សង្គ្រាមអ៉ីរ៉ង់ ៖ គណៈប្រតិភូជាន់ខ្ពស់មកពីអារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាននិងតួកគី បានមកជួបប្រជុំគ្នាកាលពីថ្ងៃទី២៦ តុលា នៅក្រុងតេហេរ៉ង់ ដើម្បីពិភាក្សាជាមួយអាជ្ញាធរអ៉ីរ៉ង់សាកល្បង ចៀសវាងការប្រយុទ្ធគ្នាថ្មីៗទៀតក្នុងសង្គ្រាមនៅអ៉ីរ៉ង់ ។ នេះបើតាមការអះអាងរបស់ក្រសួងការបរទេសអ៉ីរ៉ង់ ។

ការចរចាគ្នានោះ កើតមានពេលដែលពលរដ្ឋអ៉ីរ៉ង់ជាច្រើនមានការព្រួយបារម្ភ ពីការវិលត្រឡប់ទៅរកសង្គ្រាមទាំងស្រុងជាថ្មីមួយ។ មេដឹកនាំអាមេរិក និងអ៉ីស្រាអែល បានពង្រឹងការគំរាមកំហែង ពេលការបោះឆ្នោតក្នុងប្រទេសទាំង២ជិតមកដល់ ចំណែកមេដឹកនាំអ៉ីរ៉ង់វិញ កំពុងស្ថិតក្នុងស្ថានភាពការពារ ។
រដ្ឋមន្ត្រីការពារប្រទេសអារ៉ាប៊ីសាអូឌីត លោកខាឡេដបេនសាលម៉ាន់ ប្រមុខកងទ័ពប៉ាគីស្ថានសេនាប្រមុខអាស៊ីមបូនៀរ និងប្រមុខភ្នាក់ងារស៊ើបការណ៍តួកគី លោកអ៉ីប្រាហ៊ីមកាលីន បានជួបពិភាក្សាជាមួយបណ្ដាអ្នកទទួលខុសត្រូវជាន់ខ្ពស់បំផុតខាងសន្តិសុខ និងបណ្ដាអ្នកចរចាអ៉ីរ៉ង់ ដើម្បីធ្វើឲ្យមានការរីកចម្រើនឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយរវាងក្រុងតេហេរ៉ង់ និងក្រុងវ៉ា
ស៊ីនតោន ។
សង្គ្រាមនៅយេម៉ែន និងការវាយប្រហាររបស់ពួកហ៊ូធី គាំទ្រដោយអ៉ីរ៉ង់ប្រឆាំងអារ៉ាប៊ីសាអូឌីតក៏ជាកម្មវត្ថុនៃការពិភាក្សាគ្នានោះដែរ។ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោកអ៉ីស្មាអ៊ីលបាក់ហៃថ្លែងទៅកាន់បណ្ដាអ្នកកាសែតនៅក្រុងតេហេរ៉ង់ថា របៀបវារៈនៃកិច្ចប្រជុំនេះ មិនត្រូវបានកំណត់ឡើយ តែការពិភាក្សាពិតណាស់ផ្ដោតលើ ការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះសន្តិសុខតំបន់ ។
ប្រធានាធិបតីអ៉ីរ៉ង់លោកម៉ាស់ស៊ូដប៉េហ្សេស្គីយ៉ានអះអាង នាថ្ងៃទី២៦ តុលា ក្នុងឱកាសនៃការពិភាក្សាថា អ៉ីរ៉ង់គាំទ្ររាល់កិច្ចព្រមព្រៀង ដែលអាចធ្វើឲ្យស៊ីជម្រៅដល់កិច្ចសហប្រតិបត្តិតំបន់ ដោះស្រាយបណ្ដាទំនាស់ និងធ្វើអាជីវកម្មធនធាន និងសមត្ថភាពរួមរបស់បណ្ដាប្រទេសអ៊ិស្លាមដោយល្អប្រសើរ ។
ក្នុងសេចក្ដីប្រកាសមួយអារ៉ាប៊ីសាអូឌីតគូសបញ្ជាក់ថា បណ្ដាគណៈប្រតិភូសង្ឃឹមរកឃើញមធ្យោបាយសម្រាលភាពតានតឹង ពង្រឹងសន្តិសុខតំបន់និងលើកស្ទួយស្ថេរភាពតំបន់ ។ ចំពោះការគំរាមរបស់អាមេរិក និងអ៊ីស្រាអែលថានឹងវាយប្រហារអ៉ីរ៉ង់ជាថ្មីខ្លាំងក្លាបំផុត អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់និយាយថា កងទ័ពយើងត្រៀមការពារនិងវាយប្រហារ និងបានព្រមានថា ពួកអ្នកនឹងទទួលរងការវាយប្រហារតបមួយដែលនឹកស្មានមិនដល់ ៕

ចែករំលែកព័តមាននេះ