រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន១៣នាក់ ប្រព្រឹត្តបទល្មើសចំនួន ៦ករណី ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ កំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលព្រហ្មទណ្ឌនៅតាមបណ្តាខណ្ឌនានា បង្ក្រាបបានជាបន្តបន្ទាប់នៅក្នុងរយៈពេល ៤ថ្ងៃ ហើយយកមកបង្ហាញមុខជាសាធារណៈរួមគ្នា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ រួមជាមួយវត្ថតាងមួយចំនួន ។
តាមរបាយការពីផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់, កម្លាំង នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់, កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងនគរបាលព្រហ្មទណ្ឌនៅតាមអធិកាដ្ឋាននគរបាលខណ្ឌនានា បានធ្វើការស្រាវជ្រាវនៅក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ តុលា ដល់ថ្ងៃទី ២៦ តុលា ២០២៦ បង្ក្រាបបានបទល្មើសជាបន្តបន្ទាប់ចំនួន ៦ករណី ឃាត់ជនសង្ស័យចំនួន១៣នាក់ នៅក្នុងនោះ មានសារធាតុញៀន ៦នាក់ ។
តាមរបាយការបានអោយដឹងទៀតថា នៅក្នុងមាននោះ ករណីលួចចំនួន៣ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់, ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មរណភាពជនរងគ្រោះដោយប្រើដំបងដែកវ៉ៃស្លាប់ចំនួន១ករណី ឃាត់ខ្លួនជនសង្ស័យ ១នាក់, ករណីប៉ុនបងចាប់ជំរិត នឹងលួច មានស្ថានទម្ងន់ទោសដោយប្រើអាវុធខ្លី១ ករណីដោយ ឃាត់ខ្លួនជនជាតិចិន ២នាក់ មានសារធាតុញៀន និងករណីហិង្សា ដោយចេតនាទំនាស់វាយគ្នាជាក្រុមក្មេងទំនើង មានក្រុមលីអូហោះ, ជឹមបឹងសាឡាង, ធីមទឹកថ្លា១ ករណីឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ។
តាមនគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យទាំង១៣នាក់ នៅក្នុងនោះ នគរបាលខណ្ឌទួលគោក ឃាត់បានចំនួនពីរនាក់,នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបាន២នាក់, នគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនបាន១នាក់, នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ឃាត់ខ្លួនជនជាតិចិនជំរិតទារប្រាក់បាន២នាក់ និងនគរបាលព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន៦នាក់ ។
បន្ទាប់ពីបង្ហាញមុខ ជនសង្ស័យទាំង១៣នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ រាជធានីភ្នំពេញ ក៏ដូចជានគបាលព្រហ្មទណ្ឌនៅតាមបណ្ដាខណ្ឌ ដែលជាម្ចាស់ករណីស្រាវជ្រាវបង្ក្រាបបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕






ចែករំលែកព័តមាននេះ