ទីក្រុងម៉ូស្គូ៖ នៅទីបំផុត ពួកអឺរ៉ុបចាប់ផ្ដើមបោះដៃទៅរករុស្ស៊ីជាបណ្ដើរៗហើយ ដើម្បីចាប់ផ្ដើមការសន្ទនាគ្នាដោះស្រាយបញ្ហាអ៊ុយក្រែន។ កាលពីយប់មិញ គេឃើញថាថ្នាក់ដឹកនាំហ្វាំងឡង់ និងន័រវេបានសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោកពូទីន និងជំរុញឱ្យលោកពូទីនរកវិធីបិទបញ្ចប់សង្គ្រាមអ៊ុយក្រែនឱ្យបានឆាប់។ ការដែលមេដឹកនាំអឺរ៉ុបនិយាយគ្នាដោយផ្ទាល់ជាមួយលោកពូទីនជាករណីចម្លែកខុសពីធម្មតា ព្រោះជាទម្លាប់ ក្រុមបស្ចិមប្រទេសមិនចង់បោះដៃទៅរករដ្ឋាភិបាលរុស្ស៊ីទេ។

ការសន្ទនាដែលធ្វើឡើងដោយប្រធានាធិបតីហ្វាំងឡង់ លោកអាឡិចសាន់ដឺ ស្តាប់ (Alexander Stubb) និងនាយករដ្ឋមន្ត្រីន័រវេ លោកចូណាស់ ហ្កា ស្តូរ៉េ (Jonas Gahr Støre) ជាការព្យាយាមប្រើប្រាស់នយោបាយការទូតដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែនបន្ទាប់ពីលោកដូណាល់ត្រាំផ្លាស់ប្ដូរគោលជំហររបស់លោក ដោយងាកទៅមានទំនាក់ទំនងល្អជាមួយទីក្រុងម៉ូស្គូ ហើយមានបញ្ហាល្អក់កករជាមួយអ៊ុយក្រែន។ ទំនាក់ទំនងរវាងទីក្រុងកៀវ និងវ៉ាស៊ីនតោនធ្លាក់ដល់កម្រិតទាបបំផុតនៅក្នុងរយៈពេល១៨ខែចុងក្រោយ។

លោកស្តូរ៉េថ្លែងថាលោក និងលោកស្តាប់បាននិយាយគ្នាជាមួយលោកពូទីនរយៈពេល៩០នាទី។ បន្ទាប់មក លោកទាំង២ក៏និយាយគ្នាជាមួយលោកហ្សេឡិនស្គីជាបន្តទៀត។ អស់លោកទាំង២បានចេញសេចក្ដីថ្លែងការណ៍រួមមួយនិយាយអំពីគម្រោងចរចាសន្តិភាពរវាងរុស្ស៊ី អ៊ុយក្រែន និងអាមេរិកដែលត្រៀមរៀបចំនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម នាខែវិច្ឆិកា។ នេះជាគម្រោងជួបគ្នាត្រីភាគីជាថ្មីម្ដងទៀតចាប់តាំងពីពួកគេជួបគ្នាលើកចុងក្រោយកាលពីខែកុម្ភៈ។ រុស្ស៊ី និងអ៊ុយក្រែនហាក់មានជំហរឃ្លាតគ្នាខ្លាំងពេកពាក់ព័ន្ធនឹងការបញ្ចប់សង្គ្រាម។

សង្គ្រាមជើងគោកហាក់នៅទ្រឹងមួយកន្លែង បើទុកជាវាយរុញច្រានគ្នាក៏មិនសូវធ្ងន់ធ្ងរប៉ុន្មានដែរ។ ប៉ុន្តែការវាយប្រហារគ្នាតាមអាកាសពីចម្ងាយមានសភាពខ្លាំងក្លានៅក្នុងឆ្នាំនេះ។ លោកស្តាប់ថ្លែងថាការពិភាក្សាគ្នាជាមួយលោកពូទីនគឺនិយាយត្រង់ទៅត្រង់មក និងប្រកបដោយសាច់ការ។ យើងជាប្រទេសជិតខាងជាមួយរុស្ស៊ី។ សង្គ្រាមនេះនឹងជះឥទ្ធិពលដោយផ្ទាល់ទៅលើប្រទេសរបស់យើងនិយាយដោយឡែក និងទៅលើសន្តិសុខរបស់ទ្វីបអឺរ៉ុបទាំងមូលនិយាយជារួម។ បើចង់បញ្ចប់សង្គ្រាមនេះត្រូវតែពិភាក្សាគ្នាដោយផ្ទាល់។

លោកស្តូរ៉េថ្លែងថាលោក និងលោកស្តាប់ចង់សង្កត់ធ្ងន់ថាវាជារឿងសំខាន់ដែលភាគីជម្លោះទាំងសងខាងត្រូវបន្ធូរបន្ថយភាពតានតឹង។ លោកទាំងពីរប្រកាសគាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹង។ នៅក្នុងការធ្វើអត្ថាធិប្បាយចំពោះមុខអ្នកសារព័ត៌មាននៅពេលក្រោយមកទៀត លោកស្តាប់ថ្លែងថាក្រុមសម្ព័ន្ធមិត្តលោកខាងលិចទាំងអស់សុទ្ធតែបានដឹងឮអស់ហើយអំពីគំនិតផ្ដួចផ្ដើមរបស់លោកទាំង២ក្នុងការចរចាសន្តិភាព។ អ៊ុយក្រែនចង់បង្កើតបណ្ដាញទំនាក់ទំនងថ្មី ហើយអឺរ៉ុបមិនអាចឈរឱបដៃមើលបានទេ ខណៈដែលរុស្ស៊ីរក្សាភាពស្ងៀមស្ងាត់ដូចសព្វថ្ងៃនេះ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ