ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹងកិច្ចសហប្រតិបត្តិការយោធា! រុស្ស៊ីជួយបណ្តុះ​បណ្តាលដល់កងទ័ពកម្ពុជា

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​កម្ពុជា និង​មេបញ្ជាការ​រង​កងទ័ពជើងគោក​រុ​ស្ស៊ី​បាន​ប្តេជ្ញា​ចិត្ត​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​យោធារ វាង​ប្រទេស​ទាំង​ពីរ​ដោយ​រុ​ស្ស៊ី​ជួយ​បណ្តុះបណ្តាល​ដល់​កងទ័ព​កម្ពុជា ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៦ នៅ​អគ្គ​បញ្ជាការដ្ឋាន ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​ឯកឧត្តម ឧត្តមសេនីយ៍ទោ Markovchin Sergei មេបញ្ជាការ​រង​កងទ័ពជើងគោក​រុ​ស្ស៊ី ទទួល​បន្ទុក​ការងារ​យោធា និង​នយោបាយ​ក្នុង​ឱកាស​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ។

ក្នុង​ជំនួប​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​រុ​ស្ស៊ី ដែល​នៅ​ឆ្នាំ​២០២៦​នេះ គឺជា​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ។

ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​កងទ័ព​រុ​ស្ស៊ី ដែល​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា និង​បណ្តុះបណ្តាល​ធនធានមនុស្ស ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ លើ​ជំនាញ​យោធា​ជា​ច្រើន ។ ឯកឧត្តម​អគ្គមេបញ្ជាការ​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច និង​ព័ត៌មាន ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​បទល្មើស​ឆបោក​តាម​បច្ចេកវិទ្យា ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​មនុស្សធម៌ ការ​សង្គ្រោះ​គ្រោះ​មហន្តរាយ បេសកកម្ម​រក្សា​សន្តិភាព និង​ការ​ធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​រួម​។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម ឧត្តមសេនីយ៍ទោ Markovchin Sergei បាន​សម្តែង​សេចក្តី​រីករាយ​ចំពោះ​ការ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ការ​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ពី​ថ្នាក់ដឹកនាំ​កង​យោធពលខេមរភូមិន្ទ ។

ឯកឧត្តម​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​របស់​កម្ពុជា ក្នុង​ការ​សាងសង់​សាលា​ហ្វឹកហ្វឺន​ជំនាញ​រថក្រោះ​របស់​កងទ័ពជើងគោក និង​បាន​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​របស់​រុ​ស្ស៊ី​ក្នុង​ការ​ជួយ​បណ្តុះបណ្តាល​កងទ័ព​កម្ពុជា ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​ដ៏​ទូលំទូលាយ​របស់​ខ្លួន​ក្នុង​វិស័យ​នេះ ។ ជំនួប​នេះ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​របស់​កម្ពុជា និង​រុ​ស្ស៊ី ក្នុង​ការ​បន្ត​ពង្រឹង​ចំណងមិត្តភាព និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​យោធា​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​មាន​ប្រសិទ្ធភាព ដើម្បី​ជា​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​របស់​ប្រទេស​ទាំង​ពីរ​៕