ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស កំហឹងជាអារម្មណ៍ធម្មតារបស់មនុស្ស ប៉ុន្តែបើគ្រប់គ្រងមិនបាន អាចធ្វើឱ្យយើងនិយាយស្តី ឬធ្វើអ្វីដែលនាំឱ្យសោកស្តាយនៅពេលក្រោយ។
មុនពេលកំហឹងកើនឡើង គួរសង្កេតមើលសញ្ញារបស់ខ្លួន ដូចជា បេះដូងលោតញាប់ មុខឡើងក្រហម ក្ដាប់ដៃ ឬនិយាយខ្លាំងៗ ព្រមទាំងឈ្វេងយល់ថា តើអ្វីជាមូលហេតុដែលធ្វើឱ្យខ្លួនខឹង។
នៅពេលខឹងខ្លាំង គួរផ្អាកការនិយាយ ឬការឆ្លើយតបសារមួយភ្លែត រួចដកដង្ហើមចេញចូលយឺតៗ។ បើនៅតែមិនទាន់ស្ងប់ គួរដកខ្លួនចេញពីស្ថានការណ៍បណ្ដោះអាសន្ន រហូតដល់អារម្មណ៍ធូរស្រាល។
ក្រោយពេលស្ងប់ចិត្ត គួរគិតពិចារណាឱ្យបានច្បាស់ មុននឹងឆ្លើយតប ដោយបែងចែករវាងការពិត និងការយល់ឃើញរបស់ខ្លួន។ ការស្តាប់អ្នកដទៃ និងការជ្រើសរើសពាក្យសមរម្យ អាចជួយកាត់បន្ថយជម្លោះ និងការប៉ះពាល់ដល់ទំនាក់ទំនង។
លើសពីនេះ ការគេងឱ្យគ្រប់គ្រាន់ ហាត់ប្រាណ ធ្វើសកម្មភាពដែលខ្លួនចូលចិត្ត និងពិភាក្សាជាមួយមនុស្សដែលទុកចិត្ត អាចជួយឱ្យគ្រប់គ្រងអារម្មណ៍បានប្រសើរឡើង។ បើកំហឹងកើតឡើងញឹកញាប់ រហូតប៉ះពាល់ដល់ការងារ ឬទំនាក់ទំនង គួរស្វែងរកជំនួយពីអ្នកជំនាញ៕
ចែករំលែកព័តមាននេះ