ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​ចេញ​ញត្តិ​ថ្កោលទោស​ទ​ង្វើ​ខុសច្បាប់​ក្បត់ឧត្តមគតិ​រាស្ត្រ​ពួក​ក្រុម​ឧទ្ទាម​ក្រៅច្បាប់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្កោលទោស​ដាច់អហង្ការ​បំផុត​ចំពោះ​សកម្មភាព​របស់​ពួក​ឧទ្ទាម​ក្រៅច្បាប់ ដែល​បាន​បង្កើត​រដ្ឋសភា​ដោយ​ខុសច្បាប់ កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៦ នៅ​ទី​ក្រុងប៉ារីស ។ អង្គការ​ចាត់តាំង​នេះ ជា​ស្ថាប័ន​ខុសច្បាប់​រំលោភ​រដ្ឋធម្មនុញ្ញ មិន​ស្រប​តាម​របប​លទ្ធិ​ប្រជាធិ​ប​តេ​យ្យ មិន​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ដើម្បី​បង្កើត​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ស្ថាប័ន​នីតិបញ្ញត្តិ ស្របច្បាប់​តែ​មួយ​គត់ តាម​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ និង​គោលការណ៍​លទ្ធិប្រជា ធិបតេយ្យ ។

អនុលោម​តាម​មាត្រា​៥១​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា «​ព្រះរាជាណាចក្រ​កម្ពុជា​អនុវត្ត​នយោបាយ ប្រជាធិបតេយ្យ​សេរី​ពហុ បក្ស​។ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន ។ អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លួន​តាម​រយៈ​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង​សាលា​ជម្រះក្តី​។​»

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្កោលទោស​ចំពោះ​ចេតនា​ខ្មៅ​កង្វក់​របស់​ឧទ្ទាម​ក្រៅច្បាប់​នៅ​ក្រៅប្រទេស ដែល​អំពើ​នេះ​គ្មាន​អ្វី​ក្រៅពី​ការ​បន្ត​មហិច្ឆតា​នយោបាយ​ទុច្ចរិត ក្នុង​ការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដោយ​មិន​អនុវត្ត​តាម​លទ្ធិប្រជាធិបតេយ្យ តាម​រយៈ​ការ​ញុះញង់ បំបែកបំបាក់ ការ​បោក​បញ្ឆោត និង​ប្រជា​ភិ​ថុ​ត ដែល​រំលោភ​គោលការណ៍​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ជា​ធរមាន និង​ការ​ពិត​ជាក់ស្តែង​នៅ​កម្ពុជា ។

រដ្ឋសភា​និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បង្កើត​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ បាន​និង​កំពុង​បំពេញ​តួនាទី​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ ដោយ​មាន​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​ធានា​និង​ការពារ​ឱ្យ​បានជា​ដាច់ខាត​នូវ​សុខ​សន្តិភាព ស្ថិរភាព​សង្គម និង ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិ​យា​បន្ន ជា​ពិសេស ធានា​ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដី យ៉ាង​ម៉ឺងម៉ាត់ ប្រឆាំង​នឹង​ការ​ឈ្លានពាន​យ៉ាង​គ​ឃ្លី​ន​របស់​បរទេស​មក​លើ​កម្ពុជា ដោយ​ប្រកាន់ខ្ជាប់ នូវ​គោលការណ៍​សន្តិភាព ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ការ​គោរព​ច្បាប់​អន្តរជាតិ និង​យន្តការ ទ្វេភាគី ដែល​មាន​ស្រាប់ ដោយ​ភាព​អត់ធ្មត់​និង​បត់បែន​តាម​គោលការណ៍ «​ស្ងាត់​តែ​មិន​ស្ងៀម​» ដោយ តម្កល់​ផលប្រយោជន៍​ប្រទេស​ជាតិ​និង​អាយុជីវិត​ប្រជាពលរដ្ឋ​ជា​អាទិភាព​។

តាម​រយៈ​កិច្ច​សហប្រតិបត្តិការ ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​និង​ដៃគូ​អន្តរជាតិ​នានា រាជរដ្ឋាភិបាល​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ការ​ឆបោក តាម​ប្រព័ន្ធ​អន​ឡាញ​ដោយ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ទទួល​បានការ​ទទួលស្គាល់​និង​ការ​កោតសរសើរ​ពី ស្ថាប័ន​អន្តរជាតិ​នានា​។

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សង្កេត​ឃើញ​ថា​ខណៈ​ដែល​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស កំពុង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ភាព​ស្វាហាប់ និង​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​ទទួល​បាន​លទ្ធផល​ដ៏​ត្រចះត្រចង់ ប្រកបដោយ​មោទនភាព​ជាតិ​ជាទី​បំផុត​នោះ ក្រុម​ឧទ្ទាម​មានការ​ភ័យ​ខ្លាច​និង​ភាព​ភ័យ​ស្លន់ស្លោ​កាន់តែ​ខ្លាំង អំពី​ជោគវាសនា​នយោបាយ​របស់​ខ្លួន​។

ញត្តិ​បាន​លើក​ឡើង​ថា ក្រុម​ឧទ្ទាម​បាន​និង​កំពុង​ព្យាយាម​បង្កើត​ចលនា​បង្ក​អ​ស្ថិរភាព បំបែកបំបាក់​សាមគ្គី​និង​ឯកភាព​ជាតិ ដើម្បី​តែ​ផលប្រយោជន៍​ម​ហិ​ច្ច​តា​នយោបាយ​របស់​ខ្លួន​ដោយ​មិន​ខ្វល់ ពី​សោ​ដ​នាដកម្ម​ទាំងអស់​ដែល​កើត​មាន​ឡើង​ដោយសារ​អំពើ​ក្រៅច្បាប់​របស់​ខ្លួន​។

អំពើ​ឧទ្ទាម​ក្រៅច្បាប់​នេះ​ត្រូវ​បាន​ថ្កោលទោស​ជា​សាធារណៈ ហើយ​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​នឹង ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នា​ពេល​ខាង​មុខ ចលនា​ឧទ្ទាម​ក្រៅច្បាប់ នេះ​នឹង​ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស​និង​រង​នូវ​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ សម​ដូច​ពាក្យ​បុ​រា​ណា​ចា​រ្យ​ខ្មែរ​មួយ​ឃ្លា ដែល​ចែង​ថា «​អ្នក​សាប​ព្រួស​ខ្យល់ តែង​រង​មក​វិញ​នូវ​ព្យុះសង្ឃរា​»​។
រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​ជនរួមជាតិ​ទាំងអស់ ទាំង​ក្នុង​និង​ក្រៅប្រទេស ត្រូវ​លើកកម្ពស់​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជៀសវាង​ការ​ចាញ់​ឧបាយកល​ដ៏​ពិសពុល ខ្មៅ​កខ្វក់​របស់​ក្រុម​ឧទ្ទាម​ដែល​តែងតែ​ព្យាយាម​ផ្តួលរំលំ​រដ្ឋសភា​និង​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា​។

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​រក្សា សាមគ្គីភាព​និង​ការ​ជឿជាក់​លើ​រាជរដ្ឋាភិបាល សភា និង​ថ្នាក់ដឹកនាំ​កំពូល ក្រោម​ការ​ដឹកនាំ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​មហា​បវរ ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ជាតិ​ប្រកបដោយ​សុខ​សន្តិភាព វិបុលភាព និង​កិត្យានុភាព លើ​ឆាក​អន្តរជាតិ​ជា​និច្ច​និរន្តរ៍​៕