ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋចំនួន ៥៣៨គ្រួសារ ដែលមានប្រភពមកពីរាជធានី និងបណ្តាខេត្តនានាទូទាំងប្រទេស បានត្រៀមចូលទៅរស់នៅទីតាំងថ្មី ក្នុងខេត្តស្ទឹងត្រែង ដោយទទួលបានផ្ទះ ដីសម្រាប់បង្កបង្កើនផល ព្រមទាំងសម្ភារៈ និងពូជដំណាំកសិកម្ម ក្រោមគម្រោងផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) របស់រាជរដ្ឋាភិបាល ។
ថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់ទីតាំងតាំងលំនៅថ្មី កាលពីថ្ងៃទី២៦ តុលា ២០២៦ ដើម្បីបន្តអនុវត្តគម្រោងក្នុងដំណាក់កាលទី២ នៅតំបន់អូរសេវ៣ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
លោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង ដែលតំណាងឱ្យរដ្ឋបាលខេត្ត បានលើកឡើងថា ការផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាដំណាក់កាលបន្ត នៃការអនុវត្តគម្រោង ដើម្បីជួយសម្រួលដល់គ្រួសារដែលខ្វះខាតដីធ្លី និងលំនៅឋាន ឱ្យមានទីកន្លែងរស់នៅសមរម្យ និងអាចប្រកបរបរចិញ្ចឹមជីវិតបានយូរអង្វែង ។
លោកបានបញ្ជាក់ថា តំបន់ដែលត្រូវរៀបចំសម្រាប់ប្រជាពលរដ្ឋរស់នៅនោះ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានរួចរាល់ហើយ ដើម្បីសម្រួលដល់ការតាំងទីលំនៅ និងការប្រកបរបររបស់គ្រួសារ ដែលទទួលបានដី។ ក្រុមការងារថ្នាក់ជាតិ និងរដ្ឋបាលខេត្ត ក៏បានត្រៀមខ្លួនទទួលស្វាគមន៍ប្រជាពលរដ្ឋចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណមុខសាលាខេត្ត ។
ដោយឡែកលោក សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានលើកឡើងថា ការផ្តល់ផ្ទះ និងដីជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះ
ខាត គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
លោកបានបន្ថែមថា ក្រុមការងារ ត្រូវបានចាត់តាំងឱ្យចុះរៀបចំ និងប្រគល់ជំនួយជូនប្រជាពលរដ្ឋដោយផ្ទាល់ ស្របតាមការរៀបចំដែលអ្នកទទួលផលបានចាប់ឆ្នោតរួចរាល់កន្លងមក ព្រមទាំងបាននាំយកការសាកសួរសុខទុក្ខ និងការលើកទឹកចិត្តជូនដល់គ្រួសារ ដែលត្រូវផ្លាស់ប្តូរទីលំនៅទៅកាន់តំបន់ថ្មីផងដែរ ។
តាមការបញ្ជាក់របស់លោក កម្មវិធីនេះ មានគោលបំណងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការពិតប្រាកដ អាចទទួលបានកម្មសិទ្ធិលើផ្ទះ និងដី ដើម្បីកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាព ព្រមទាំងអភិវឌ្ឍសកម្មភាពកសិកម្ម និងមុខរបរផ្សេងៗតាមច្បាប់។ ការមានដីសម្រាប់រស់នៅ និងផលិតកម្ម ត្រូវបានរំពឹងថា នឹងជួយពង្រឹងសមត្ថភាពគ្រួសារ ក្នុងការបង្កើតប្រាក់ចំណូល និងកាត់បន្ថយការលំបាកផ្នែកជីវភាព ។
ជាមួយគ្នានេះប្រជាពលរដ្ឋមកពីខេត្តបាត់ដំបង បានបង្ហាញការសាទរចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាល ដោយលើកឡើងថា ការទទួលបានផ្ទះ និងដីក្រោមគម្រោងនេះ បានផ្តល់ភាពកក់ក្តៅ និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាខ្វះខាតលំនៅឋាន និងដីធ្លី។ លោកសង្ឃឹមថា ការផ្លាស់ទៅរស់នៅទីតាំងថ្មីនឹងបង្កើតឱកាសកាន់តែប្រសើរសម្រាប់គ្រួសារ ក្នុងការប្រកបរបរកសិកម្ម និងលើកកម្ពស់ជីវភាពនាពេលអនាគត។
គួរបញ្ជាក់ថា តាមគម្រោងផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព គ្រួសារនីមួយៗដែលទទួលបានការគាំទ្រ នឹងទទួលផ្ទះមួយខ្នងទំហំ ៥ ម៉ែត្រ គុណនឹង ៧ ម៉ែត្រ ដីទំហំ ៣ ហិកតា ព្រមទាំងសម្ភារៈសម្រាប់ធ្វើកសិកម្ម និងពូជដំណាំជាច្រើនប្រភេទ ដើម្បីជួយសម្រួលដល់ការចាប់ផ្តើមផលិតកម្មនៅទីតាំងថ្មី ៕









ចែករំលែកព័តមាននេះ