សាក្សីទាំងឡាយនិងបណ្តាក្រុមសិទ្ធិមនុស្សរាយការណ៍ថា មនុស្សយ៉ាងតិច២៤នាក់ បានត្រូវស្លាប់កាលពីថ្ងៃទី១៤ សីហា ក្នុងការវាយប្រហារលើទីក្រុង LATTAQUIE ជាកំពង់ផែធំទីមួយរបស់ស៊ីរីដោយកងរថក្រោះ និងនាវាចម្បាំងទាំងឡាយ ។
យោងតាមក្រុមសង្កេតសិទ្ធិមនុស្សស៊ីរីថា ជនរងគ្រោះភាគច្រើនត្រូវគ្រាប់កាំភ្លើងយន្តធុនធ្ងន់បាញ់ចេញពីរថក្រោះដែលដាក់ពង្រាយក្នុងសង្កាត់ទាំងឡាយនាភាគខាងត្បូងទីក្រុងនោះ ។ សង្កាត់ទាំងនេះ ក៏រងការបាញ់ប្រហារពីនាវាចម្បាំងមកពីសមុទ្រផងដែរ ។
ក្នុងសេចក្តីប្រកាសមួយអង្គការនេះនិយាយថា ក្រោយការវាយប្រហារកងទាហាន និងកងជីវពលស្និទ្ធរដ្ឋាភិបាលបានលុកចូលទីលានសំខាន់នៃសង្កាត់ AL RAML AL FILISTINI ដែលនៅទីនោះមានហ្វូងបាតុករដោយសន្តិវិធីទាមទារ សេរីភាព និងការបញ្ចប់របបច្ចុប្បន្ន ។ ចំណែកអង្គការការពារសិទ្ធិមនុស្សមួយទៀតគឺសម្ព័ន្ធភាពសម្របសម្រួលនៃបដិវត្តន៍ស៊ីរីប្រឆាំងរបបលោកប្រធានាធិបតីបាចាអាល់ អាសាដ ប្រកាសថា ជនស៊ីវិលដល់ទី៣២នាក់បានត្រូវស្លាប់កាលពីថ្ងៃទៅ១៤ សីហា ក្នុងនោះ២៤នាក់នៅក្រុង LATTAQUIE ។
ទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីរី SANA បានបដិសេធថា ក្រុង LATTAQUIE ពុំរងការវាយប្រហារពីសំណាក់កងម៉ារីនឡើយ ។ យោងតាមទីភ្នាក់ងារព័ត៌មាននេះថា ប៉ូលិស២នាក់ និងបុរសប្រដាប់អាវុធ៤នាក់ដែលគេពុំស្គាល់អត្តសញ្ញាណត្រូវស្លាប់ពេលកងកម្លាំងសន្តិសុខតាមប្រមាញ់ពួកជនប្រដាប់អាវុធដែលបំភ័យប្រជាជនដោយប្រើប្រាស់កាំភ្លើងយន្ត និងគ្រឿងផ្ទុះចេញពីដំបូល ៕
ចែករំលែកព័តមាននេះ