ទីក្រុងម៉ូស្គូ៖ រុស្ស៊ី និងអ៊ុយក្រែនចាប់ផ្ដើមអនុវត្តបទឈប់បាញ់នៅទីក្រុងអូឡេស្គីចាប់ពីថ្ងៃនេះតទៅដើម្បីអនុញ្ញាតឱ្យជំនួយមនុស្សធម៌អាចដឹកចូលទីក្រុងនេះ និងអនុញ្ញាតឱ្យអ្នករស់ទីនោះដែលចង់ចាកចេញទៅខាងក្រៅអាចចាកចេញទៅបានតាមច្រករបៀងសុវត្ថិភាព។ នេះបើយោងតាមការបញ្ជាក់ពីភាគីទាំងសងខាង។ ទោះជាយ៉ាងណាក្ដី សង្គ្រាមនៅទីកន្លែងដទៃទៀតនៅតែបន្ត។ រុស្ស៊ីបន្តវាយប្រហារទីក្រុងតូចធំរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ។ គណៈកម្មការសភាអ៊ុយក្រែនទទួលបន្ទុកខាងសិទ្ធិមនុស្សបង្ហោះសារនៅលើហ្វេសប៊ុកថាក្នុងនាមជាប្រធានក្រុមអ្នកចរចាអ៊ុយក្រែន លោកសូមបញ្ជាក់ថាអ៊ុយក្រែនចាប់ផ្ដើមអនុវត្តតាមស្មារតីនៃបទឈប់បាញ់។ ក្រសួងការពារជាតិរុស្ស៊ីក៏បានប្រកាសតាមតេឡេក្រាមថាយោធារបស់ខ្លួនក៏ឈប់ផ្ទុះអាវុធផងដែរចាប់ពីម៉ោង៤ទៀបភ្លឺតទៅ។

នៅថ្ងៃនេះផងដែរ មានការវាយប្រហារថ្មីៗទៀតទៅលើស្ពាន Southern Bridge និងផ្លូវរថភ្លើងក្រោមដីនៅរដ្ឋធានីកៀវ និងបង្ខំឱ្យផ្អាកចរាចរណ៍ជាបន្ទាន់។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីសាលាក្រុង។ សាក្សីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រទទួលស្គាល់ថាខ្លួនក៏ស្ដាប់ឮសំឡេងផ្ទុះនោះដែរ។ ទីក្រុងអូឡេស្គីស្ថិតនៅត្រើយខាងកើតទន្លេឌីនីប្រូនៃតំបន់ខឺសុន (Kherson) នៃប្រទេសអ៊ុយក្រែនភាគខាងត្បូង។ ទីនេះស្ថិតនៅទល់មុខនឹងទីក្រុងខឺសុនដែលកំពុងកាន់កាប់ដោយយោធាអ៊ុយក្រែន។ កងទ័ពរុស្ស៊ីគ្រប់គ្រងទីក្រុងនេះ (អូឡេស្គី) ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងដំបូងកាលពីខែកុម្ភៈ ឆ្នាំ២០២២។

បេសកជនពិសេសរបស់សេតវិមានបានពិភាក្សាគ្នាជាមួយភាគីរុស្ស៊ី និងអ៊ុយក្រែនកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះដើម្បីស្វែងរកដំណោះស្រាយសន្តិភាព។ អាមេរិកចង់បិទបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ កាលពីថ្ងៃសុក្រ លោក ហ្សេ ឡិនស្គីថ្លែងថាក្រុមអ្នកចរចារបស់អ៊ុយក្រែន រុស្ស៊ី និងអាមេរិកបានឯកភាពគ្នាថានឹងជួបគ្នានៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម នាខែវិច្ឆិកាដើម្បីចាប់ផ្ដើមការចរចាឡើងវិញ។ ក្រឡេកទៅមើលសមរភូមិសង្គ្រាមឯណោះវិញ រុស្ស៊ីបាញ់មីស៊ីលមួយគ្រាប់ចូលទីក្រុងកៀវសម្លាប់មនុស្សយ៉ាងតិចម្នាក់ និងរបួស១៥នាក់ រួមទាំងនិស្សិតម្នាក់ផងដែរ។

ក្រៅពីនេះ រុស្ស៊ីវាយប្រហារទីក្រុងខាគីវ និងផាវឡូរ៉ាត (Pavlohrad) បណ្ដាលឱ្យស្លាប់ និងរបួសមនុស្សមួយចំនួន។ ក្រសួងការពារជាតិរុស្ស៊ីបង្ហោះសារនៅលើតេឡេក្រាមថាយោធារបស់ខ្លួនវាយប្រហារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទីក្រុងកៀវ ទីតាំងព័ស្តុភារនៅតំបន់ខាគី និងទីតាំងឧស្សាហកម្ម និងកប៉ាល់ដឹកទំនិញជាច្រើនគ្រឿងនៅទីកន្លែងដទៃទៀតដែលរុស្ស៊ីអះអាងថាបម្រើឱ្យយោធា។ មិនមែនតែអ៊ុយក្រែនទេដែលរងការវាយប្រហារ អ៊ុយក្រែនក៏វាយបកទៅរុស្ស៊ីវិញដែរ។ ដ្រូនរបស់អ៊ុយក្រែនមួយគ្រឿងបាញ់សម្លាប់បុរសម្នាក់ និងរបួស៦នាក់នៅទីក្រុងប្រ៊ីយ៉ង់ (Bryansk) ដែលស្ថិតនៅកៀកនឹងព្រំដែនអ៊ុយក្រែន។ ក្រៅពីនេះមនុស្សម្នាក់ទៀតស្លាប់ និង៣០នាក់រងរបួសនៅពេលដ្រូនរបស់អ៊ុយក្រែនវាយប្រហាររថយន្តបឺសមួយគ្រឿងនៅតំបន់ហ្សាប៉ូរីហ្សៀ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ