មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក បង្ក្រា.បបទល្មើសធនធានធម្មជាតិ ដោះអន្ទា.ក់បានជាង ៥០០ខ្សែ និងរុះរើជំរំល្មើសច្បាប់ ៣កន្លែង ក្នុងប្រតិបត្តិការ ៥ថ្ងៃ
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ កម្លាំងមន្ត្រីឧទ្យានុរក្ស សហការជាមួយភ្នាក់ងារល្បាតសហគមន៍នៃដែនជម្រកសត្វព្រៃស្រែពក បានបន្តចុះល្បាតយ៉ាងសកម្ម និងដកហូតបានអន្ទាក់ខ្សែគោសរុបចំនួន ៥២៥ខ្សែ ព្រមទាំងរុះរើបំផ្លាញចោលជំរំល្មើសច្បាប់ចំនួន ៣កន្លែង និងបានជួយសង្គ្រោះសត្វស្វាជាប់អន្ទាក់១ក្បាលឱ្យមានសេរីភាពឡើងវិញ ក្នុងប្រតិបត្តិការរយៈពេល ៥ថ្ងៃ (ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦)។
សេចក្តីរាយការណ៍ដែលកោះសន្តិភាពទទួលបាននារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រតិបត្តិការចុះល្បាត បង្ការ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិនេះ ដឹកនាំដោយលោក ទឹម ជឿន អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក ដោយមានការចូលរួមពីមន្ត្រីឧទ្យានុរក្ស និងភ្នាក់ងារល្បាតសហគមន៍សរុបចំនួន ១៨រូប (ក្នុងនោះភ្នាក់ងារល្បាតសហគមន៍ ៩រូប)។ កម្លាំងជំនាញបានចុះល្បាតចាប់ពីស្នាក់ការត្រពាំងត្រាច រហូតដល់ចំណុចអូរជីមៀត និងផ្លូវបែកស្នាក់ការសហគមន៍ទូលូង ដែលស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ។
សេចក្តីរាយការណ៍បន្តថា ជាលទ្ធផលនៃប្រតិបត្តិការ ក្រុមការងារបានរកឃើញ និងចាត់វិធានការលើទីតាំងបទល្មើស នៅចំណុចអូរជីមៀត បានរុះរើ និងបំផ្លាញចោលជំរំ ចំនួន ០១កន្លែង។ នៅចំណុចដៃអូរល្វេ បានរុះរើបំផ្លាញចោលជំរំដាក់អន្ទាក់ចំនួន ០១កន្លែង ដោះអន្ទាក់ខ្សែគោចំនួន ១០២ខ្សែ និងបានជួយសង្គ្រោះសត្វស្វាដែលជាប់អន្ទាក់ចំនួន ០១ក្បាលឱ្យរួចផុតពីគ្រោះថ្នាក់។ ចំណែកនៅចំណុចដៃអូរតេន បានរុះរើបំផ្លាញចោលជំរំដាក់អន្ទាក់ចំនួន ០១កន្លែង និងដោះអន្ទាក់ខ្សែគោបានចំនួន ៤២៣ខ្សែ យកទៅរក្សាទុកនៅស្នាក់ការណាំរ៉ាម។
ជុំវិញសកម្មភាពល្បាតនេះ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងមន្ត្រីឧទ្យានុរក្ស និងភ្នាក់ងារល្បាតសហគមន៍ទាំងអស់ ដែលបានខិតខំជុះល្បាតដោយមិនខ្លាចនឿយហត់ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ។
លោកប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ជាក់បន្ថែមថា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នឹងបន្តរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ព្រមទាំងបន្តជំរុញសកម្មភាពល្បាតនៅតាមតំបន់ការពារធម្មជាតិនានា ដើម្បីលុបបំបាត់ការទន្ទ្រាន ការកាប់បំផ្លាញ និងការបរបាញ់ ឬដាក់អន្ទាក់សត្វព្រៃខុសច្បាប់។
ទន្ទឹមនឹងនេះ មន្ទីរសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសហគមន៍មូលដ្ឋាន ចូលរួមសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ដោយឈប់ប្រើប្រាស់អន្ទាក់ និងកុំបរិភោគសាច់សត្វព្រៃ ដើម្បីរួមគ្នារក្សាការពារជីវៈចម្រុះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ៕







ចែករំលែកព័តមាននេះ