ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់មានការប្រាប់មុនទេ ! រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាដល់មន្ទីរពេទ្យកុមារជាតិផ្ទាល់

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី​សុខាភិបាល ចុះ​ពិនិត្យ​ការ​បម្រើសេវា​សុខាភិបាល នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ដោយ​មិន​ជូនដំណឹង​ជា​មុន ។ នេះ​បើ​យោង​តាម​ផេ​ក ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា​នេះ ។

ជាក់ស្តែង​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ថា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែតុលា ឆ្នាំ​២០២៦ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង ការ​បម្រើសេវា​សុខាភិបាល នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ដោយ​មិន​ជូនដំណឹង​ជា​មុន ដោយ​ចុះ​ពិនិត្យ​ផ្នែក​សម្ភព ពិនិត្យ​ជំងឺ​ក្រៅ ការ​ទទួល​បដិសណ្ឋារកិច្ច​, កន្លែង​ចាក់​វ៉ាក់សាំង និង​ផ្នែក​អាហារូបត្ថម្ភ ។

ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ចូលរួម​ស្តាប់​ការ​ប្រជុំ​បច្ចេកទេស​ពេល​ព្រឹក​របស់​មន្ទីរពេទ្យ​កុមារ​ជាតិ និង​បាន​ផ្តល់​ការ​ណែនាំ​ចំណុច​សំខាន់​ដូច​ជា ទម្រង់​នៃ​ការ​ប្រជុំ ការ​ដឹកនាំ​ការ​ប្រជុំ និង​ការ​វាយតម្លៃ ។ របាយការណ៍ ត្រូវធ្វើ​ឡើង​ដោយ​ខ្លី សង្ខេប ចំ​គោលដៅ និង​មាន​ទិន្នន័យ​តួលេខ​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ក្នុង​ការ​តាមដាន និង​វាយតម្លៃ ជា​ពិសេស​ពិនិត្យ​លើ​របាយការណ៍​ស្ថិតិ​ជំងឺ ។

មន្ទីរពេទ្យ​ត្រូវ​មានការ​ប្រជុំ​ឱ្យ​បាន​ទៀងទាត់ ពិនិត្យ​ការ​គ្រប់គ្រង និង​តាមដាន​ការ​អនុវត្ត​ពិធីសារ​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ និង​បទដ្ឋាន​បច្ចេកទេស​ព្យាបាល​សម​ស្រប ។

បន្ថែម​ពី​នេះ ការ​ពិភាក្សា​ករណី​ជំងឺ​ធ្ងន់​ៗ និង​ស្មុគស្មាញ ត្រូវ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​រវាង​ក្រុម​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែងរក​ដំណោះស្រាយ វិធីសាស្ត្រ​ព្យាបាល​ជាក់ស្តែង និង​លើកកម្ពស់​សុវត្ថិភាព​អ្នកជំងឺ​ជា​ចម្បង ។

សូម​ជូនពរ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ និង​មន្ត្រី​សុខាភិបាល​ទាំងអស់ បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុង​បម្រើសេវា​សុខាភិបាល​ប្រកបដោយ​ការ​យកចិត្តទុកដាក់ និង​ក្រមសីលធម៌ និង​ពង្រឹងគុណភាព​សេវា​ថែទាំ និង​ព្យាបាល ប្រកបដោយ គុណភាព សុវត្ថិភាព និង​សមធម៌ ៕