សមត្ថកិច្ចបង្ក្រាបទីតាំងពរពោះជំនួសនៅខណ្ឌសែនសុខ ដោយឃាត់ខ្លួនចិននិងវៀតណាម៥នាក់ និងវត្ថុតាងមួយចំនួន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីតាំងរៀបចំ និងចាត់ចែងអោយមានអ្នកពរពោះជំនួសដោយខុសច្បាប់ ស្ថិតនៅខុនដូមួយកន្លែង នៅមូលដ្ឋានខណ្ឌសែនសុខ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ សហការជាមួយការិយាល័យផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ ចុះឆែកឆេរបង្ក្រាបដោយឃាត់ខ្លួនជនជាតិចិន និងវៀតណាមចំនួន៥ នាក់ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ។

តាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ នៅវេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ, លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលការផែនការងារសន្តិសុខ លោកស្រី ឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង ទទួលការងារការិយាល័យផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ បានដឹកនាំកម្លាំងសហការជាមួយគណៈបញ្ជាការរដ្ឋបាលខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលនីតិវិធី ពីលោកស្រី ផាន់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណី ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ និងអន្តរការរវាងអ្នកសុំកូន និងស្ត្រីពពោះ ស្ថិតនៅ បន្ទប់ខុនដូ ចំនួន ០២បន្ទប់ នៃអគារខុនដូរបូរីសែនសុខ អាគារC ផ្លូវបេតុង ភូមិ ទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ច រកឃើញមានជនបរទេសចំនួន០៥នាក់ស្រី ក្នុងនោះមាន ៖ ជនជាតិចិនចំនួន០១នាក់ស្រី ជាអ្នកចាត់ចែង និងរៀបចំមើលថែឲ្យមានការពពោះ និងជនជាតិរៀតណាមចំនួន០៤នាក់(ស្រី) ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ។ បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ