ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ បុក​រថយន្ត​ឆ្លងផ្លូវ​របួស​២​នាក់ បង់២​ពាន់​ដុល្លារបញ្ចប់រឿង​

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ​១​គ្រឿង ​ដឹក​កុំព្យូទ័រ បាន​ជ្រុល​ទៅ​បុក​រថយន្ត​ភី​អាប់​ម៉ាក​នី​ស្សាន់​ ១​គ្រឿង ដែល​កំពុង​បើកបរ​ឆ្លងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង រីឯ​អ្នកបើកបរ​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួស។ ដោយឡែក​រថយន្ត​នី​ស្សាន់​នោះ​វិញ ​បាន​រង​ការ​ខូចខាត​ក្រពឹត​ទ្វារ​ខាងស្ដាំ​ទាំង​២ បន្ទាប់​មក​ម្ចាស់​រថយន្ត​នេះ​បាន​ចេញ​សំណង​ទៅ​ឲ្យ​ខាង​ភាគី​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ ចំនួន​២​ពាន់​ដុល្លារ​ជា​ការ​បញ្ចប់រឿង ។

ឧប្បត្តិហេតុ​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ២០២៦ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​មុខ​អតីត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

អ្នក​ឃើញ​ហេតុការណ៍​ខាងលើ​ បាន​និយាយ​ថា ជន​រង​គ្រោះ ​ដែល​រង​របួស​នៅ​ក្នុង​ឧប្បត្តិហេតុ​នោះមាន​ចំនួន​២​នាក់ គឺ​អ្នកបើកបរ​មូ​តូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​កុំព្យូទ័រ​ម្នាក់ និង​អ្នក​រួម​ដំណើរ​ជាមួយ​ម្នាក់។ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​បើកបរ​ និង​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ ១​គ្រឿង​ខាងលើ​ ដឹក​កុំព្យូទ័រ ច្រើន​គ្រឿង ធ្វើ​ដំណើរ​តាម​មហាវិថី​ សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​គួរសម​ដែរ ។

ប្រភព​ដដែល​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ចំណែក​រថយន្ត​ភី​អាប់​ម៉ាក​នី​ស្សាន់​ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​CH-3038 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​តាម​មហាវិថី ​សហព័ន្ធ​រុ​ស្ស៊ី​ដូច​គ្នា ក្នុង​ទិស​ដៅពី​លិចទៅ​កើត​បញ្ច្រាស់ទិស​គ្នា។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ រថយន្ត​នេះ ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ហើយ​ឆ្លង​ជិត​ផុត​ទៅ​ហើយ ក៏​ត្រូវ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ខាងលើ​វាក់​ឈប់​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ចំ​ទ្វារ​ខាងស្ដាំ​ ពេញទំហឹង​តែ​ម្ដង ។

ប្រភព​ខាងលើ ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ខណៈនោះ ​បាន​បណ្ដាល​ឲ្យ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​ប្រើ​ការ​លែង​កើត រីឯ​អ្នកបើកបរ ​និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួស។ ដោយឡែក​រថយន្ត​នី​ស្សាន់​ខូចខាត​ក្រពឹត​ទ្វារ​ខាងស្ដាំ​ទាំង​២​ផ្ទាំង ហើយ​ក្រោយ​ពេល​កើតហេតុ​អ្នក​រង​របួស​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ។ ​បន្ទាប់​មក​ នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ បាន​ឲ្យ​ភាគី​ទាំង​២​សម្របសម្រួល​គ្នា ហើយ​ខណៈនោះ​ម្ចាស់​រថយន្ត ក៏​បាន​ចេញ​សំណង​ដល់​ភាគី​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ចំនួន​២​ពាន់​ដុល្លារ ​ជា​ការ​បញ្ចប់រឿង ៕