ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្បធម៌កម្ពុជា បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​អំណះអំណាង​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ ជុំវិញ​ប្រាសាទខ្នារ និង​ប្រាសាទ​តា​ក្របី

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​អំណះអំណាង​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ Sabeeda Thaised កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៦ ដូចដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត Khaosod ដោយ​បាន​អះអាង​ថា ៖ ទី​១. ប្រាសាទខ្នារ និង​ប្រាសាទ​តា​ក្របី ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ ទី​២. ភាគី​ថៃ​បាន​ចុះ​ប្រាសាទ​ទាំងនេះ​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ជាតិ ព្រមទាំង​បាន​ចាត់វិធានការ​រដ្ឋបាល​នានា ដើម្បី​គ្រប់គ្រង​ថែរក្សា និង​អភិរក្ស​តាម​រយៈ​ច្បាប់​ជាតិ​ផ្ទៃក្នុង​របស់​ខ្លួន និង​ទី​៣. ដោយ​ផ្អែក​លើ​មូលដ្ឋាន​នេះ ភាគី​ថៃ បដិសេធ​មិន​ព្រម​ប្រគល់​វត្ថុ​សិល្បៈ ដែល​បាន​យក​ចេញ​ជា​ឯកតោភាគី​ពី​តំបន់​ប្រាសាទ​ខាងលើ​ដោយ​យក​លេស​ថា​ ការ​ប្រមូល​វត្ថុ​សិល្បៈ​ចេញពី​តំបន់​ប្រាសាទ​នេះ​គឺ​ដើម្បី​សិក្សា ថែរក្សា និង​អភិរក្ស ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​បដិសេធ​យ៉ាង​ដាច់អហង្ការ នូវ​ការ​អះអាង​ដោយ​គ្មាន​មូលដ្ឋាន និង​ពុំ​ស្រប​តាម​ច្បាប់​អន្តរជាតិ​ខាងលើ​នេះ ហើយ​សូម​ធ្វើការ​បញ្ជាក់ និង​សង្កត់ធ្ងន់​លើ​ចំណុច​មួយ​ចំនួន​ដូច​ខាងក្រោម ៖

ទី​១. ប្រាសាទខ្នារ ប្រាសាទ​តា​ក្របី រួម​ទាំង​ប្រាសាទ​មួយ​ចំនួន​ទៀត ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​ដែល​កំពុង​គ្រប់គ្រង​ដោយ​ខុសច្បាប់​ដោយ​យោធា​ថៃ គឺជា​ប្រាសាទ ដែល​ត្រូវ​បាន​កសាង​ឡើង​ដោយ​បុព្វបុរស​ខ្មែរ និង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុលោម​តាម​ផែនទី​មាត្រដ្ឋាន ១:២០០ ០០០ ដែល​ជា​លទ្ធផល នៃ​ការងារ​ខណ្ឌសីមា​របស់​គណៈកម្មការ​កំណត់ព្រំដែន​ឥណ្ឌូចិន​-​សៀម ដែល​បង្កើត​ឡើង​ស្រប​តាម​ស្មារតី នៃ​អនុសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៧ ហើយ​ដែល​ភាគី​ថៃ តែង​ទទួលស្គាល់ និង​អនុវត្ត​ជា​បន្ដបន្ទាប់​ដូច​មាន​ភស្ដុ​តាង​បញ្ជាក់​នៅ​ក្នុង TOR ឆ្នាំ​២០០៣ និង​ឯកសារ​កំណត់ហេតុ​បច្ចេកទេស​នានា ដែល​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ សុពលភាព នៃ​ផែនទី​នេះ ត្រូវ​បាន​បញ្ជាក់ និង​ទទួលស្គាល់​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ កាលពី​ឆ្នាំ​១៩៦២ និង​ឆ្នាំ​២០១៣ ដែល​ភាគី​ថៃ​ទទួល​បរាជ័យ​ក្នុង​ការ​ជំទាស់​ប្រសិទ្ធភាព​នៃ​ផែនទី​នេះ​។ បន្ទាប់​ពី​សង្គ្រាម​ឈ្លានពាន​របស់​ភាគី​ថៃ មក​លើ​កម្ពុជា នៅ​តាម​បណ្ដោយ​ព្រំដែន កាលពី​ឆ្នាំ​២០២៥ កន្លង​មក ភាគី​ថៃ បាន​ប្រកាស​មិន​ទទួលស្គាល់​សុពលភាព នៃ​ផែនទី​នេះ ។

ទី​២. ប្រសិនបើ​ពិនិត្យ​មើល​លើ​ផែនទី​ខុសច្បាប់​គូស​ជា​ឯកតោភាគី​ពី​សំណាក់​យោធា​ថៃ ដែល​គ្មាន​តម្លៃ​គតិ​យុ​ត្ត​ក្រោម​ច្បាប់​អន្តរជាតិ ផ្ទុយ​នឹង​ស្មារតី នៃ​សាលដីកា​ទាំង​ពីរ​របស់​តុលាការ ICJ ហើយ ដែល​ភាគី​កម្ពុជា​តែង​ជំទាស់​ប្រឆាំង​នឹង​ផែនទី​នេះ យើង​សង្កេត​ឃើញ​ថា បើ​ទោះបីជា​ផែនទី​សេ​រ៊ី L7017 ជា​ផែនទី​ខុសច្បាប់​ក៏​ដោយ ក៏​ផែនទី​នេះ បាន​គូស​ប្រាសាទ​ទាំងនេះ​ដាក់​ក្នុង​ដី​កម្ពុជា​។ នេះ​ជា​ភស្ដុ​តាង ដែល​ថៃ​ខ្លួនឯង​មិន​អាច​ប្រកែក​បាន ។

ទី​៣. សកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​ការ​ចាត់វិធានការ​រដ្ឋបាល ដូច​ជា​ការ​ចុះបញ្ជី​ប្រាសាទ​ទាំងនេះ នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ថៃ ព្រមទាំង​លេស​នានា លើ​ការ​គ្រប់គ្រង​អភិរក្ស និង​ថែរក្សា​ប្រាសាទ​ទាំងនេះ​ដោយ​គ្មាន​ការ​ឯកភាព​ពី​ភាគី​កម្ពុជា គឺ​សុទ្ធតែ​ជា​សកម្មភាព ដែល​មាន​ចេតនា​បង្កើត​អង្គហេតុ​សម្រេច​លើ​ដី​ជាក់ស្ដែង (Fait accompli) ហើយ​បើ​យោង​តាម​ច្បាប់​អន្តរជាតិ សកម្មភាព​ទាំងនេះ​មិន​អាច​បង្កើត​បានជា​ការ​គ្រប់គ្រង​ស្របច្បាប់​នោះ​ទេ ហើយ​ក៏​មិន​អាច​នាំ​ទៅ​ដល់​ការ​បង្កើត​បាន នូវ​សិទ្ធិ​មិន​អាច​បំពាន​បាន​នោះ​ដែរ ហើយ​រឹតតែ​មិន​អាច​កែប្រែ​បូរណភាព និង​អធិបតេយ្យភាព​ស្របច្បាប់​របស់​កម្ពុជា​នោះ​ទេ ដោយ​អនុលោម​តាម​គោលការណ៍​ខ្សែបន្ទាត់​ព្រំដែន​មិន​កែប្រែ (uti possidetis juris) ផែនទី​ព្រំដែន​ជា​ប្រវត្តិសាស្ត្រ សន្ធិសញ្ញា​នានា និង​ការ​ព្រមព្រៀង​នា​ពេល​កន្លង​មក ។

ទី​៤. សកម្មភាព​ប្រមូល​វត្ថុ​សិល្បៈ ដែល​ស្ថិត​នៅ​ក្នុង​ទីតាំង​នៃ​តំបន់​ប្រាសាទ ដែល​កំពុង​កាន់កាប់​ដោយ​ខុសច្បាប់​ពី​សំណាក់​យោធា​ថៃ និង​ដោយ​គ្មាន​ការ​ឯកភាព​ពី​ភាគី​កម្ពុជា គឺជា​ការ​រំលោភ​បទដ្ឋាន​គតិ​យុ​ត្ត​អន្តរជាតិ​ជា​ធរមាន ជា​អាទិ៍​កាតព្វកិច្ច​របស់​រដ្ឋ​ភាគី​ស្ដី​ពី​ការ​ហាមឃាត់​នៃ​ការ​ប្រមូល​វត្ថុ​សិល្បៈ​ទោះ​ស្ថិត​នៅ​ក្នុង​ទម្រង់​ណា​ក៏​ដោយ ចេញពី​ដែនដី នៃ​រដ្ឋ​អធិបតេយ្យ​មួយ ឬ​ចេញពី​តំបន់​គ្រប់គ្រង​ខុសច្បាប់​អនុលោម​តាម​អនុសញ្ញា​ទីក្រុង​ឡា​អេ ឆ្នាំ​១៩៥៤ និង​អនុសញ្ញា​ឆ្នាំ​១៩៧២ ព្រមទាំង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​របស់​អង្គការ​យូ​ណេ​ស្កូ ពាក់ព័ន្ធ​នឹង​ការ​អភិរក្ស​វត្ថុ​សិល្បៈ និង​តំបន់​ប្រាសាទ​។ បន្ថែម​ពី​នេះ សកម្មភាព​ខុសច្បាប់​ទាំងនេះ ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សកម្មភាព​ដែល​មាន​ចេតនា​កែប្រែ​បរិស្ថាន​ព្រំដែន បំបាត់​វត្ថុ​តាង​បច្ចេកទេស និង​ធ្វើ​ឱ្យ​ខូច​ទ្រង់ទ្រាយ​ដើម​នៃ​តំបន់​ព្រំដែន ដែល​សកម្មភាព​នេះ​គឺ​ខុស​ទាំងស្រុង​ទៅ​នឹង​ប្រការ​៥ នៃ MOU ឆ្នាំ​២០០០ ហើយ​មាន​តែ​យន្តការ​គណៈកម្មការ JBC មួយ​ប៉ុណ្ណោះ ដែល​មាន​អាណត្តិ​នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​នានា​ដើម្បី​បម្រើ​ដល់​ការ​វាស់វែង​និង​ខណ្ឌសីមា​លើ​ដី​ជាក់ស្ដែង ។

ទី​៥. សកម្មភាព​នេះ ក៏​ត្រូវ​បាន​ចាត់ទុកជា​សកម្មភាព​បង្ក​ភាព​តានតឹង​នៅ​តាម​បណ្ដោយ​ព្រំដែន ដែល​ផ្ទុយ​នឹង​ការ​ព្រមព្រៀង និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ភាគី​ទាំង​ពីរ​នា​ពេល​កន្លង​មក ដើម្បី​កសាង​និង​ស្ដារ​ទំនុកចិត្ត​ឡើង​វិញ​អនុលោម​តាម​សេចក្ដី​ប្រកាស​រួម ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ និង​ការ​ព្រមព្រៀង​នានា​របស់​ភាគី​ទាំង​ពីរ​នា​ពេល​កន្លង​មក​។ ក្នុង​ន័យ​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កម្ពុជា មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ដែល​ក្រសួង​វប្បធម៌​ថៃ បាន​បង្កហេតុ​នានា​ម្ដង​ហើយ​ម្ដងទៀត​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត គោលការណ៍​នៃ​ភាព​ជា​អ្នក​ជិតខាង​ល្អ គោលការណ៍​អធិបតេយ្យ ដើម្បី​ឈាន​ឆ្ពោះទៅ​រក​ប្រក្រតី​ភាព​នៃ​ទំនាក់ទំនង​របស់​ភាគី​ទាំង​ពីរ ដែល​ជា​មូលដ្ឋាន​ដ៏​មាន​សារសំខាន់​សម្រាប់​ប្រយោជន៍​របស់​ប្រជាជន​យើង​ទាំង​ពីរ ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​ទាមទារ​ជា​ដាច់ខាត ឱ្យ​ប្រទេស​ថៃ បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​ទាំងឡាយ ដែល​គ្មាន​ការ​អនុញ្ញាត​ពី​កម្ពុជា​នៅ​តាម​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា និង​ទាមទារ​ឱ្យ​ប្រគល់​ត្រឡប់​មក​វិញ​នូវ​វត្ថុ​បុរាណ​ដែល​ត្រូវ​បាន​យក​ចេញពី​ប្រាសាទខ្នារ និង​គោរព​ឱ្យ​បាន​ពេញលេញ​នូវ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​។ កម្ពុជា​ជំរុញ​ឱ្យ​ប្រទេស​ថៃ​ចាប់ផ្តើម​ឡើង​វិញ នូវ​ការងារ​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC) ដោយ​ឈប់​ពន្យារពេល និង​ដោះស្រាយ​រាល់​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ដោយ​សន្តិវិធី តាម​រយៈ​កិច្ច​សន្ទនា និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ព្រមទាំង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​ពាក់ព័ន្ធ​។ កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី និង​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌ ដើម្បី​បន្សល់​ទុកជា​មរតក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ៕

Screenshot
Screenshot