ទីក្រុងប៉ារីស៖ រដ្ឋាភិបាលបារាំងកំពុងត្រៀមខ្លួនប្រឈមនឹងរលកបាតុកម្មបន្តទៀតក្នុងរដូវស្លឹកឈើជ្រុះនេះ បន្ទាប់ពីមនុស្សប្រមាណ ៤១ម៉ឺននាក់បានចេញតវ៉ាទូទាំងប្រទេសកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដោយតវ៉ាប្រឆាំងនឹងការកើនឡើងនៃថ្លៃរស់នៅ និងការធ្លាក់ចុះគុណភាពសេវាសាធារណៈ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Le Monde នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
តាមក្រសួងមហាផ្ទៃបារាំង ក្នុងចំណោមអ្នកតវ៉ាទាំងនោះ មានប្រមាណ ១១ម៉ឺននាក់នៅទីក្រុងប៉ារីស។ ចំណែកសហជីព CGT បានប៉ាន់ប្រមាណថា ចំនួនអ្នកតវ៉ាទូទាំងប្រទេសមានរហូតដល់ ៨០ម៉ឺននាក់។ បាតុករក៏បានសម្តែងការមិនពេញចិត្តចំពោះការរឹតត្បិតសិទ្ធិធ្វើបាតុកម្ម ដែលប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានដាក់ចេញចាប់ពីថ្ងៃទី២២ ខែតុលា។
នាយករដ្ឋមន្ត្រី សេបាស្ទៀន ឡឺកនូ គ្រោងជួបតំណាងសិស្សវិទ្យាល័យ ដើម្បីផ្តល់ចម្លើយជាក់ស្តែងចំពោះកង្វល់របស់ពួកគេ។ ចំណែកប្រធានាធិបតី ម៉ាក្រុង បានថ្លែងអំណរគុណចំពោះកងកម្លាំងសន្តិសុខចំពោះការបំពេញភារកិច្ច ក្នុងអំឡុងពេលបាតុកម្ម ប៉ុន្តែមិនបានលើកឡើងដោយផ្ទាល់អំពីទំហំ និងការទាមទាររបស់បាតុករនោះទេ។
បាតុកម្មកាលពីថ្ងៃទី២៤ ខែតុលា បានប្រព្រឹត្តទៅដោយមិនមានហេតុការណ៍ធ្ងន់ធ្ងរដូចបាតុកម្មថ្ងៃទី១៧ ខែតុលា ដែលធ្លាប់បង្កអំពើហិង្សា ការលួចទ្រព្យសម្បត្តិ និងការបំផ្លិចបំផ្លាញអគារសាធារណៈ។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ឡូរ៉ង់ នុយណេស បានរាយការណ៍ពីការវាយប្រហារមួយចំនួនដោយក្រុមសកម្មជនរ៉ាឌីកាល់។
ទន្ទឹមនឹងនេះ ការអំពាវនាវឱ្យមានបាតុកម្មថ្មីបានចាប់ផ្តើមឡើង ដោយគ្រោងធ្វើនៅថ្ងៃទី៣១ ខែតុលា និងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ស្ថានការណ៍នេះកំពុងដាក់សម្ពាធលើរដ្ឋាភិបាលឱ្យស្វែងរកដំណោះស្រាយចំពោះបញ្ហាជីវភាព និងសេវាសាធារណៈ ខណៈប្រទេសបារាំងកំពុងឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតីនៅខែមេសា និងឧសភា ឆ្នាំ២០២៧៕
ចែករំលែកព័តមាននេះ