ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ទូរសព្ទ​គេចខ្លួន​បាន​២​ថ្ងៃ ​ត្រូវ​នគរបាល​ខណ្ឌ​សែន​សុខ ​តាម​ឃាត់ខ្លួន​បាន​២​នាក់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ ខណ្ឌ​សែន​សុខ ​សហការ​ជាមួយកម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ​ស្រាវ​ជាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់យក​ទូរសព្ទ​ដៃ​ ០១​គ្រឿង​ ម៉ាក​អាយ​ហ្វូ​ន​១៧ ​ប្រូ​មេ​ក រួច​គេចខ្លួន​បាន​តែ​២​ថ្ងៃ​ ។

ជនសង្ស័យ​រូប​នោះ ៖ ​១.​ឈ្មោះ ឈូក សុខ​ឆេ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មាន​សារធាតុ​ញៀន​ និង២.​ឈ្មោះ រៀម បញ្ញា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​មាន​សារធាតុ​ញៀន ។

តាម​នគរបាល​ខណ្ឌ​សែន​សុខ​ បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​ ដឹកនាំ​បញ្ជា​កម្លាំង​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ ស្រាវជ្រាវ​ឃាត់ខ្លួនជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៦ ដោយ​ម្នាក់​ឃាត់ខ្លួន​នៅ​ផ្សារ​រន្ទះបាញ់ ​សង្កាត់​ទន្លេបាសាក់​ និង​ម្នាក់​ទៀត ​ឃាត់ខ្លួន​នៅ​ម្តុំ​វត្ត​ទួល​អស់លោក ក្នុង​សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌ​ឬ​ស្សី​កែវ ពាក់ព័ន្ធលួច​មាន​ស្ថាន​ទម្ងន់ទោស ឆក់​យក​ទូរសព្ទ​ដៃ​០១​គ្រឿង​ ម៉ាក​អាយ​ហ្វូ​ន​១៧ ​ប្រូ​មេ​ក នៅ​ចំណុច​មុខ​ក្លឹ​ប​វៃ​សី ផ្លូវ​១៩៧០ កែង​ផ្លូវ​១០១៥ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​០៧ និង​១០​នាទី និងអំពើប្រើប្រាស់​ដោយ​ខុសច្បាប់ ​នូវ​សារធាតុ​ញៀន ។

តាម​នគរបាល​បានអោយ​ដឹង​ទៀត​ថា នៅ​ក្នុង​សកម្មភាព​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​របស់​ជន​រង​គ្រោះ ឈ្មោះ លីវ ធុ​ច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់ដូរ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​១៩៧០ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​សម្រេច ​រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាន​តែ​២​ថ្ងៃ ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​តែ​ម្តង ​។

បច្ចុប្បន្ន ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​