ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​ IOM បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្ដី​ពី​គោលការណ៍​ណែនាំ ស្តី​ពី​ការ​ការពារ​ជន​ទេសន្តរប្រវេសន៍​ការងារ​ខ្មែរ​នៅ​ក្រៅប្រទេស ​ក្នុង​ស្ថានភាព​មាន​វិបត្តិ

2 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៦ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី “​គោលការណ៍​ណែនាំ ស្តី​ពី​ការ​ការពារ​ជន​ទេសន្តរប្រវេសន៍​ការងារ​ខ្មែរ​នៅ​ក្រៅប្រទេស​ក្នុង​ស្ថានភាព​មាន​វិបត្តិ​” ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) និង​មានការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​ស៊ុ​យ​អែ​ត​។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អនុព័ន្ធ​ការងារ​អម​ស្ថានទូត​ប្រចាំ​ប្រទេស​កូរ៉េ ជប៉ុន ម៉ា​ឡេ​ស៊ី និង​ថៃ សមាគម​និយោជក ទីភ្នាក់ងារ​ផ្តល់​សេវា​ការងារ​ក្រៅប្រទេស សហជីព អង្គការ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​នានា​។

ថ្លែង​ក្នុង​ឱកាស​នេះ ឯកឧត្តម សេង សក្តា បាន​មាន​ប្រសាសន៍​ថា សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ពិនិត្យ ពិភាក្សា និង​ប្រមូល​ធាតុ​ចូល ព្រមទាំង​អនុសាសន៍​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​គោលការណ៍​ណែនាំ​ដែល​កំណត់​យន្តការ​ត្រៀម​បង្ការ ការពារ ឆ្លើយ​តប​បន្ទាន់ និង​ផ្តល់​ជំនួយ​ដល់​ជន​ទេសន្តរប្រវេសន៍​ការងារ​ខ្មែរ​នៅ​ក្រៅប្រទេស​ក្នុង​ពេល​មាន​វិបត្តិ ដូច​ជា ជំងឺ​រាតត្បាត គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ជម្លោះ​ប្រដាប់​អាវុធ ព្រមទាំង​ការ​គាំទ្រ​ក្រោយ​ពេល​មាន​វិបត្តិ​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា ការ​រៀបចំ​គោលការណ៍​ណែនាំ​នេះ​នឹង​ជួយ​ពង្រឹងសមត្ថភាព​របស់​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ ក្នុង​ការ​ត្រៀមខ្លួន និង​ចាត់វិធានការ​ឱ្យ​បាន​ទាន់​ពេលវេលា ព្រមទាំង​ជំរុញ​កិច្ចសហការ​រវាង​ក្រសួង​-​ស្ថាប័ន អង្គការ​ជាតិ អន្តរជាតិ និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ធានា​ថា​ជន​ទេសន្តរប្រវេសន៍​ការងារ​ខ្មែរ​នៅ​ក្រៅប្រទេស​ទទួល​បានការ​ការពារ និង​ជំនួយ​ចាំបាច់​ប្រកបដោយ​ប្រសិទ្ធភាព​។

ឯកឧត្តម​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​តែង​យកចិត្តទុកដាក់​ក្នុង​ការ​ការពារ និង​លើកកម្ពស់​សិទ្ធិ អត្ថប្រយោជន៍ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជន​ទេសន្តរប្រវេសន៍​ការងារ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស តាម​រយៈ​ការ​ដាក់​ចេញ និង​អនុវត្ត​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​បាន​ណែនាំ និង​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ទាំងអស់​ឱ្យ​ចូលរួម​ពិភាក្សា និង​ផ្តល់​ធាតុ​ចូល ព្រមទាំង​អនុសាសន៍​ដោយ​ផ្អែក​លើ​ជំនាញ និង​បទ​ពិសោធ​រៀង​ៗ​ខ្លួន ដើម្បី​រួមចំណែក​រៀបចំ​គោលការណ៍​ណែនាំ​នេះ​ឱ្យ​មាន​ខ្លឹមសារ​គ្រប់​ជ្រុងជ្រោយ ច្បាស់លាស់ និង​អាច​យក​ទៅ​អនុវត្ត​បាន​ជាក់ស្តែង​ប្រកបដោយ​ប្រសិទ្ធភាព​។

ទន្ទឹម​នឹង​នេះ លោក អែន​ទ្រា បឺ​ក (Andreas Berg) ភារធារី​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ព្រមទាំង​តំណាង​អង្គការ IOM ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ពី​ការ​គាំទ្រ និង​ការ​ប្តេជ្ញា​ចិត្ត​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​រៀបចំ និង​ជំរុញ​ការ​អនុវត្ត​គោលការណ៍​ណែនាំ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​។ កិច្ចសហការ​នេះ​នឹង​រួមចំណែក​ពង្រឹងសមត្ថភាព​ត្រៀម​បង្ការ និង​ឆ្លើយ​តប​ចំពោះ​ស្ថានភាព​មាន​វិបត្តិ ព្រមទាំង​ពង្រឹង​ការ​សម្របសម្រួល​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​ថា​ជន​ទេសន្តរប្រវេសន៍​ការងារ​ខ្មែរ​នៅ​ក្រៅប្រទេស​ទទួល​បានការ​ការពារ និង​ជំនួយ​ចាំបាច់​ទាន់​ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​រក្សា​បាន​នូវ​សុវត្ថិភាព សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​៕ អត្ថបទសហការ