រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្អាកការងារលោក ជឹម រតនា ស្នងការរងខេត្តព្រៃវែង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចផ្អាកការងារជាបណ្តោះអាសន្ន លោកវរសេនីយ៍ឯក ជឹម រតនា អត្តលេខ៦១៩០៨ ដែលជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
ការផ្អាកការងារជាបណ្ដោះអាសន្ននេះ គឺយោងតាមសំណើរបស់អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ចំពោះមូលហេតុនៃការផ្អាកការងារ ត្រូវបានបញ្ជាក់ក្នុងប្រការ១ថា ដោយសារតែមន្ត្រីនគរបាលរូបនេះបានប្រព្រឹត្តល្មើសបទវិន័យរបស់កងកម្លាំងនគរបាលជាតិកម្ពុជា ។
យោងតាមប្រកាសចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ គឺលោកវរសេនីយ៍ឯក ជឹម រតនា ត្រូវបានផ្អាកពីមុខតំណែងការងារជាបណ្តោះអាសន្ន រួមទាំងត្រូវបានផ្អាកការបើកប្រាក់បៀវត្សរ៍ផងដែរ ។ សាមីខ្លួនដែលមានឈ្មោះខាងលើ ត្រូវតែទៅបង្ហាញមុខរៀងរាល់ថ្ងៃធ្វើការនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រហូតដល់មានការសម្រេចជាថ្មីពីថ្នាក់ដឹកនាំ ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រគល់ភារកិច្ចជូនអគ្គលេខាធិការ អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ព្រមទាំងក្រុមប្រឹក្សាវិន័យ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រួមនឹងសាមីខ្លួនផ្ទាល់ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ចែករំលែកព័តមាននេះ