សិង្ហបុរី ៖ ជាមួយនឹងគោលដៅថ្មីរបស់សិង្ហបុរីក្នុងការដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យកម្រិត ៤ ជីហ្គាវ៉ាត់កំពូល (GWp) នៅត្រឹមឆ្នាំ ២០៣៥ លោកស្រី លោកស្រី Gan Siow Huang រដ្ឋលេខាធិការទទួលបន្ទុកក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បាននិយាយនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៦ក្នុងថ្ងៃទី២នៃព្រឹត្តិការណ៍ «សប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរី» (Singapore International Energy Week) ថាដំឡើងបន្ទះសូឡាបន្ថែមទៀតនៅតាមទីសាធារណៈក៏ដូចជាការសិក្សាដាក់បន្ទះសូឡានៅដំបូលអគារ ឬសំណង់អគារបុរាណ។
លោកស្រីបានថ្លែងថា ប្រទេសសិង្ហបុរីកំពុងសិក្សាពីការប្រើប្រាស់បន្ទះសូឡាសម្រាប់ដំបូលនៅលើអគារបេតិកភណ្ឌ ដើម្បីផលិតថាមពលស្អាត។ លោកស្រីបានបញ្ជាក់បន្ថែមថា កិច្ចការនេះនឹងត្រូវអនុវត្តដោយមិនធ្វើឱ្យប៉ះពាល់ដល់លក្ខណៈស្ថាបត្យកម្ម និងអត្តសញ្ញាណដ៏ពិសេសរបស់អគារទាំងនោះឡើយ ដោយមានកិច្ចសហការជាមួយអាជ្ញាធរដីធ្លីសិង្ហបុរី (Singapore Land Authority) និងមជ្ឈមណ្ឌលនវានុវត្តន៍បច្ចេកវិទ្យាស្វីស (SISEM)។
លោកស្រី Gan Siow Huang បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងស្វែងរកលទ្ធភាពសាកល្បងប្រើប្រាស់ក្បឿងដំបូលស្រូបថាមពលពន្លឺព្រះអាទិត្យនៅលើអគារបេតិកភណ្ឌ ឬអគាររបស់រដ្ឋ ដើម្បីផលិតថាមពលស្អាត។ ការអនុវត្តនេះនឹងត្រូវធ្វើឡើងដោយមិនប៉ះពាល់ដល់លក្ខណៈស្ថាបត្យកម្ម និងអត្តសញ្ញាណដ៏ពិសេសនៃអគារបេតិកភណ្ឌទាំងនោះឡើយ។ សរុបមក យើងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដោយប្រើប្រាស់រាល់ទីតាំង និងផ្ទៃសំណង់ទាំងអស់ ដើម្បីចាប់យកឱកាសក្នុងការទាញយកថាមពលពន្លឺព្រះអាទិត្យនៅទូទាំងប្រទេសសិង្ហបុរី។ ទោះជាយ៉ាងណាក៏ដោយ យើងដឹងថាមានកម្រិតកំណត់ចំពោះបរិមាណថាមពលពន្លឺព្រះអាទិត្យ ដែលយើងអាចផលិតបាននៅទីនេះ។ ដូច្នេះ ថាមពលពន្លឺព្រះអាទិត្យនឹងអាចបំពេញតម្រូវការអគ្គិសនីរបស់យើងបានប្រហែល ១០ ភាគរយ (ឬតាមការប៉ាន់ស្មានខ្លះ គឺយ៉ាងច្រើនបំផុតត្រឹម ១០ ភាគរយ) នៅឆ្នាំ ២០៥០។ ក្នុងពេលជាមួយគ្នានេះ ជម្រើសជាច្រើនដែលជួយកាត់បន្ថយការបំភាយកាបូន ដែលយើងកំពុងពិចារណានោះ គឺនៅស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ហើយនឹងមិនទាន់អាចដាក់ឱ្យប្រើប្រាស់បានក្នុងពេលឆាប់ៗនេះទេ។
សូមបញ្ជាក់ថា អាជ្ញាធរទីផ្សារថាមពល (Energy Market Authority ឬ ហៅកាត់ថា EMA) បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៧ ខែតុលានេះដោយចង្អុលបង្ហាញនូវងគោលដៅថ្មីរបស់ប្រទេសសិង្ហបុរី ក្នុងការដាក់ឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យកម្រិត ៤ ជីហ្គាវ៉ាត់ (GWp) នៅត្រឹមឆ្នាំ ២០៣៥។ EMA និយាយថា កំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបើកឱកាសបន្ថែមទៀតសម្រាប់ការអភិវឌ្ឍថាមពលប្រភេទនេះ។ ដើម្បីសម្រេចគោលដៅនេះ គឺទាមទារនូវសកម្មភាពទាំងនេះរួមមាន ការស្វែងរកទីតាំងថ្មីៗ និងទម្រង់នៃការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ, ការសម្រួលដល់ម្ចាស់លំនៅឋានឯកជនក្នុងការចាប់យកការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ, ព្រមទាំងការធានាថាបណ្តាញអគ្គិសនីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលយកការផ្គត់ផ្គង់ថាមពលដែលកើនឡើងពីប្រភពថាមពលពន្លឺព្រះអាទិត្យនេះ។
ដើម្បីកំណត់ថាតើប្រទេសសិង្ហបុរីអាចដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យបន្ថែមនៅទីណា និងតាមរបៀបណាខ្លះ អាជ្ញាធរទីផ្សារថាមពល (EMA) នឹងសហការជាមួយវិទ្យាស្ថានស្រាវជ្រាវថាមពលពន្លឺព្រះអាទិត្យនៃប្រទេសសិង្ហបុរី (SERIS) ដើម្បីធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវសម្រាប់ថាមពលពន្លឺព្រះអាទិត្យ (Solar PV Roadmap) របស់សិង្ហបុរី ដោយផ្អែកលើកំណែដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពីឆ្នាំ ២០២០។
ផែនទីបង្ហាញផ្លូវដែលបានធ្វើបច្ចុប្បន្នភាពនេះ នឹងវាយតម្លៃឱកាសសម្រាប់ការដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យនៅលើផ្ទៃប្រភេទផ្សេងៗគ្នា ព្រមទាំងជួយកំណត់ទិសដៅឆ្ពោះទៅរកការបង្កើនការដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យឱ្យដល់កម្រិតអតិបរមា ក្នុងរយៈពេលមធ្យមទៅរយៈពេលវែង ដើម្បីគាំទ្រដល់មហិច្ឆតាដ៏ធំជាងមុនរបស់សិង្ហបុរីលើវិស័យថាមពលពន្លឺព្រះអាទិត្យ ៕


ចែករំលែកព័តមាននេះ