់ ។

សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ ស្ថិត​នៅ​ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ៕