ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាក្រុង​ព្រ.មា.ន​ថា​លើក​នេះ​លោក​នឹង​មិន​បណ្ដោយ​ឱ្យ​ក្រុម​បះ​បោរ​បង្ក​ការ​អុក​ឡុក​ដូច​កាល​ពី​មុន​ឡើយ

1 ថ្ងៃ មុន

ទី​ក្រុង​ប៉ារីស​៖ ប្រធានា​ធិបតី​បារាំង លោក​ម៉ាក្រុង​ ប្រកាស​ថា​លើក​នេះ​រដ្ឋាភិបាល​នឹង​មិន​បន្ធូរ​ដៃ​ត​ទៅ​ទៀត​ទេ​ក្នុង​ការ​ប្រើ​ប្រាស់​វិធាន​ការ​ក្ដៅ​ទៅ​លើ​ក្រុម​អ្នក​និយម​ចូល​ចិត្ត​ប្រើ​ប្រាស់​អំពើ​ហិង្សា​ ឬ​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​។ រដ្ឋាភិបាល​របស់​លោក​ត្រៀម​ប្រកាស​ដាក់​ចេញ​នូវ​វិធាន​ការ​ក្ដៅ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ចលនា​តវ៉ា​ដ៏​ពុះ​កញ្ជ្រោល​ទូទាំង​ប្រទេស​បារាំង​​។ នៅ​ក្នុង​ចំណោម​នោះ​​មាន​ទាំង​ក្រុម​ដែល​តវ៉ា​ដោយ​​សន្តិ​វិធី និង​មាន​របៀប​រៀប​រយ​ និង​ក្រុម​​ដែល​ឆ្លៀត​​ឱកាស​បង្ក​ភាព​វឹក​វរ​ដល់​សន្តិ​សុខ​សង្គម​។

ទន្ទឹម​នឹង​នោះ លោក​ម៉ាក្រុង​​ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា​ប្រទេស​ជាតិ​អាច​​ប្រ​ឈម​នឹង​ហានិ​ភ័យ​នៃ​អស្ថិរ​ភាព​។ នាយក​រដ្ឋមន្ត្រី​បារាំង​ លោ​ឡឺ​គ័រ​នូ ត្រៀម​​រៀប​ចំ​សន្និ​សីទ​សារ​ព័ត៌​មាន​នៅ​ពេល​បន្តិច​ទៀត​នេះ​បន្ទាប់​ពី​លោក​ជួប​ពិភាក្សា​គ្នា​ជា​មួយ​ក្រុម​សម្ព័ន្ធ​​​សិស្ស​សាលា​មធ្យម​សិក្សា​ដែល​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​គិត​គូរ​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ចំពោះ​វិស័យ​អប់​រំ និង​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​នីតិ​វិធី​នៃ​ការ​ជ្រើស​រើស​បេក្ខ​ជន​ចូល​រៀន​នៅ​តាម​សាកល​វិទ្យា​ល័យ​។

ពួក​គេ​គិត​ថា​នៅ​មាន​វិសម​ភាព​ច្រើន​ណាស់​​នៅ​ក្នុង​បញ្ហា​នេះ​។ លោក​ម៉ាក្រុង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​​លោក​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ឆ្លើយ​តប​ចំពោះ​ការ​ទាម​ទារ​ស្រប​ច្បាប់​ដែល​ជា​​​ឫស​គល់​នៃ​បញ្ហា​នាំ​ទៅ​ដល់​ការ​ហែ​បាតុកម្ម​។ លោក​ទើប​តែ​វិល​ត្រឡប់​ពី​ចុះ​ពិនិត្យ​មើល​ទំហំ​នៃ​ការ​ខូច​ខាត​ដែល​បង្ក​ឡើង​ដោយ​ពួក​បះ​បោរ​។ លោក​ម៉ាក្រុង​បាន​លើក​យក​ពាក្យ​សម្ដី​របស់​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​មក​និយាយ​ឡើង​វិញ​ថា​ភាព​រំជើប​រំជួល​ទំនង​ជា​កើត​មាន​ជា​ថ្មី​នៅ​ចុង​សប្ដាហ៍​ក្រោយ​។

​សម្រាប់​ពេល​នេះ មាន​សញ្ញា​តិច​តួច​ណាស់​ដែល​ថា​ការ​តវ៉ា​នឹង​ថម​ថយ​ទៅ​វិញ​ បន្ទាប់​ពី​​​អំពើ​ហិង្សា​​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​ទី​ក្រុង​តូច​ធំ​នានា​រាប់​សិប​កន្លែង​រហូត​ដល់​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ថា​រដ្ឋាភិបាល​អាច​នឹង​ទប់​​ទល់​នឹង​បាតុ​កម្ម​នេះ​មិន​ជាប់​ទេ​។​ ឆ្លើយ​តប​ទៅ​នឹង​ភាពចលា​ចល​នេះ រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​បារាំង​បាន​បញ្ចេញ​កម្លាំង​នគរ​បាល​៧​ម៉ឺន​នាក់​ដើម្បី​ត្រៀម​ទប់​ទល់​នឹង​ចលនា​បាតុកម្ម​ដែល​ក្រុម​​សម្ព័ន្ធ​សិស្ស​​វិទ្យា​ល័យ​អះ​អាង​ថា​ធ្វើ​ឡើង​ដើម្បី​តវ៉ា​ថ្លៃ​ចំណាយ​លើ​ជីវភាព​ប្រចាំ​ថ្ងៃ​កាន់​តែ​ច្រើន​ឡើង​ៗ និង​ការ​កាត់​បន្ថយ​សេវា​សា​ធារណៈ​របស់​រដ្ឋ​៕ ប្រភព៖ Reuters​