ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ឥរិយាបថមិនល្អនៅកន្លែងធ្វើការ អាចបង្កភាពតានតឹង បាត់បង់ទំនុកចិត្ត និងធ្វើឱ្យបរិយាកាសការងារមិនល្អ។ មនុស្សខ្លះអាចមិនដឹងថា សកម្មភាពរបស់ខ្លួនកំពុងប៉ះពាល់ដល់អ្នកដទៃឡើយ។
ឥរិយាបថពុលទាំង ៥ រួមមាន ការនិយាយបំភ្លៃការពិតរហូតធ្វើឱ្យអ្នកដទៃសង្ស័យលើខ្លួនឯង ការកុហកដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះអ្នកដទៃ ការនិយាយចំអកឬប្រើពាក្យប្រមាថបែបលាក់លៀម ការនិយាយដើមគេ និងការប្រើពាក្យសម្ដីឬអំណាចគំរាមកំហែងអ្នករួមការងារ។
អាកប្បកិរិយាទាំងនេះអាចបណ្ដាលឱ្យកើតមានការមិនទុកចិត្ត ការឈ្លោះប្រកែក និងការបែកបាក់ក្នុងក្រុមការងារ។ ជាពិសេស ការមើលងាយ គំរាមកំហែង ឬធ្វើឱ្យអ្នកដទៃអាម៉ាស់ជាបន្តបន្ទាប់ មិនគួរត្រូវបានចាត់ទុកថាជាការលេងសើចឡើយ។
ដើម្បីដោះស្រាយ គួររក្សាភាពស្ងប់ស្ងាត់ និយាយដោយសុភាពតែច្បាស់លាស់ ផ្អែកលើការពិត និងជៀសវាងការតបតដោយពាក្យសម្ដីមិនល្អ។ ចំពោះការនិយាយដើមគេ គួរបញ្ឈប់ការចូលរួម និងមិនបន្តផ្សព្វផ្សាយរឿងផ្ទាល់ខ្លួនរបស់អ្នកដទៃ។
ប្រសិនបើបញ្ហាកើតឡើងដដែលៗ គួរកត់ត្រាហេតុការណ៍ និងរក្សាភស្តុតាងពាក់ព័ន្ធ។ បើមានការគំរាមកំហែង ឬធ្វើឱ្យមានអារម្មណ៍មិនមានសុវត្ថិភាព គួរស្វែងរកជំនួយពីប្រធានក្រុម អ្នកគ្រប់គ្រង ឬផ្នែកធនធានមនុស្ស ដើម្បីរក្សាបរិយាកាសការងារឱ្យមានការគោរព និងទុកចិត្តគ្នា៕
ចែករំលែកព័តមាននេះ