កាហ្វេអូរសោម ៖ ទីផ្សារបើកទ្វារទូលាយ ប៉ុន្តែខ្វះការផ្គត់ផ្គង់ ! ម្ចាស់ចម្ការអំពាវនាវឱ្យសហគមន៍រួមដៃគ្នាដាំដុះវាយលុកទីផ្សារអន្តរជាតិ
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ដំណាំកាហ្វេកំពុងបង្ហាញសក្តានុពលខ្លាំងនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមការត្រួសត្រាយរបស់លោក លៀង ពេជ្រ ម្ចាស់ចម្ការកាហ្វេដែលបានបោះទុនដាំដុះលើផ្ទៃដី ១៤០ហិកតា និងមានផែនការបោះជំហានយ៉ាងធំទៅថ្ងៃមុខថែមទៀត ។

លោក លៀង ពេជ្រ បានឱ្យដឹងកាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៦ មកនេះថា លោកបានសម្រេចចិត្តដាំកាហ្វេ ២ ពូជ គឺ រ៉ូបូស្តា (Robusta) និង អារ៉ាប៊ីកា (Arabica) ដែលបច្ចុប្បន្នមាននៅលើផ្ទៃដីដាំដុះសរុប ១៤០ហិកតា ក្នុងនោះមាន ៨០ហិកតាហើយកំពុងផ្ដល់ផល ។ មិនត្រឹមតែប៉ុណ្ណោះ លោកមានមហិច្ឆតាបន្តពង្រីកផ្ទៃដីដាំដុះឱ្យបានរហូតដល់ ១ ០០០ហិកតា ឯណោះ ។ លោកបានរំលឹកថា ដំបូងឡើយគោលបំណងនៃការដាំកាហ្វេ គឺដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នលោកចង់ឱ្យប្រជាសហគមន៍រួមដៃគ្នាដាំដុះឱ្យបានច្រើន ព្រមទាំងបង្កើតរោងចក្រកែច្នៃក្នុងស្រុក ដើម្បីត្រៀមប្រកួតប្រជែងទៅកាន់ទីផ្សារក្រៅស្រុក ។

បច្ចុប្បន្ន កាហ្វេនៅកម្ពុជានៅខ្វះខាតការផ្គត់ផ្គង់ និងត្រូវនាំចូលច្រើន ព្រោះវាជាដំណាំទាមទារបច្ចេកទេស គុណភាពដី និងអាកាសធាតុត្រឹមត្រូវ ។ ឆ្លងតាមសក្តានុពលនេះ លោក លៀង ពេជ្រ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសហគមន៍នៅឃុំអូរសោមទាំងអស់ ឱ្យមកចាប់អារម្មណ៍ដាំដុះកាហ្វេឱ្យបានច្រើន ព្រោះទីផ្សារកំពុងបើកទ្វារទូលាយ ប៉ុន្តែយើងនៅខ្វះបរិមាណផ្គត់ផ្គង់នៅឡើយ ។
ទាក់ទងទៅនឹងសក្តានុពល និងបច្ចេកទេសដាំដុះ ម្ចាស់ចម្ការកាហ្វេរូបនេះបានឱ្យដឹងថា ដាំកាហ្វេត្រូវចំណាយពេលពី ១៨ខែ ទៅ ៣ឆ្នាំ ទើបចាប់ផ្ដើមទទួលបានផល ដែលក្នុង ១ហិកតាយើងអាចដាំដើមកាហ្វេបានចំនួន ២ ២០០ដើម ហើយវាអាចទទួលផលរហូតដល់ ២០ឆ្នាំ ។ ឆ្នាំដំបូងក្នុង ១ហិកតា នឹងផ្ដល់ផលចន្លោះពី ២ ទៅ ៣តោន ។

ចំពោះការវិនិយោគលើដំណាំកាហ្វេនេះ លោក លៀង ពេជ្រ ឱ្យដឹងទៀតថា ចាប់ពីពេលចាប់ផ្ដើមដាំរហូតដល់ពេលប្រមូលផល ត្រូវចំណាយថវិកាប្រមាណ ៤ ៥០០ដុល្លារ ក្នុងមួយហិកតា ខណៈកាហ្វេស្រស់បេះថ្មីៗមានតម្លៃ ១ដុល្លារ ក្នុងមួយគីឡូក្រាម ។ លោក លៀង ពេជ្រ បានប្រៀបធៀបគុណភាពកាហ្វេនៅអូរសោម ថា មិនចាញ់កាហ្វេនៅខេត្តមណ្ឌលគិរីប៉ុន្មានទេ ។ ទោះបីជាដំណាំកាហ្វេត្រូវការរយៈកម្ពស់ខ្ពស់ពីនីវ៉ូសមុទ្រ (ដូចនៅខេត្តមណ្ឌលគិរីដែលមានរយៈកម្ពស់ពី ៥០០ ដល់ ១ ០០០ម៉ែត្រ) ប៉ុន្តែតាមបច្ចេកទេសថ្មី ទោះបីជាមានរយៈកម្ពស់តែ ២០០ម៉ែត្រក៏អាចដាំបានដែរ គ្រាន់តែរសជាតិខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ ៕


ចែករំលែកព័តមាននេះ