ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​រ៉ា​ប៊ី​សា​អូឌីត​ គ្រោង​ស្តុក​ប្រេង​ឆៅ​នៅ​សិង្ហ​បុរី ចាប់ពី​ឆ្នាំ​ក្រោយ ដើម្បី​ពង្រឹង​សន្តិសុខ​ការ​ផ្គត់​ផ្គង់​នៅ​អាស៊ី

1 ថ្ងៃ មុន

ទីក្រុង​រី​យ៉ា​ដ ៖ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត គ្រោង​នឹង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​ប្រទេស​សិង្ហ​បុរី ចាប់ពី​ឆមាស​ទី​២ ឆ្នាំ ២០២៧ តទៅ ដើម្បី​ពង្រឹង​សុវត្ថិភាព​នៃ​ការ​ផ្គត់ផ្គង់​នៅ​ក្នុង​តំបន់​។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ថាមពល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា​។

ប្រភព​ពី Reuters បាន​រាយការណ៍​ថា ការ​សម្រេចចិត្ត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​លើ​អ៊ី​រ៉​ង់ បាន​បាត់បង់​ការ​ផ្គត់ផ្គង់​ថាមពល​ទៅ​កាន់​ទ្វីបអាស៊ី​យ៉ាងធ្ងន់ធ្ងរ ដែល​ដឹក​ជញ្ជូន​កាត់​តាម​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ដែល​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​ជា​ច្រើន​ប្រើប្រាស់​យក​ប្រេង​ឆៅ​ពី​ឃ្លាំង​ស្តុក និង​បង្កើន​ការ​ព្រួយបារម្ភ​អំពី​កម្រិត​ស្តុក​ប្រេង​ទូ​ទាំង​ពិភព​លោក​។ ដ្បិត​មុន​ផ្ទុះ​សង្គ្រាម ទ្វីបអាស៊ី​បាន​នាំ​ចូល​ប្រេង​ចំនួន ២ ភាគ ៣ ពី​តំបន់​ជ្ឈិ​ម​បូព៌ា​។

ក្រុមហ៊ុន​ប្រេង​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត Saudi Aramco ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ​អាជ្ញាធរ​ទីផ្សារ​ថាមពល និង​ក្រុមហ៊ុន JTC Corp របស់​សិង្ហ​បុរី កាលពី​ថ្ងៃ​ចន្ទ ហើយ​មាន​គោលបំណង​បញ្ចប់​ការ​ចរចា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​។ ការ​រៀបចំ​នេះ នឹង​ពង្រឹង​ភាព​ធន់​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ប្រេង​ឆៅ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​អាស៊ី​អាគ្នេយ៍ ក៏​ដូច​ជា​រួមចំណែក​ដល់​សន្តិសុខ​ថាមពល និង​ភាព​ធន់​របស់​សិង្ហ​បុរី នៅ​ក្នុង​ករណី​មានការ​អាក់ខាន​នៃ​ការ​ផ្គត់ផ្គង់​។

ភាគី​ទាំង​ពីរ​បាន​ប្រកាស​អំពី​បំណង​រួម​ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​មួយ ដើម្បី​ស្តុក​ប្រេង​ឆៅ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ទុក​នៅ​ក្នុង​រូង​ថ្ម​ជូ​រ៉ុ​ង (Jurong) នៃ​កោះ​ជូ​រ៉ុ​ង ប្រទេស​សិង្ហ​បុរី ចាប់ពី​ឆមាស​ទី ២ ឆ្នាំ ២០២៧ ដែល​រូង​ថ្ម​នោះ​មាន​ជម្រៅ ១៥០ ម៉ែត្រ​ក្រោម​ដី និង​សមត្ថភាព​ស្តុក​សារធាតុ​រាវ​ដូច​ជា​ប្រេង​ឆៅ និង​ប្រេងកាត​ខាប់​រហូត​ដល់ ១,៤៧ លាន​ម៉ែត្រគូប ឬ​ប្រហែល ៩ លាន​បារ៉ែល​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ក្រុមហ៊ុន Saudi Aramco បាន​ស្តុក​ប្រេង​ឆៅ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង​។ ក្រុមហ៊ុន Aramco Japan បាន​បញ្ជាក់​ថា សមត្ថភាព​ស្តុក​ប្រេង​ឆៅ​នៅ​កោះ​អូ​គី​ណា​វ៉ា (Okinawa) ត្រូវ​បាន​ពង្រីក​ដល់ ៨,២ លាន​បារ៉ែល កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សាជីវកម្ម​ប្រេង ឧស្ម័ន និង​លោហៈជាតិ​របស់​ជប៉ុន (JOGMEC)​។ នៅ​ក្នុង​ឆ្នាំ ២០២៣ ក្រុមហ៊ុន Aramco បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សាជីវកម្ម​ប្រេង​ជាតិ​កូរ៉េ​ខាងត្បូង ដើម្បី​រក្សា​ទុក​ប្រេង​ចំនួន ៥,៣ លាន​បារ៉ែល នៅ​ក្នុង​កន្លែង​បម្រុង​ប្រេង​កូរ៉េ​ខាងត្បូង នៅ​ឯកំ​ពង់​ផែ​អ៊ុ​ល​សាន (Ulsan) រយៈពេល​៥​ឆ្នាំ​៕