រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនក្មេងទំនើងចំនួន០៧នាក់ ករណីបង្ហោះម៉ូតូនៅទីសាធារណៈ នៅចំណុចតាមបណ្តោយផ្លូវទ្រង់មាន់(៣០ម៉ែត្រ) ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង២៣និង៣០នាទីយប់ ។
ក្មេងទំនើងចំនួន០៧នាក់រួមមាន ៖
១. ឈ្មោះ ជូន រក្សា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ
២. ឈ្មោះ រីម ដាលីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ
៣. ឈ្មោះ ឡាង ម៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ
៤. ឈ្មោះ នី ពន្លក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ
៥. ឈ្មោះ វៀន សាវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ
៦. ឈ្មោះ អុក អានវិសាល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ
៧. ឈ្មោះ ឡាច ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ
វត្ថុតាង: ម៉ូតូចំនួន ០៤គ្រឿង និងទូរស័ព្ទដៃចំនួន ០៧គ្រឿង ។
បើតាមលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង២៣និង៣០នាទីយប់ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានដល់ចំណុចតាមបណ្តោយផ្លូវទ្រង់មាន់(៣០ម៉ែត្រ) ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្រាប់តែបានឃើញក្រុមក្មេងទំនើង បានធ្វើការបង្ហោះម៉ូតូនៅតាមផ្លូវសាធារណៈ ភ្លាមនោះសមត្ថកិច្ច បានធ្វើការដេញតាមឃាត់បានមនុស្សចំនួន ០៧នាក់ រួមទាំងវត្ថុតាងខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។
ក្រោយសាកសួរក្រុមក្មេងទំនើងទាំង០៧នាក់ខាងលើ បានសារភាពថា ពួកខ្លួនតែងតែបង្ហោះម៉ូតូលេងនៅតាមផ្លូវវេងស្រេង និងផ្លូវទ្រង់មាន់(៣០ម៉ែត្រ) ដែលជាផ្លូវខាងសារព័ត៌មានបង្ហោះផ្សព្វផ្សាយកន្លងមក រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង២៣និង៣០នាទីយប់ ពួកខ្លួនមកបង្ហោះម៉ូតូលេងនៅតាមផ្លូវទ្រង់មាន់ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរតែម្តង ។
បច្ចុប្បន្នក្មេងទំនើងទាំង០៧នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ ដោយមានការធានាពីអាណាព្យាបាល អោយត្រឡប់ទៅផ្ទះវិញជាបណ្តោះអាសន្ន និងរក្សាទុកមធ្យោបាយ(ម៉ូតូ) នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រយៈពេល០៣ខែ ៕


ចែករំលែកព័តមាននេះ