ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្តែងការព្រួយបារម្ភ និងរាយការណ៍ថា សកម្មភាពលួចជីកកកាយយករ៉ែមាសដោយខុសច្បាប់ នៅចំណុចជើងភ្នំកាញ់ ស្ថិតក្នុងភូមិរវៀងជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ នៅតែបន្តប្រព្រឹត្តទៅយ៉ាងអនាធិបតេយ្យ និងឥតកោតក្រែងច្បាប់ឡើយ បើទោះបីជាអាជ្ញាធរដែនដី ធ្លាប់បានចេញបម្រាម និងចុះបង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ។
ប្រភពព័ត៌មានពីអ្នកស្រុក បានឱ្យដឹងថា សកម្មភាពជីករ៉ែមាស ដែលគ្មានលិខិតអនុញ្ញាតនេះ ត្រូវបានគេសង្ស័យថា មានការទាក់ទិននឹងបុគ្គលមួយចំនួន ដែលជាអ្នកកៀងគរ និងដឹកនាំសកម្មភាពនៅទីតាំងផ្ទាល់ ។
ជុំវិញបាតុភាពខាងលើ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ លោក រ័ត្ន តុលា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានថ្លែងអរគុណដល់ប្រព័ន្ធផ្សព្វផ្សាយ និងមហាជន ដែលបានផ្តល់ព័ត៌មាន។ លោកបានបញ្ជាក់យ៉ាងខ្លីថា ស្ថាប័នជំនាញ កំពុងរៀបចំស្នើសុំគោលការណ៍ណែនាំ និងបទបញ្ជាពីរដ្ឋបាលខេត្តក្រចេះ ដើម្បីចុះអនុវត្តនីតិវិធីច្បាប់ជាបន្ទាន់ ។
សាធារណជន និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ បានអំពាវនាវយ៉ាងទទូចដល់អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងមន្ទីរជំនាញពាក់ព័ន្ធ ឱ្យប្រញាប់ចុះស្រាវជ្រាវ ផ្ទៀងផ្ទាត់ដល់ទីតាំងកើតហេតុ ដើម្បីបង្ក្រាប និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមជនល្មើស ដែលនៅតែបន្តបំពានឱសានវាទរបស់អាជ្ញាធរ ៕







ចែករំលែកព័តមាននេះ