រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីប្រណាំងទូក «ង» នៅចុងខែវិច្ឆិកា ឆ្នាំ២០២៦
- សៀមរាប
ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំពិធីប្រណាំងទូក«ង» ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមានការចូលរួមពីព្រះសង្ឃ និងមន្ត្រីជំនាញ នៃមន្ទីរពាក់ព័ន្ធ ក្នុងខេត្តសៀមរាប ទាំងមូល។
ក្នុងកិច្ចប្រជុំនៅថ្ងៃទី២៣ ខែតុលា នេះ លោក ស៊ុន ចំណាន នាយករងរដ្ឋបាលខេត្ត សៀមរាប បានលើកឡើងថា ការរៀបចំពិធីប្រណាំងទូក«ង» នេះធ្វើឡើងក្នុងគោលបំណងលើកស្ទួយវប្បធម៌ អរិយធម៌ ទំនៀម ទម្លាប់ប្រពៃណីខ្មែរ ដែលដូនតាគ្រប់សម័យ កាលខំថែរក្សា និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងជាការរំឮកដល់ជ័យជំនះរបស់កងទ័ពជើងទឹកកាលពីសម័យអង្គរ។ បន្ថែមពីនេះកម្មវិធីនេះគឺជាការផ្សព្វផ្សាយដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងជាឱកាសក្នុងការជំរុញវិស័យទេសចរក្នុងខេត្តសៀមរាប ថែមទាំងលើកស្ទួយសេដ្ឋកិច្ចរបស់ខេត្ត តាមរយៈការគាំទ្រអំពីផលិតផលខ្មែរដែលធ្វើឡើងដោយស្នាដៃកូនខ្មែរពិតៗ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកខេត្តសៀមរាប នឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា នេះ ដោយឡែកការប្រណាំងទូក«ង» នឹងធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា នេះផងដែរ និងមានការរៀបចំកម្មវិធីផ្សេងៗមួយចំនួនទៀតដូចជា កម្មវិធីជិះទូកកម្សាន្ត កម្មវិធីសាសនា កម្មវិធីសិល្បៈបុរាណ ស្តង់ពិព័រណ៍ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត៕








ចែករំលែកព័តមាននេះ