ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​តម្រង់​កាណុង​កាំ​.ភ្លើ.ង​ធំ​ទៅ​រក​​កូរ៉េ​ខាង​ត្បូង​​ធ្វើ​ឱ្យ​អ្នក​ទេស​ចរ​នៅ​ព្រំ​ដែន​ព្រួយ​បារម្ភ​ខ្លាំង​

1 ថ្ងៃ មុន

ទី​ក្រុង​សេអ៊ូល៖ ក្រុម​អ្នក​ទេស​ចរ​ដែល​ចុះ​ទៅ​ដល់​ក្បែរ​តំបន់​គ្មាន​កង​ទ័ព​ទល់​មុខ​ទឹក​ដី​កូរ៉េ​ខាង​ជើង​ថ្លែង​ថា​ពួក​គេ​ឃើញ​កាណុង​កាំ​ភ្លើង​ធំ​របស់​កូរ៉េ​ខាង​ជើង​តម្រង់​មក​រក​ទឹក​ដី​កូរ៉េ​ខាង​ត្បូង​។ នេះ​ជា​រឿង​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ ​ខណៈ​ដែល​ភាព​តាន​តឹង​រវាង​ប្រទេស​បង​ប្អូន​គូ​សត្រូវ​ទាំង​២​ចាប់​ផ្ដើម​ឡើង​កម្ដៅ​ជា​ថ្មី​។​ ចាប់​តាំង​ពី​ខែ​កញ្ញា​ ប្រទេស​ទាំង​២​ចាប់​ផ្ដើម​និយាយ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ពង្រឹង​ប៉ុស្តិ៍​យាម​នៅ​តាម​បណ្ដោយ​តំបន់​គ្មាន​កង​ទ័ព​។ ពោល​គឺ​បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​គ្រាប់​មីន​បណ្ដាល​ឱ្យ​របួស​ទាហាន​កូរ៉េ​ខាង​ត្បូង​បី​នាក់​។

កូរ៉េ​ខាង​ត្បូង​ទាម​ទារ​ឱ្យ​របប​ក្រុង​ព្យុង​យ៉ាង​សូម​ទោស​ចំពោះ​រឿង​នេះ​។ ប៉ុន្តែ​កូរ៉េ​ខាង​ជើង​អះ​អាង​ថា​នោះ​ជា​ការ​ប្រឌិត​របស់​កូរ៉េ​ខាង​ត្បូង​ពាក់​ព័ន្ធ​នឹង​ឧប​ទ្ទវ​ហេតុ​ផ្ទុះ​គ្រាប់​មីន​។ លោក​ស្រី​គីម​យូជុង​ដែល​ជា​ប្អូន​ស្រី​លោក​គីម​ជុង​អ៊ុន​ និង​ជា​ស្ត្រី​មាន​ឥទ្ធិ​ពល​ជាង​គេ​នៅ​កូរ៉េ​ខាង​ជើង​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ថា​រដ្ឋាភិបាល​របស់​លោក​ស្រី​នឹង​ដំឡើង​ឧប​ករណ៍​បំពង​សំឡេង​ឮ​ខ្លាំង​ៗ​ដើម្បី​លប់​ពី​លើ​សំឡេង​ឃោសនា​របស់​កូរ៉េ​ខាង​ត្បូង​ដែល​ប្រឆាំង​នឹង​របប​ក្រុង​ព្យុង​យ៉ាង​។ កាល​ពី​ថ្ងៃ​សុក្រ សារ​ព័ត៌​មាន​កូរ៉េ​ខាង​ត្បូង​ថត​ជាប់​រថពាស​ដែក​មួយ​គ្រឿង​បាន​យ៉ាង​ច្បាស់​នៅ​ក្បែរ​ព្រំ​ដែន​។ គិត​ត្រឹម​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​ មាន​រថ​ពាស​ដែក​រហូត​ដល់​ទៅ​បី​គ្រឿង​ដែល​មាន​កាណុង​កាំ​ភ្លើង​តម្រង់​ទៅ​រក​ទឹក​ដី​កូរ៉េ​ខាង​ត្បូង​។

កាល​ពី​ពេល​កន្លង​មក​ គេ​ធ្លាប់​​មើល​ឃើញ​​តែ​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​​​ប៉ុណ្ណោះ​ដែល​បង្ហាញ​រូប​កូរ៉េ​ខាង​ជើង​ដាក់​ពង្រាយ​កាំ​ភ្លើង​ធំ​១២២​មិល្លីម៉ែត្រ​។ ប៉ុន្តែ​នៅ​ពេល​មើល​ឃើញ​​ហេតុ​ការណ៍​នេះ​ផ្ទាល់​ភ្នែក​ធ្វើ​ឱ្យ​គេ​ស្រមៃ​គិត​ថា​គ្រោះ​ថ្នាក់​កាន់​តែ​មាន​សភាព​ធំ​ធេង​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​លោក​ចាង​ជីល​សឹង (Jang Gil-seong) ជា​អតីត​យុទ្ធ​ជន​វ័យ​៨៣​ឆ្នាំ​​ដែល​ធ្លាប់​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​វៀតណាម​។ លោក​ថ្លែង​ដូច​ខាង​លើ​នេះ​នៅ​ឯ​ទី​តាំង​មាន​កែវ​យឹត​អាច​ឆ្លុះ​មើល​ទិដ្ឋ​ភាព​នៅ​លើ​ទឹក​ដី​កូរ៉េ​ខាង​ជើង​​។ លោក​​កំពុង​ព្រួយ​បារម្ភ​ថា​តើ​កូរ៉េ​ខាង​ត្បូង​ត្រូវ​ធ្វើ​អ្វី​ជា​បន្ត​ទៀត​ដើម្បី​ត្រៀម​ទប់​ទល់ និង​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង​នេះ​។

តំបន់​គ្មាន​កង​ទ័ព​នៅ​តែ​ជា​ស្នាម​គំនូស​ហាម​ឆ្លង​កាត់​សម្រាប់​អ្នក​ទេស​ចរ​ជាតិ​ និង​អន្តរ​ជាតិ​។ ​អ្នក​ទេស​ចរ​ម្នាក់​ឈ្មោះ​ហាន់​ណា​ រ៉ូប​ប៊ីន (Hannah Robbins)​ អាយុ​២៨​ឆ្នាំ​មក​ពី​ប្រទេស​កាណាដា​ថ្លែង​ថា​ក្រុម​ទេស​ចរ​របស់​អ្នក​ស្រី​មុន​ដំបូង​មិន​សូវ​ចាប់​អារម្មណ៍​ថា​មាន​កាំ​ភ្លើង​ធំ​នៅ​ក្បែរ​នោះ​ទេ​។ លុះ​ពេល​​​​មគ្គុទ្ទេសក៍​ទេស​ចរ​បង្ហាញ​ប្រាប់​ពួក​យើង​ ទើប​យើង​ភ្ញាក់​ខ្លួន​ព្រើត​តែ​ម្ដង​។ នៅ​ពេល​បាន​ឃើញ​ផ្ទាល់​ភ្នែក​បែប​នេះ​គួរ​ឱ្យ​ភ័យ​ខ្លាច​ណាស់​។ ក្រុម​អ្នក​វិភាគ​កំណត់មុខ​សញ្ញា​ថា​នោះ​ជា​កាំ​ភ្លើង​ធំ​ម៉ាក​ M-1981 ទំហំ​អង្កត់​ផ្ចិត​១២២​មិល្លី​ម៉ែត្រ​​ ដែល​ជា​កាំ​ភ្លើង​ធំ​ស៊េរី​ចាស់​របស់​កូរ៉េ​ខាង​ជើង​ដាក់​ឱ្យ​ប្រើ​ប្រាស់​តាំង​ពី​អំឡុង​ទស​វត្សរ៍​ទី​៧០។ កាំ​ភ្លើង​នេះ​អាច​បាញ់​បាន​ចម្ងាយ​អតិ​បរមា​២៤​គីឡូ​ម៉ែត្រ​៕​ ប្រភព៖ Reuters