ប្រទេសវៀតណាម៖ កងការពារព្រំដែនវៀតណាម សហការជាមួយមន្ត្រីគយ បានបង្ក្រាបបណ្តាញសង្ស័យរត់ពន្ធអាហារខូចគុណភាពពីប្រទេសចិន ដោយរឹបអូសពងមាន់ជាស៊ុតលឿងសរុប ៧០១គីឡូក្រាម នៅច្រកព្រំដែនអន្តរជាតិឡាវកៃ ខេត្តឡាវកៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។
ក្នុងប្រតិបត្តិការនេះ មន្ត្រីបានចាប់បុរសពីរនាក់ ដែលកំពុងដឹកពងមាន់ខុសច្បាប់ចំនួន ៦០គីឡូក្រាម។ ពងមាន់ទាំងនោះមានប្រភពពីប្រទេសចិន គ្មានឯកសារស្របច្បាប់ និងមិនបានប្រកាសជូនគយ ព្រមទាំងមានទឹកហូរចេញ និងក្លិនស្អុយ។
ជាមួយគ្នានេះ មន្ត្រីបានឆែកឃ្លាំងស្តុកទំនិញមួយកន្លែង និងរកឃើញពងមាន់ប្រភេទដូចគ្នាចំនួន ៦៤១គីឡូក្រាមបន្ថែមទៀត។ ជនសង្ស័យបានប្រាប់អាជ្ញាធរថា ពួកគេត្រូវបានជួលឱ្យដឹកទំនិញឆ្លងព្រំដែន ដោយបែងចែកជាបរិមាណតូចៗ និងលាក់ក្នុងកាបូបស្ពាយ ឬកាបូបដៃ ដើម្បីគេចពីការត្រួតពិនិត្យ។
ក្រោយដឹកចូលវៀតណាម ទំនិញត្រូវបានដឹកតាមផ្លូវវាងក្នុងតំបន់ប្រជុំជន ដើម្បីគេចពីការតាមដាន មុនយកទៅរក្សាទុកក្នុងឃ្លាំង។ បន្ទាប់មក ពងមាន់ត្រូវបានវេចខ្ចប់ក្នុងប្រអប់ស្នោ ដាក់ក្នុងកុងតឺន័រត្រជាក់ និងបន្លំជាទំនិញធម្មតា ដើម្បីដឹកតាមរថយន្តក្រុងទៅចែកចាយនៅតំបន់ផ្សេងៗក្នុងប្រទេស។
បច្ចុប្បន្ន កងការពារព្រំដែនវៀតណាមកំពុងបន្តស៊ើបអង្កេត ដើម្បីកំណត់តួនាទីអ្នកដឹកនាំបណ្តាញរត់ពន្ធនេះ និងចាត់វិធានការតាមច្បាប់។ ករណីនេះបង្ហាញពីការបង្ក្រាបការដឹកជញ្ជូនទំនិញគ្មានឯកសារស្របច្បាប់ និងអាហារដែលអាចបង្កហានិភ័យដល់សុខភាពប្រជាពលរដ្ឋ៕
ចែករំលែកព័តមាននេះ