ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថា​អ៊ុយ​ក្រែន​បន្ត​វា.យ​ប្រ.ហារ​ទី​ក្រុង​អូឡេស្គី​ទោះ​បី​បទ​ឈប់​បា.ញ់​ជិត​ចូល​ជា​ធរមាន​យ៉ាង​ណា​ក្ដី

1 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ចោទ​ប្រកាន់​ថា​អ៊ុយ​ក្រែន​នៅ​តែ​បន្ត​បាញ់​កាំ​ភ្លើង​ធំ​ចូល​ទី​ក្រុង​អូឡេស្គី (Oleskhy)​ និង​បញ្ជូន​ដ្រូន​ទៅ​វាយ​ប្រហារ​ទី​ក្រុង​​ដែល​គ្រប់​គ្រង​ដោយ​កង​ទ័ព​​​រុស្ស៊ី​មួយ​នេះ​ជា​ហូរ​ហែ​រហូត​ទៅ​ទល់​នឹង​​​​ពេល​កៀក​​​អនុ​វត្ត​បទ​ឈប់​បាញ់​​ដែល​នឹង​ចាប់​ផ្ដើម​​នៅ​សប្ដាហ៍​នេះ​។ រុស្ស៊ី​អះ​អាង​បន្ត​ទៀត​ថា​សកម្ម​ភាព​នេះ​ធ្វើ​ឱ្យ​រំខាន​ការ​បំពេញ​ការ​ងារ​របស់​ភ្នាក់​ងារ​មនុស្ស​ធម៌​ក្នុង​ការដឹក​ជញ្ជូន​ស្បៀង​អាហារ​, ថ្នាំ​ពេទ្យ និង​រា​រាំង​ប្រជា​ជន​រស់​នៅ​ក្នុង​ទី​ក្រុង​​នេះ​មិន​ឱ្យ​ចាក​ចេញ​ទៅ​ខាង​ក្រៅ​។

កាល​ពី​ថ្ងៃ​សុក្រ​ អ៊ុយ​ក្រែន និង​រុស្ស៊ី​ប្រកាស​​ថា​ពួក​គេ​ឯក​ភាព​ទទួល​យក​បទ​ឈប់​បាញ់​នៅ​ទី​ក្រុង​អូ​ឡេស្គី (Oleshky) (ដែល​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា​ត​ទៅ​) ដើម្បី​អនុ​ញ្ញាត​ឱ្យ​ដឹក​ជំនួយ​ចូល​ទី​ក្រុង​​នេះ​ផង​ និង​អនុញ្ញាត​ឱ្យ​ប្រជា​ជនដែល​រស់​​នៅ​ក្នុង​ទី​ក្រុង​នេះ​ និង​ដែល​ចង់​ចាក​ចេញ​ពី​ទី​នោះ​អាច​ចាក​ចេញ​ទៅ​បាន​​ ​ដោយ​ធ្វើ​ដំណើរ​តាម​ច្រក​របៀង​សុវត្ថិ​ភាព​​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ចេញ​សេចក្ដី​ប្រកាស​ថា​អ៊ុយ​ក្រែន​វាយ​ប្រហារ​ដោយ​កាំ​ភ្លើង​ធំ​ចំនួន​១៨​ដង​ និង​បញ្ជូន​ដ្រូន​​ជាង​​១២០​គ្រឿង​​ទៅ​វាយ​ប្រហារ​ទី​ក្រុង​នេះ និង​ច្រក​ផ្លូវ​សំខាន់​ៗនៃ​​តំបន់​ខ្សែ​ក្រវាត់​ក្រុង​​​។

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ ប្រជា​ជន​អ៊ុយ​ក្រែន​ដែល​ទើប​តែ​ចាក​ផុត​ពី​ទី​ក្រុង​អូ​ឡេ​ស្គី​ប្រមើល​មើល​បទ​ឈប់​បាញ់​ដែល​ជួយ​សម្រប​សម្រួល​ដោយ​អាមេរិក​នោះ​ហាក់​ដូច​ជា​មិន​ទាន់គួរ​ឱ្យ​​ជឿ​ទុក​ចិត្ត​ទាំង​ស្រុង​ទេព្រោះ​មិន​ដឹង​ថា​ពេល​ខាង​មុខ​នឹង​ទៅ​ជា​យ៉ាង​ណា​​។ អ្នក​ខ្លះ​ប្រាប់​ថា​ពួក​គេ​សុខ​ចិត្ត​ប្រថុយ​ចាក​ចេញ​ពី​ទី​ក្រុង​នេះ​ជា​មួយ​កូន​ ប្រពន្ធ និង​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ដើម្បី​ព្យាយាម​ស្វះ​ស្វែង​រក​ជីវិត​ដែល​ប្រសើរ​ជាង​នោះ​ព្រោះ​បន្ត​សំកុក​នៅ​ទី​នោះ​ទៀត​អាច​ប្រឈម​នឹង​​​ការ​ដាច់​ពោះ​ស្លាប់​។

ប្រភព​ខ្លះ​ថា​ប្រជា​ជន​រស់​នៅ​ទី​ក្រុង​នោះ​ត្រូវ​តែ​បង្ខំ​ចិត្ត​ដាំ​បន្លែ​ ចិញ្ចឹម​សត្វ​។ល។​ ដើម្បី​ដោះ​ស្រាយ​ជីវ​ភាព​ប្រចាំ​ថ្ងៃ​ ហើយ​ម៉្យាង​ទៀត​ត្រូវ​រស់​នៅ​ក្នុង​ការ​ភ័យ​ខ្លាច​ជាប់​ជា​ប្រចាំ​ដោយ​សារ​ការ​ប្រយុទ្ធ​គ្នា​។ បន្ទាប់​ពី​ហែល​ឆ្លង​ស្ថាន​ភាព​លំបាក​វេទនា​ឆ្លង​កាត់​ប្រទេស​រុស្ស៊ី​ផង និង​បេឡារូស​ផង​ទម្រាំ​ចូល​ទៅ​ក្នុង​តំបន់​ដែល​គេច​ចេញ​ពី​ការ​ប្រយុទ្ធ​គ្នា​នៅ​អ៊ុយ​​ក្រែន​ ពួក​គេ​ប្រមើល​មើល​​បទ​ឈប់​បាញ់​នេះ​នៅ​ក្នុង​ភាព​ទុទិដ្ឋិ​និយម។ ពួកគេ​មិន​សូវ​មាន​សង្ឃឹម​ថា​បទ​ឈប់​បាញ់​នេះ​អាច​មាន​អាយុ​កាល​យូរ​អង្វែង​នោះ​​ឡើយ​​​។ អ្នក​ដែល​បន្ត​រស់​នៅ​ទី​ក្រុង​អូឡេស្គី​ភាគ​ច្រើន​ជា​មនុស្ស​ចាស់​ជរា​ ឬ​អ្នក​មាន​ជំងឺ​តម្កាត់​ជាប់​ខ្លួន​។ ហេតុ​នេះ វា​ជា​រឿង​ដ៏​ពិបាក​សម្រាប់​ពួក​គាត់​ក្នុង​ការ​ធ្វើ​បម្លាស់​ទី​ទៅ​កាន់​​ទី​កន្លែង​ដទៃ​។

អ៊ុយ​ក្រែន និង​រុស្ស៊ី​ដាក់​ការ​ស្ដី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​និយាយ​យក​​ត្រូវ​រៀង​ខ្លួន​ពាក់​ព័ន្ធ​នឹង​វិបត្តិ​មនុស្ស​ធម៌​នៅ​ទី​ក្រុង​អូឡេ​ស្គី​។ ដ្រូន​ជា​គ្រោះ​គំរាម​កំហែង​ដ៏​ធំ​បំផុត​ទៅ​លើ​អាយុ​ជីវិត​របស់​ជន​ស៊ីវិល​ ហើយ​ទី​ក្រុង​នេះ​ស្ថិត​នៅ​ចម្ងាយ​ដែល​ដ្រូន​អាច​វាយ​ប្រហារ​ទៅ​ដល់​ពី​ខាង​រុស្ស៊ី​ផង និង​អ៊ុយ​ក្រែន​ផង​។ ដោយ​សារ​ម៉្យាង​អស់​ស្បៀង​អាហារ​ និង​ម៉្យាង​ទៀត​ច្រក​ផ្លូវ​ទៅ​ភាគ​ខាង​ត្បូង​ជា​ផ្លូវ​ទ័ល​នឹង​ទន្លេ​​ឌីនី​ប្រូ (Dnipro) ម៉្លោះ​ហើយ​ អ្នក​ខ្លះ​ដាច់​ចិត្ត​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ចម្ងាយ​ម្ភៃ​គីឡូ​ម៉ែត្រ​ទៅ​រក​ភូមិ​ដែល​នៅ​កៀក​ជាង​គេ​ដើម្បី​ប្រមូល​ស្បៀង​ និង​ទឹក​ស្អាត​យក​ទៅ​ស្តុក​ទុក​។ ការ​ធ្វើ​ដំណើរ​របៀប​នេះ​ពោរ​ពេញ​ដោយ​ការ​ហត់​នឿយ និង​គ្រោះ​ថ្នាក់​ណាស់​។ អ្នក​ស្រុក​នៅ​ទី​នោះ​ហៅ​ឈ្មោះ​ការ​ធ្វើ​ដំណើរ​នេះ​ថា​ «ផ្លូវ​មរណៈ​»៕ ប្រភព៖ ​Reuters