រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងពីខុទ្ទកាល័យលោកងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាដែលកោះសន្តិភាពទទួលកាលពីថ្ងៃទី១៥ សីហា ២០១១ ឱ្យដឹងថា យើងខ្ញុំទាំងអស់គ្នាត្រូវជាស្វាមី បុត្រា បុត្រី ព្រមទាំងចៅប្រុស ចៅស្រីរបស់សព លោកជំទាវញ៉ែម សុផានី ងួន ញ៉ិល ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ សីហា ២០១១ ត្រូវនឹងថ្ងៃទី១១ កើត ខែស្រាពណ៍ ឯកស័ក ព.ស.២៥៥៥ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ មានកិត្តិយស និមន្ត យាង និងគោរពជម្រាបជូនព្រះថេរានុថេរៈ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនញាតិមិត្តជិតឆ្ងាយអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យដូចខាងក្រោម ៖
ពិធីបុណ្យគម្រប់ខួប៧ថ្ងៃ ៖ ប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១៥ សីហា ២០១១ ត្រូវនឹងថ្ងៃ១រោច ខែស្រាពណ៍ ឯកស័ក ព.ស.២៥៥៥ វេលាម៉ោង២រសៀល ជួបជុំពុទ្ធបរិស័ទ និមន្ត ព្រះសង្ឃចំរើនព្រះបរិត្ត និងសម្តែងធម្មទេសនា។ លុះព្រឹកឡើងថ្ងៃអង្គារ ទី១៦ សីហា ២០១១ ត្រូវនឹងថ្ងៃ២រោច ថ្ងៃខែឆ្នាំដដែលវេលាម៉ោង១១ថ្ងៃត្រង់ ធ្វើពិធីរាប់បាត្រ វេរភត្តហារ ប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យគម្រប់ខួប៧ថ្ងៃ។
ពិធីដង្ហែ និងបញ្ចុះសព ៖ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ទី១៧ សីហា ២០១១ វេលាម៉ោង៧ព្រឹក សពដង្ហែចេញពីភូមិគ្រឹះលោកងួន ញ៉ិល ស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកទៅបញ្ចុះនៅក្នុងបរិវេណគេហដ្ឋានលោកងួន ញ៉ិល ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ៕
ចែករំលែកព័តមាននេះ