មិនត្រឹមតែជាពិធីបុណ្យសាសនា! មកដឹងពីទំនៀមទម្លាប់អុំទូកថ្វាយអ្នកតា និងកិច្ចពិធីប្លែកៗជុំវិញបឹងទន្លេសាប ក្នុងថ្ងៃចេញវស្សា
- សៀមរាប
ខេត្តសៀមរាប ៖ ស្គាល់ខេត្តសៀមរាបច្បាស់កម្រិតណាដែរ? ពេលបុណ្យចេញព្រះវស្សាមកដល់ មិនត្រឹមតែជាពិធីបុណ្យសាសនាសុទ្ធសាធនោះទេ តែបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប និងឃុំកំពង់ភ្លុក មានជំនឿ និងកិច្ចពិធីបណ្តែតប្រទីប សង្ឃឹក ព្រមទាំងការអុំទូកសប្បាយៗ ដែលលាក់ទុកនូវអត្ថន័យដ៏ជ្រាលជ្រៅបំផុត! តោះ! មកតាមដានរឿងរ៉ាវទាំងអស់គ្នា ។

អាជ្ញាធរជាតិអប្សរា បានប្រកាសនាព្រឹកថ្ងៃទី២៨ ខែតុលានេះថា ៖ បុណ្យចេញព្រះវស្សា តែងតែប្រារព្ធធ្វើឡើង នៅថ្ងៃ១៥កើត ខែអស្សុជ ដែលក្នុងវិន័យពុទ្ធសាសនាហៅថា «ថ្ងៃបវារណា» គឺជានិមិត្តរូបនៃការបើកឱកាសឱ្យព្រះសង្ឃសាកសួរ ឬរំលឹកដាស់តឿនគ្នាទៅវិញទៅមកតាមការគួរ បន្ទាប់ពីបានគង់ចាំវស្សាអស់រយៈពេល ៣ខែ ដែលក្នុងមួយឆ្នាំអាចធ្វើបានតែម្តងគត់ ។

ទោះបីជាកិច្ចបវារណានេះ ជាសាសនកិច្ចរបស់ព្រះសង្ឃសុទ្ធសាធយ៉ាងណាក៏ដោយ ក៏ប្រជាពុទ្ធសាសនិកដោយមានសទ្ធាជ្រះថ្លា តែងនាំគ្នារៀបចំគ្រឿងបូជា និងចង្ហាន់ផ្សេងៗ យកទៅប្រគេនព្រះសង្ឃនៅពេលព្រឹក ព្រមទាំងចូលរួមស្តាប់ព្រះធម៌ទេសនា ពិសេស គឺការទេសនាមហាជាតក (ព្រះវេស្សន្តរជាតក) ដើម្បីប្រាថ្នាកុសលផលបុណ្យ។

ទន្ទឹមនឹងកិច្ចខាងសាសនា វត្តមួយចំនួនក្នុងខេត្តសៀមរាប ជាពិសេសប្រជាជនដែលរស់នៅជុំវិញបឹងទន្លេសាប មានទំនៀមទម្លាប់ធ្វើពិធីពិសេសមួយ គឺការរៀបចំ «សំពៅ» ឬ «សង្ឃឹក» ។ នៅក្នុងសំពៅនោះ គេបានរៀបចំគ្រឿងបរិក្ខារ និងភស្តុភារយ៉ាងសម្បូរបែបមានជាអាទិ៍ ស្លាធម៌ដូង បាយស្រី បាយសម្ល បង្អែមចម្អាប មាន់ស្ងោរ ផ្លែឈើ ទឹកសុទ្ធ ស្រា គ្រឿងស្ល អង្ករ ចង្ក្រាន ចាន ឆ្នាំង អុស និងគ្រឿងលម្អផ្សេងៗ យកទៅបណ្តែតតាមស្ទឹង និងទន្លេនៅវេលាយប់ ។

ដោយឡែក នៅឃុំកំពង់ភ្លុក នាថ្ងៃចេញវស្សា ដែលជាពេលវេលាទឹកទន្លេមានសភាពនឹងមិនបន្តឡើងទៀតនោះ អ្នកស្រុកតែងតែរៀបចំពិធីអុំទូកថ្វាយអ្នកតាពុំដែលខានឡើយ ។ គេរៀបចំប្រទីប និងសង្ឃឹកនៅក្នុងវត្តតាំងពីថ្ងៃចូលរោង ដោយប្រទីបធ្វើជារូបប្រាសាទដាក់បាយស្រីថ្វាយម្ចាស់ទឹកម្ចាស់ដី (ស្តេចនាគ និងតាកងកួច) រីឯសង្ឃឹកធ្វើជារាងសំពៅ មានក្តោងធំនៅចំកណ្តាល សម្រាប់អ្នកតា ឬព្រាយតូចតាច ។ លុះដល់រសៀល គេនាំគ្នាប្រមូលទូកចែវ ឬទូកប្រហុក មកអុំចុះឡើងលេងកម្សាន្តពីក្នុងភូមិរហូតដល់ពាម ប្រកបដោយបរិយាកាសសប្បាយរីករាយ ដោយមានអ្នកស្រុកចូលរួមជាប្រាក់ និងនំបង្អែមផ្សេងៗ ។

បន្ទាប់មក គេអុំទូកតម្រង់ទៅពាមក្បែរកោះតាពពុះទឹក ដើម្បីរៀបចំការប្រណាំងទូក ដោយមានរូបស្នងអ្នកតាឈរបញ្ជាលើទូក ។ កាលបើអ្នកតាលេងអុំទូករហូតដល់ឡើងរាំកម្សាន្តតាមចង្វាក់ភ្លេងសប្បាយចិត្តហើយ គេក៏ទម្លាក់ប្រទីប និងសង្ឃឹកចូលទៅក្នុងទឹក រួចអុំទូកប្រទក្សិណ ៣ជុំ ជុំវិញនោះ។
ក្រោយបញ្ចប់កិច្ចបណ្តែត តាមទម្លាប់ គេត្រូវអុំទូកឱ្យហួសទៅដល់ «កោះរាំង» ដែលនៅខាងកើតភូមិសិន ទើបត្រឡប់ចូលមកកាន់ភូមិវិញ។ ការអុំទូកឱ្យហួសភូមិបែបនេះ គឺជាកិច្ចពិធី «បង្វែងដាន» ដើម្បីបញ្ចៀសកុំឱ្យមានអមនុស្ស ឬព្រាយបិសាច តោងតាមមកចូលក្នុងភូមិរបស់អ្នកស្រុកឡើយ ៕






ចែករំលែកព័តមាននេះ