ប្រទេសអ៉ីស្រាអែល ៖ ក្នុងការបោះឆ្នោតសភាអ៉ីស្រាអែល កាលពីថ្ងៃទី២៧ តុលា ដើម្បីជ្រើសរើសសមាជិកសភាថ្មី១២០រូប លទ្ធផលមិនទាន់ផ្លូវការបង្ហាញថា ទាំងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោកបេនចាមីននេតាន់យ៉ាហ៊ូ ទាំងគូប្រជែងលោកហ្គាឌីអ៉ីសេនកូដ ហាក់ទទួលបានសំឡេងប្រដំប្រសងគ្នា គ្មានខាងណាឈ្នះបានសំឡេងភាគច្រើនឡើយ ។ អ្នកទាំង២និយាយថាត្រៀមបង្កើតរដ្ឋាភិបាលមួយដែលនោះជាសញ្ញានៃវិបត្តិនយោបាយមួយ។

លោកបេនចាមីននេតាន់យ៉ាហ៊ូថ្លែងថា យើងត្រូវបង្កើតរដ្ឋាភិបាលស្ដាំនិយមមួយដែលខ្លាំង ដោយលោកអំពាវដល់ពួកជ្វីហ្វ និងស្យូនីស្តឲ្យរូបរួមគ្នា ។ ជាប្រមុខរដ្ឋាភិបាលអ៉ីស្រាអែលបានយូរជាងគេបំផុត នៃប្រវត្តិសាស្ត្រប្រទេសនេះ លោកបេនចាមីននេតាន់យ៉ាហ៊ូ ស្វែងរកបន្តការរស់រានខាងនយោបាយរបស់លោក ពឹងលើការបោះឆ្នោតសភានាថ្ងៃទី២៧ តុលា នោះ ដោយលោកបញ្ចុះបញ្ចូលបណ្ដាអ្នកបោះឆ្នោតថា មានតែរូបលោកទេ ដែលអាចធានាសន្តិសុខពួកគេបាន ក៏ទោះបីជាមានថ្ងៃទី៧ តុលា។
ក្នុងការរាប់សន្លឹកឆ្នោតដំបូង ក្រុមប្រឆាំងកណ្ដាលនិយមរបស់លោកហ្គាឌីអ៉ីសេនកូដមានសំឡេងនាំមុខបន្តិចលើក្រុមលោក
នេតាន់យ៉ាហ៊ូ តែបន្ទាប់មកបង្ហាញថា គណបក្សរបស់អ្នកទាំង២ ទទួលបានកៅអីប្រហែលគ្នា គឺម្ខាងៗបាន៥១កៅអីដូចគ្នា។ ដើម្បីឲ្យទទួលបានសំឡេងភាគច្រើនក្នុងសភាទាល់តែគណបក្សមួយដណ្ដើមបានកៅអី៦១ ក្នុងចំណោមកៅអីទាំង១២០របស់សភា ។
ការបោះឆ្នោតសភានៅអ៉ីស្រាអែលនេះ ប្រព្រឹត្តទៅពេលមានការបង្កើនការគំរាមកំហែងរបស់អ៉ីស្រាអែល និងអាមេរិក វាយប្រហារខ្លាំងក្លាជាថ្មីទៀតលើអ៉ីរ៉ង់ ។ លោកនេតាន់យ៉ាហ៊ូអំពាវនាវឲ្យផ្ដួលរំលំរបបអ៉ីរ៉ង់ ៕

ចែករំលែកព័តមាននេះ