ព្រលឹតធម្មជាតិកោះជុំ មានទីផ្សារដល់ក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ពលរដ្ឋអាចរកចំណូលបានជាង ១០ម៉ឺនរៀលក្នុងមួយថ្ងៃ
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ក្រៅពីការងារធ្វើស្រែចម្ការ ប្រជាពលរដ្ឋភាគច្រើននៅឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានឆ្លៀតពេលប្រកបរបរដកព្រលឹតធម្មជាតិ ដែលជារបរមួយជួយទ្រទ្រង់ជីវភាពគ្រួសារ និងដោះទាល់បានមួយកម្រិត ។

បងស្រី អែម ហាង រស់នៅភូមិដំរីស ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានរៀបរាប់ថា រូបគាត់បានប្រកបរបរដកព្រលឹតនេះអស់រយៈពេល ៣ឆ្នាំមកហើយ ។ ក្នុងមួយថ្ងៃៗ បងស្រីត្រូវធ្វើដំណើរទៅដកព្រលឹតនៅបឹងធម្មជាតិមួយដែលមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីផ្ទះ ។ ភាពព្យាយាមនេះ ហុចផលឱ្យគាត់អាចដកព្រលិតបាន ៣ស្បោងក្នុងមួយថ្ងៃ (ស្មើនឹង ៤៥គីឡូក្រាម) ដើម្បីយកទៅលក់បន្តឱ្យឈ្មួញកណ្ដាល ដោយទទួលបានកម្រៃ ៣ម៉ឺនរៀល ដែលតម្លៃជាមធ្យម ១៥គីឡូក្រាម ១ម៉ឺនរៀល ។

ដោយសារតែព្រលឹតនៅទីនេះជា ព្រលឹតធម្មជាតិសុទ្ធសាធ និងមានរសជាតិឆ្ងាញ់ ដែលគេនិយមយកមកឆា ស្ល និងធ្វើជាអន្លក់នោះ ធ្វើឱ្យមុខរបរនេះមានទីផ្សារទូលំទូលាយ ។ មិនត្រឹមតែលក់ក្នុងខេត្តប៉ុណ្ណោះទេ ឈ្មួញបានមករកទិញដល់ទីកន្លែង ដើម្បីដឹកយកទៅចែកចាយបន្តដល់ទីផ្សាររាជធានីភ្នំពេញ និងខេត្តព្រះសីហនុថែមទៀតផង ។

លោក ម៉ន ស៊ីមៀន មេឃុំកោះជុំ បានបញ្ជាក់ឱ្យដឹងថា មុខរបរដកព្រលឹតតាមបឹងធម្មជាតិ និងអាងទឹកនេះ បានរីកសាយភាយ និងផុសផុលខ្លាំងក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ។ អ្វីដែលកាន់តែពិសេស ប្រជាពលរដ្ឋមួយចំនួនដែលមានលទ្ធភាព បានកាយស្រះផ្ទាល់ខ្លួនដើម្បីដាំព្រលិត ដែលធ្វើឱ្យពួកគាត់អាចប្រមូលផលបានទាំងរដូវវស្សា និងរដូវប្រាំងឱ្យតែមានទឹកគ្រប់គ្រាន់ ។
លោកថា ក្រៅពីព្រលឹត ប្រជាពលរដ្ឋក្នុងឃុំកោះជុំ ក៏មានមុខរបរបន្ទាប់បន្សំផ្សេងទៀត ដែលបង្កើនចំណូលសម្រាប់គ្រួសារដូចជា ៖ ការដកក្រអៅឈូក និងផ្លែឈូក, ជញ្ជាត់ត្រី, ជញ្ជាត់កន្តេះឡង់ និងចាប់ឈ្លើង ។

លោកមេឃុំរូបនេះបានបន្ថែមថា មុខរបរដកព្រលឹតនេះអាចផ្ដល់ចំណូលគាប់ប្រសើរដល់គ្រួសារពលរដ្ឋ ។ សម្រាប់គ្រួសារខ្លះអាចរកចំណូលបានពី ២ម៉ឺន ទៅ ៣ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែសម្រាប់គ្រួសារដែលមានសមាជិកច្រើន ចំណូលអាចកើនឡើងដល់ ៨ម៉ឺន ទៅជាង ១០ម៉ឺនរៀលក្នុងមួយថ្ងៃ តាមរយៈការយកទៅលក់នៅតាមផ្លូវវាងក្រុង និងបោះដុំឱ្យឈ្មួញយកទៅចែកចាយទូទាំងខេត្ត ជាពិសេសទៅដល់ក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ៕






ចែករំលែកព័តមាននេះ