ទីក្រុងយេរូសាឡឹម៖ ប្រជាជនអុីស្រាអែលចេញទៅបោះឆ្នោតនៅថ្ងៃនេះចំពេលដែលប្រទេសជាតិប្រឈមនឹងបញ្ហាសង្គ្រាមដែលមិនទាន់ដោះស្រាយបញ្ចប់នៅឡើយទេ និងនៅតែបន្សល់ទុកនូវស្លាកស្នាមពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីឆ្នាំ២០២៣។ ពួកគេក៏កំពុងបែកខ្ញែកមតិគ្នាជុំវិញថាតើត្រូវជ្រើសរើសនរណាឱ្យបានត្រឹមត្រូវពិតប្រាកដដើម្បីដឹកនាំប្រទេស។ នាយករដ្ឋមន្ត្រីអុីស្រាអែល លោកណឺតាន់យ៉ាហ៊ូ ប្រឈមនឹងគណបក្សនយោបាយជាច្រើនដែលចង់បញ្ចប់តំណែងរបស់គាត់។

លទ្ធផលស្ទង់មតិមុនការបោះឆ្នោតបង្ហាញថាការបោះឆ្នោតលើកនេះមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញរវាងលោកណឺតាន់យ៉ាហ៊ូ និងបេក្ខជនម្នាក់ទៀតដែលជាអតីតអគ្គនាយអគ្គសេនាធិការកងទ័ពអុីស្រាអែល លោកហ្កាឌី អេសិនខូត (Gadi Eisenkot)។ ប្រជាជនអុីស្រាអែលជាង៧លាននាក់បានចុះឈ្មោះបោះឆ្នោត។ ក្រៅពីនេះ ប្រជាជនអុីស្រាអែលដែលរស់នៅក្រៅប្រទេសរាប់ម៉ឺននាក់ទៀតក៏ធ្វើដំណើរចូលប្រទេសរបស់ខ្លួនដើម្បីបោះឆ្នោតផងដែរ។

នៅក្នុងប្រទេសអុីស្រាអែល ការប្រកួតប្រជែងគ្នាដែលខ្លាំងបំផុតគឺពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ និងនរណាគួរឡើងធ្វើជានាយករដ្ឋមន្ត្រីដើម្បីការពារប្រទេសជាតិរបស់ខ្លួន។ នៅខាងក្រៅប្រទេសអុីស្រាអែល បញ្ហាធំពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះរបស់ប្រទេសនេះបន្ទាប់ពីមានការរិះគន់កាន់តែច្រើនឡើងៗអំពីសង្គ្រាមនៅហ្កាហ្សា និងអំពើហិង្សាដែលបង្កឡើងដោយក្រុមអ្នកតាំងទីលំនៅជនជាតិជ្វីបនៅតំបន់វេសស្បេង (West Bank)។

នៅក្នុងប្រព័ន្ធនយោបាយសភានិយមរបស់អុីស្រាអែល មិនដែលមានគណបក្សណាមួយឈ្នះឆ្នោតសំឡេងភាគច្រើនដាច់ខាតដើម្បីដឹកនាំប្រទេសម្នាក់ឯងនោះទេ។ ហេតុនេះ លើកនេះគេគិតថាប្រវត្តិសាស្ត្រច្រំដែលអាចនឹងកើតឡើងទៀត។ ទាំងគណបក្សសម្ព័ន្ធភាពបែបសាសនានិយម និងជាតិនិយមជ្រុលរបស់លោកណឺតាន់យ៉ាហ៊ូ និងសម្ព័ន្ធភាពគណបក្សដែលចង់ដកលោកណឺតាន់យ៉ាហ៊ូពីតំណែងអាចនឹងមិនទទួលបានសំឡេងភាគច្រើនដាច់ខាតឡើយ។ បើដូច្នេះមែន ក្រោយការបោះឆ្នោតមុខជាមានការចរចាគ្នាជាច្រើនសប្ដាហ៍ដើម្បីកំណត់ថាតើត្រូវជ្រើសរើសនរណាជាអ្នកដឹកនាំ៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ