ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ធ្វើការ​ជាមួយ​ភាគី​ថៃ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ពង្រឹងទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត ​ធ្វើការ​ជាមួយ​ភាគី​ថៃ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ពង្រឹងទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ​នេះ​បើ​តាម​សេចក្តីថ្លែងការណ៍របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ខួប​១​ឆ្នាំ នៃ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ ថ្ងៃ​ទី​២៦ ខែតុលា ​ឆ្នាំ​២០២៥ ​។

ថ្លែងការណ៍​បាន​លើក​ឡើង​ថា ក្នុង​ឱកាស​ខួប​១​ឆ្នាំ នៃ​ការ​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ (​ហៅ​ម្យ៉ាងទៀត ថា​ជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួ​) ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ដោយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ថៃ ដោយ​មាន​ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​-​អាម៉េរិក និង​ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ធ្វើ​ជា​សាក្សី ក្រសួងការបរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​កម្ពុ ចំពោះ​សេចក្តីថ្លែងការណ៍​រួម​នេះ និង​ចំពោះ​ការ​ស្វែងរក​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា និង​ថៃ ​។

កម្ពុជា​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​បទ​ឈប់​បាញ់ និង​ការ​អនុវត្ត​ស្មារតី​នៃ សេចក្តីថ្លែងការណ៍​នេះ​ដោយ​សុ​ឆន្ទៈ​។ ក្នុង​ន័យ​នេះ កម្ពុជា​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​ដោះ ស្រាយ​វិវាទ​ព្រំដែន និង​ការ​ខណ្ឌសីមា​ព្រំដែន​ដោយ​សន្តិវិធី និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ដោយ​ចៀសវាង​ការ គំរាមកំហែង ឬ​ការ​ប្រើប្រាស់​កម្លាំង ឬ​សកម្មភាព​បង្កហេតុ​ណាមួយ ​។

កម្ពុជា​ទទួលស្គាល់​សារៈសំខាន់​នៃ គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC) គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) និង​គណៈកម្មការ​ចម្រុះ ខណ្ឌសីមា​ព្រំដែន​គោក (JBC) ជា​យន្តការ​ទ្វេភាគី​ដើម្បី​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ព្រំដែន​ដោយ​សន្តិវិធី ស្រប​តាម​អាណត្តិ​នៃ​យន្តការ​នីមួយ​ៗ ។

ក្នុង​ការ​ធ្វើការ​ប្រកបដោយ​ការ​ស្ថាបនា រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញលេញ ជាមួយ​ភាគី​ថៃ ដោយ​មានការ​គាំទ្រ និង​ចូលរួម​ជា​បន្តបន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក ព្រមទាំង​ដៃគូ​ផ្សេង​ទៀត ជា​ពិសេស អាស៊ាន និង​រាល់​សមាជិក​នៃ​សហគមន៍​អន្តរជាតិ ដែល​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ដើម្បី​ធានា​បាន​នូវ​ការ អនុវត្ត​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួ ឱ្យ​បាន​ពេញលេញ និង​ស្មោះត្រង់ ព្រមទាំង​ដើម្បី ប្រែក្លាយ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​សន្តិភាព​យូរអង្វែង​ឱ្យទៅ​ជា​ការ​ពិត​ជាក់ស្តែង សម្រាប់​ប្រជាជន​កម្ពុជា និង​ថៃ ​។

ថ្លែងការណ៍​បាន​បញ្ជាក់​ថា​៖”​កម្ពុជា​សូម​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​សហរដ្ឋ​អាម៉េរិក ម៉ា​ឡេ​ស៊ី និង​អាស៊ាន ព្រមទាំង​ដៃគូ ផ្សេង​ទៀត ដែល​បាន​ចូលរួម​ដើរតួ​នាទី​ប្រកបដោយ​ការ​ស្ថាបនា​ក្នុង​ការ​គាំទ្រ​ដល់​ការ​សន្ទនា និង​កិច្ច​ខិតខំ ប្រឹងប្រែង​សន្តិភាព​”​ ។

កម្ពុជា​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ធ្វើការ​ជាមួយ​ភាគី​ថៃ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ពង្រឹង ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ការពារ​ប្រជាជន​ស៊ី​វិល សម្រួល​ដល់​ការ​វិល​ត្រឡប់​ដោយ​សុវត្ថិភាព​របស់​ជន​ភៀស សឹក និង​លើកកម្ពស់​ស្ថិរភាព និង​វិបុលភាព​នៅ​តាម​បណ្តោយ​ព្រំដែន​រួម ​៕