ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណឺតាន់​យ៉ាហ៊ូ​នឹង​ដឹក​នាំ​រដ្ឋាភិបាល​ចាំ​ផ្ទះ ខណៈ​សម្ព័ន្ធ​ភាព​គណ​បក្ស​លោក​ទទួល​សំឡេង​មិន​គ្រប់​គ្រាន់​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​ទេ

1 ថ្ងៃ មុន

ទី​ក្រុង​យេរូសា​ឡឹម៖ នាយក​រដ្ឋ​មន្ត្រី​អុីស្រា​អែល​ លោក​ណឺតាន់​យ៉ាហ៊ូ នឹង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​បន្ទាប់​ពី​លទ្ធ​ផល​ឆ្នោត​បង្ហាញ​ថា​លោក​ទទួលបាន​សំឡេង​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​នៅ​ក្នុង​ចំណោម​​ជន​ជាតិ​ជ្វីប​។ មាន​លទ្ធ​ភាព​តិច​តួច​ប៉ុណ្ណោះ​ដែល​គូ​ប្រជែង​របស់​លោក​អាច​នឹង​ដណ្ដើម​តំណែង​ពី​លោក​ទោះ​បី​​សម្ព័ន្ធ​ភាព​គណ​បក្ស​ស្ដាំ​និយម​របស់​លោក​មិន​អាច​ទទួលបាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ដើម្បី​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​ក៏​ដោយ​។​

ពល​រដ្ឋ​អុីស្រា​អែល​ជិត​៨៦%​ចេញ​ទៅ​បោះ​ឆ្នោត​កាល​ពី​ម្សិល​មិញ​។ យោង​តាម​ការ​បូក​សរុប​តួ​លេខ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ធំ​ៗ​ចំនួន​បីនៅ​អុីស្រា​អែល​​ សម្ព័ន្ធ​ភាព​គណ​បក្ស​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​អាច​នឹង​ទទួល​បាន​៥៣​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​ដែល​អាសនៈ​សរុប​ចំនួន​១២០។​ ចំណែក​ក្រុម​សម្ព័ន្ធ​ភាព​គណ​បក្ស​គូ​ប្រជែង​របស់​លោក​អាច​នឹង​​ទទួល​បាន​៤៨​អាសនៈ​។ គណ​បក្ស​អុីស្រា​អែល​និយម​អារ៉ាប់​អាច​ទទួល​បាន​១៩​អាសនៈ​។ ដូច្នេះ សម្ព័ន្ធ​ភាព​គណ​បក្ស​របស់​លោក​អៃ​សិន​ខូត (Eisenkot) ដែល​ជា​គូ​ប្រជែង​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​នោះ​មាន​ឱកាស​តិច​តួច​ណាស់​ក្នុង​ការ​ឈោង​ចាប់​យក​អំណាច​។

ទោះ​ជា​យ៉ាង​ណា​ក្ដី លទ្ធ​ផល​ឆ្នោត​អាច​នឹង​ប្រែ​ប្រួល​ព្រោះ​សន្លឹក​ឆ្នោត​កំពុង​តែ​រាប់​មិន​ទាន់​ចប់​សព្វ​គ្រប់​នៅ​ឡើយ​ទេ​។ កិច្ច​ការ​បន្ទាប់​​គឺ​ការ​ចរ​ចា​គ្នា​ដើម្បីស្វែង​រក​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​បង្កើត​រដ្ឋា​ភិបាល​។ ដូច្នេះ នៅ​អំឡុង​ពេល​នេះ លោក​ណឺតាន់​យ៉ាហ៊ូ​នឹង​បន្ត​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​ ហើយ​ក៏​អាច​នឹង​បន្ត​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ពេញ​សិទ្ធិ​រហូត​ដល់​មាន​ការ​បោះ​ឆ្នោត​អាណត្តិ​ថ្មី​ផង​ដែរ​​។ ទោះ​បី​រដ្ឋា​ភិ​បាល​ចាំ​ផ្ទះ​​មិន​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​សម្រេច​កិច្ច​ការ​សំខាន់​ៗ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​អំណាច​គ្រប់​គ្រាន់​ដើម្បី​សម្រេច​កិច្ច​ការ​នៅ​ចំពោះ​មុខ​រួម​ទាំង​បញ្ហា​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​អុីរ៉ង់​ផង​ដែរ​។​

លោក​ហ្កាយ​ លូរី (Guy Lurie) ជា​អ្នក​ស្រាវ​ជ្រាវ​នៅ «​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​អុីស្រា​អែល​» ថ្លែង​ថា​រដ្ឋាភិបាល​ចាំ​ផ្ទះ​នៅ​តែ​មាន​អំណាច​ជា​ផ្លូវ​ការ​ដូច​រដ្ឋាភិបាល​ពេញ​សិទ្ធិ​​ដែរ​។ គ្រាន់​តែ​ថា​រដ្ឋាភិបាល​នេះ​មិន​មាន​សិទ្ធិ​សម្រេច​កិច្ច​ការ​ខ្លះ​តែ​ប៉ុណ្ណោះ។ លោក​ណឺតាន់​យ៉ាហ៊ូ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​​នៅ​ទី​ស្នាក់​ការ​របស់​គណ​បក្ស​លី​ឃុត​ (Likud) កាល​ពី​ម៉ោង​៣​ទៀប​ភ្លឺ​ និង​ប្រកាស​ត្រៀម​បង្កើត​រដ្ឋាភិបាល​ស្ដាំ​និយម​បែប​ជាតិ​និយម​។ លោក​បាន​រំលេច​ឱ្យ​ឃើញ​​នូវ​ជោគ​ជ័យ​ផ្នែក​យោធា​របស់​អុីស្រា​អែល​កាល​ពី​ពេល​កន្លង​មក​ ហើយ​ក៏​ប្រកាស​ថា​អាច​នឹង​មាន​ចំណាត់​ការ​យោធា​​ប្រឆាំង​អុីរ៉ង់​ដោយ​រួម​សហ​ការ​ជា​មួយ​អាមេរិក​៕​ ប្រភព៖ Reuters