សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាមួយរបស់សាកលវិទ្យាល័យជីឡីន ប្រទេសចិន ដែលមានអ្នកចូលរួម ២៦,៧២៩ នាក់ បានរកឃើញថា ការផឹកតែ និងកាហ្វេជាប់ទាក់ទងនឹងសូចនាករសុខភាពថ្លើមមួយចំនួន ដូចជាការប្រមូលផ្ដុំខ្លាញ់ ការលើសជាតិដែក និងសញ្ញារលាក។ ប៉ុន្តែការសិក្សានេះមិនអាចបញ្ជាក់ថា ភេសជ្ជៈទាំងនេះជួយការពារជំងឺថ្លើមដោយផ្ទាល់បានទេ។
តាមលទ្ធផលសិក្សា អ្នកដែលផឹកតែចាប់ពី ៦ ពែងក្នុងមួយថ្ងៃឡើងទៅ មានហានិភ័យបង្ហាញសញ្ញារលាក និងស្លាកស្នាមក្នុងថ្លើមទាបជាងក្រុមដែលមិនផឹកប្រហែល ៤៣%។ បរិមាណតែកាន់តែច្រើនក៏មានទំនាក់ទំនងនឹងការថយចុះនៃសូចនាករខ្លាញ់ និងជាតិដែកលើសក្នុងថ្លើមផងដែរ។
ចំណែកកាហ្វេ អ្នកដែលផឹកចាប់ពី ៦ ពែងក្នុងមួយថ្ងៃឡើងទៅ មានហានិភ័យបង្ហាញសញ្ញាជាតិដែកលើសក្នុងថ្លើមទាបជាងក្រុមមិនផឹកប្រហែល ៥៣%។ អ្នកផឹកកាហ្វេដែលកិនពីគ្រាប់លីងក៏មានបរិមាណខ្លាញ់ក្នុងថ្លើមជាមធ្យមទាបជាងប្រហែល ១៦%។ ទោះយ៉ាងណា ការផឹកកាហ្វេកាន់តែច្រើនមិនមានន័យថាផ្ដល់អត្ថប្រយោជន៍កាន់តែច្រើននោះទេ។
ដូច្នេះ មិនទាន់អាចសន្និដ្ឋានថាតែ ឬកាហ្វេ មួយណាល្អចំពោះថ្លើមជាងគ្រប់ផ្នែកបានឡើយ។ ការសិក្សាក៏បានរកឃើញទំនាក់ទំនងវិជ្ជមានចំពោះអ្នកដែលផឹកតែ និងកាហ្វេរួមគ្នា ប៉ុន្តែទិន្នន័យទាំងនេះបង្ហាញតែទំនាក់ទំនងប៉ុណ្ណោះ មិនមែនជាភស្តុតាងថាភេសជ្ជៈទាំងនេះអាចបង្ការជំងឺថ្លើមបានទេ។
អ្នកជំនាញក៏ព្រមានថា មិនគួរបង្ខំខ្លួនឱ្យផឹកកាហ្វេ ៦ ពែងក្នុងមួយថ្ងៃ ដើម្បីស្វែងរកអត្ថប្រយោជន៍នោះទេ ព្រោះជាតិកាហ្វេអ៊ីនច្រើនអាចបណ្ដាលឱ្យគេងមិនលក់ បេះដូងលោតញាប់ ឬញ័រទ្រូង។ គួរកាត់បន្ថយការបន្ថែមស្ករ និងក្រែមខ្លាញ់ ហើយអ្នកដែលមានជំងឺថ្លើមមិនគួរប្រើតែ ឬកាហ្វេជំនួសការព្យាបាលតាមការណែនាំរបស់គ្រូពេទ្យឡើយ ៕
ចែករំលែកព័តមាននេះ